អ្នកស្រី Maria Corina Machado ទៅដល់ប្រទេសន័រវែស ដើម្បីទទួលពានរង្វាន់ណូបែលសន្តិភាព ទោះមានបម្រាបធ្វើដំណើររបស់អាជ្ញាធរវេណេហ្ស៊ុយអេឡា។ នេះបើតាមការចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន USA TODAY នៅថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ២០២៥។
យ៉ាងណា មេដឹកនាំគណបក្សប្រឆាំងវេណេហ្ស៊ុយអេឡា អ្នកស្រី Machado ដែលបានទៅដល់ប្រទេសន័រវែស ប៉ុន្មានម៉ោងក្រោយពិធីប្រគល់ពានរង្វាន់ណូបែលសន្តិភាពត្រូវបានទទួលដោយកូនស្រីរបស់អ្នកស្រី គឺនាង Ana Corina Sosa។ អ្នកស្រី Machado ចំណាយពេលជាង ១ឆ្នាំរស់នៅលាក់ខ្លួនជាមួយការហាមឃាត់ធ្វើដំណើរដោយអាជ្ញាធរវេណេហ្ស៊ុយអេឡា។
គណៈកម្មាធិការណូបែលន័រវែស បានប្រកាសពីការមកដល់របស់លោកស្រី Machado ដោយបញ្ជាក់ថា មុនមកដល់ទីក្រុង Oslo អ្នកស្រីសឹងតែគ្រោះថ្នាក់ដល់ជីវិត ព្រោះអ្នកស្រីមិនអាចធ្វើដំណើរតាមផ្លូវគោកទៅកាន់ប្រទេសជិតខាង ដើម្បីឡើងជិះយន្តហោះប្រទេសនោះទៅន័រវែស ដោយរដ្ឋអំណាចលោក ម៉ាឌូរ៉ូ បង្ខំឱ្យអ្នកស្រីជិះទូកឆ្លងកាត់មហាសមុទ្រការីបៀន ដោយមានចម្ងាយជាង ៥០គីឡូម៉ែត្រទៅកាន់ប្រទេសដែនកោះ Curaçao ទើបរកមធ្យោបាយចេញពីដែនកោះនោះទៀត ប៉ុន្តែមានការជួយពីសហរដ្ឋអាមេរិក។
លោក Kristian Berg Harpviken នាយកវិទ្យាស្ថានណូបែលសន្តិភាព ប្រាប់បណ្ដាញផ្សាយព័ត៌មាននៃ NRK ប្រទេសន័រវែស ថា នៅពេលពិធីប្រគល់ពានណូបែលកំពុងប្រព្រឹត្តទៅ អ្នកស្រី Machado មិនទាន់មកដល់ន័រវែស ទេ ហើយកូនអ្នកស្រី គឺនាង Ana Corina Sosa ត្រូវបានអនុញ្ញាតឱ្យឡើងមកទទួលពាននេះជំនួសម្ដាយ។ តែបណ្ដាញផ្សាយព័ត៌មាន USA TODAY ថាអ្នកស្រីបានទៅដល់ប្រទេសន័រវែស នៅល្ងាចថ្ងៃពុធ ទី១០ ធ្នូ។
លោក Harpviken នាយកវិទ្យាស្ថានណូបែលសន្តិភាព អះអាងថា រដ្ឋអំណាចលោក ម៉ាឌូរ៉ូ ហាមអ្នកស្រីចាកចេញពីប្រទេស តែអ្នកស្រីទៅដល់ន័រវែស ដោយសុវត្ថិភាព ក្រោយពីអ្នកស្រីប្រថុយគ្រោះថ្នាក់ខ្លាំងណាស់។
ទៅដល់ទីក្រុង Oslo អ្នកគាំទ្រ និងមេដឹកនាំប្រទេសមួយចំនួន រីករាយវត្តមានរបស់អ្នកស្រី Machado។ អ្នកស្រី Machado លើកដៃគ្រវីទៅកាន់អ្នកគាំទ្រយ៉ាងច្រើននាក់នៅក្រៅបរិវេណសណ្ឋាគារមួយនៅក្រុង Oslo។
អ្នកគាំទ្រស្រែកសួរអ្នកស្រីថា តើត្រឡប់ទៅវេណេហ្ស៊ុយអេឡា វិញទេ? អ្នកស្រីឆ្លើយថា ត្រូវតែត្រឡប់ទៅវិញ។ អ្នកគាំទ្រស្រែកទៅរកឈ្មោះអ្នកស្រីថា “Maria! Maria!” ហើយ “Freedom! Freedom!”។ ជាមួយគ្នានេះ មនុស្សជាច្រើនច្រៀងបទគោរពទង់ជាតិប្រទេសវេណេហ្ស៊ុយអេឡា។
អ្នកស្រី Machado អាយុ ៥៨ឆ្នាំ ត្រូវបានរដ្ឋាភិបាលប្រធានាធិបតី លោក Nicolas Maduro ហាមមិនឱ្យចាកចេញពីវេណេហ្ស៊ុយអេឡា ចាប់តាំងពីឆ្នាំ២០១៤។
ពានរង្វាន់ត្រូវបានគណៈកម្មាធិការណូបែលន័រវែស ផ្តល់ជូនអ្នកស្រី Machado សម្រាប់ការតស៊ូប្រឆាំងនឹងអ្វីដែលអង្គការពានរង្វាន់នេះហៅថាប្រឆាំងរបបផ្ដាច់ការដើម្បីសេរីភាព និងប្រជាធិបតេយ្យ។
នេះមិនមែនជាលើកទីមួយទេដែលជ័យលាភីរង្វាន់ណូបែលសន្តិភាព អ្នកទទួលពានមិនអាចបង្ហាញវត្តមានក្នុងពិធីប្រគល់ជ័យលាភីនៅក្រុង Oslo ប្រទេសន័រវែស។
ជាក់ស្ដែង អ្នកស្រី អ៊ុងសាន ស៊ូជី ដែលកាលពីឆ្នាំ១៩៩១ ក៏មិនមានវត្តមានដែរ រួមជាមួយសកម្មជនសិទ្ធិមនុស្សចិន លីវ ស៊ាវបូ កាលពីក្នុងឆ្នាំ២០១០ សកម្មជនសិទ្ធិមនុស្សជាតិបេឡារុស Ales Bialiatski ក្នុងឆ្នាំ២០២២ និងសកម្មជនសិទ្ធិមនុស្សអ៊ីរ៉ង់ Narges Mohammadi ក្នុងឆ្នាំ២០២៣ ជាដើម មិនមានវត្តមានដែរ។ ពួកគាត់សុទ្ធសឹងតែជាជ័យលាភីណូបែលដែលមិនអាចមកទទួលពានរង្វាន់ដោយផ្ទាល់ ព្រោះកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ។
ចំពោះជ័យលាភីណូបែលសន្តិភាពឆ្នាំ២០២៥ អ្នកស្រី Machado ទោះជាមិនជាប់ឃុំឃាំងទេ ប៉ុន្តែអ្នកស្រីមិនអាចធ្វើដំណើរមកទាន់កម្មវិធី។
នៅពេលអញ្ជើញមកដល់ក្រុង Oslo នៅល្ងាចថ្ងៃទី១០ ធ្នូ គណៈកម្មាធិការណូបែលប្រកាសថាអាចនឹងធ្វើពិធីជាមួយអ្នកស្រី Machado ដែលអ្នកមុខអ្នកការ និងមានទាំងប្រធានាធិបតី នាយករដ្ឋមន្ត្រី ចូលរួមមកជួបនឹងអ្នកស្រីផងដែរ។
ក្នុងពិធីប្រគល់ពានរង្វាន់ណូបែលសន្តិភាពជាផ្លូវការ ប្រធានគណៈកម្មការណូបែលបានប្រកាសជំរុញឱ្យលោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា គោរពលទ្ធផលឆ្នោត និងចុះចេញពីតំណែងដែលជនផ្ដាច់ការម្នាក់នេះបានកាន់កាប់តាំងពីឆ្នាំ២០១៣ មក ដោយការលួចបន្លំការបោះឆ្នោត និងចាប់ដាក់គុកអ្នកនយោបាយដែលចេញមុខខ្លាំងប្រកួតនឹងគាត់។
នៅក្នុងសុន្ទរកថាដែលអានដោយកូនស្រីរបស់អ្នកស្រី Machado នាង Ana Corina Sosa បានបរិហាររបបកាន់អំណាចនៅវេណេហ្ស៊ុយអេឡា ដោយហៅលោក នីកូឡាស ម៉ាឌូរ៉ូ ជាមេដឹកនាំរដ្ឋភេរវកម្មគ្រឿងញៀន ដែលមានគោលដៅបិទខ្ទប់ឆន្ទៈពលរដ្ឋ និងជារបបប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ តាមរយៈទង្វើចាប់ខ្លួន ធ្វើទារុណកម្ម និងតាមប្រមាញ់សកម្មជនបក្សប្រឆាំង។
សម្រាប់អ្នកស្រី Machado ជ័យលាភីនេះបានសន្យាតស៊ូប្រយុទ្ធប្រឆាំងដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយសន្យាត្រឡប់ទៅមាតុភូមិកំណើតអ្នកស្រីវិញ៕
© 2025, . All rights reserved.