អ្នកសង្កេតការណ៍អំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូប គាំទ្ររដ្ឋាភិបាល និងកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងបរទេសឈ្លានពានតាមគ្រប់ទម្រង់ និងលទ្ធភាពដែលមាន ព្រោះគ្មានមិត្តណាល្អជាងជនរួមជាតិដែលមានឈាមជ័រជាខ្មែរនោះទេ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ធ្នូ នេះថា សន្តិភាពអាចមានទៅបាន គឺសម្រាប់ប្រទេសខ្លាំងតែប៉ុណ្ណោះ ពីព្រោះប្រទេសទន់ខ្សោយគ្មានតម្លៃសម្រាប់សណ្ដាប់ធ្នាប់របស់ពិភពលោកទេសព្វថ្ងៃនេះ។
ជាក់ស្តែង ប្រទេសដែលលក់យន្តហោះចម្បាំង និងអាវុធយុទ្ធភណ្ឌឱ្យប្រទេសថៃ មិនហ៊ានចេញមុខអន្តរាគមន៍ទេ ព្រោះទ្រឹស្ដីសេដ្ឋកិច្ច អតិថិជនគឺជាស្ដេច ខណៈថៃ គឺជាអតិថិជនដែលមានលុយ ប៉ុន្តែពេលខ្លះអ្នកលក់អាវុធឱ្យថៃ ទាំងនោះ បានត្រឹមលួងលោមប្រទេសកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារអាវុធដែលពួកគេបានផលិតប៉ុណ្ណោះ។
លោក សេក សុជាតិ លើកឡើងថា ប្រទេសដែលទន់ខ្សោយកម្លាំងទ័ព និងអាវុធ គ្មានប្រទេសណាចង់ជួយទេ ព្រោះពួកគេរវល់គិតគូរពីផលប្រយោជន៍ជាតិរបស់គេដែរ ដូច្នេះបើពលរដ្ឋខ្មែរគ្រប់គ្នាមិនជួយខ្លួនឯងទេ កុំសង្ឃឹមថាមានអ្នកដទៃណាមកជួយកម្ពុជាឱ្យសោះ។
អ្នកឃ្លាំមើលសង្គមរូបនេះ អំពាវនាវឱ្យខ្មែររួបរួមសាមគ្គីគ្នាក្នុងនាមឈាមជ័រជាខ្មែរតែមួយ ដើម្បីប្រឆាំងជាមួយបរទេសឈ្លានពានដែលកំពុងសម្លាប់ប្រជាជាតិខ្មែរដ៏ស្លូតត្រង់នាពេលនេះ និងរក្សាគោលជំហររួមគ្នាតែមួយ ដើម្បីពហិការឈប់ទិញទំនិញប្រទេសថៃ គ្រប់ប្រភេទបន្តទៀត រួមទាំងបញ្ឈប់ការនាំចូលទំនិញពីប្រទេសឈ្លានពានផងដែរ។
លោក សេក សុជាតិ ស្នើឱ្យរដ្ឋាភិបាលកម្ពុជា ប្តឹងថៃ ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីឱ្យប្រទេសថៃ ងាកមកគោរពច្បាប់អន្តរជាតិ និងសិទ្ធិមនុស្សជាសកលសាឡើងវិញ និងដើម្បីឱ្យពួកគេត្រូវទទួលខុសត្រូវចំពោះអំពើដែលបានប្រព្រឹត្តមកលើប្រជាជនខ្មែរស្លូតត្រង់ និងប្រទេសកម្ពុជា។
ការអះអាងនេះ ធ្វើឡើងដើម្បីជំរុញឱ្យជាតិខ្មែររួបរួមគ្នាជាកម្លាំងដើម្បីទប់ទល់សត្រូវឈ្លានពាននាពេលនេះ។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១០ ខែធ្នូ នេះថា ដើម្បីឱ្យមានការរួបរួមរវាងខ្មែរនិងខ្មែរ រដ្ឋាភិបាលចាំបាច់ត្រូវដោះលែងអ្នកទោសមនសិការទាំងអស់ ដូចជាសកម្មជនសង្គម និងអ្នកនយោបាយ ជាដើម។
លោក ម៉ែន ណាត លើកឡើងថា កត្តាដែលនាំឱ្យមានការរួបរួមកម្លាំងសាមគ្គីជាតិខ្មែរ ត្រូវចាប់ផ្តើមដោយបក្សកាន់អំណាច រីឯការរួបរួមពិតប្រាកដ មិនមែនត្រឹមតែនិយាយនឹងមាត់ដូចពេលកន្លងមកនោះទេ ដែលរដ្ឋាភិបាលប្រកាសរួបរួមហើយ តែនៅបន្តចាប់អ្នកដែលមានទស្សនៈមិនស្របនឹងខ្លួនដាក់គុក ឬចាប់ជំរិតក្រុមប្រឆាំងឱ្យចុះចូលជាមួយខ្លួនថែមទៀតនោះ។
អ្នកឃ្លាំមើលសង្គមរូបនេះ បញ្ជាក់ថា ក្នុងពេលដែលសង្គ្រាមកម្ពុជា-ថៃ ផ្ទុះឡើងនាពេលនេះ ពលរដ្ឋខ្មែរមានស្មារតីរួបរួមរួចស្រេចទៅហើយ តែបញ្ហានៅត្រង់ថា តើរដ្ឋាភិបាលអាចប្រមូលស្មារតីនៃការរួបរួមនេះបានឬក៏អត់តែប៉ុណ្ណោះ។
ចំណែកប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថាក្នុងស្ថានភាពដែលប្រទេសជាតិកំពុងប្រឈមនឹងឧបសគ្គដ៏ផុយស្រួយនេះ អ្នកដឹកនាំ និងអ្នកនយោបាយ ត្រូវតែបើកចំហឱ្យមានការជជែកគ្នាក្រោមលក្ខខណ្ឌសមស្របមួយ តែមិនមែនជាការរួបរួមដើម្បីបក្សណាមួយ ឬក្រុមណាមួយនោះទេ។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវអំពីការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ ធ្នូ ដោយចាត់ទុកការបែកបាក់សាមគ្គីជាតិ គឺជាជំងឺសង្គមដ៏ធំមួយដែលត្រូវព្យាបាលជាបន្ទាន់។
បណ្ឌិត មាស នី ជឿជាក់ថា បើកម្ពុជាអាចព្យាបាលជំងឺនេះបាន នោះកម្ពុជាក៏អាចយកឈ្នះលើសត្រូវឈ្លានពាននាពេលនេះបានដែរ ទោះប្រទេសថៃ មានប្រជាជន ៧០លាននាក់ ក្នុងពេលដែលកម្ពុជា មានប្រជាជនត្រឹមតែជាង ១៧នាក់ក៏ដោយ។
ជាក់ស្តែង ប្រទេសអ៊ីស្រាអែល មានប្រជាជនជាង ១០លាននាក់ តែអាចតទល់ជាមួយប្រទេសអារ៉ាប់ ទាំង៥ ដែលមានមនុស្សសរុបរហូតទៅដល់ ១៧០លាននាក់នោះ។ ចំណែកប្រទេសអ៊ុយក្រែន ដែលមានប្រជាជន ៤០លាននាក់ តែអាចប្រយុទ្ធជាមួយមហាយក្សរុស្ស៊ី ដែលមានប្រជាជនរហូតដល់ ១៤៣លាននាក់ដែរ ដូច្នេះកម្ពុជា ក៏អាចធ្វើបានដែរ តែត្រូវព្យាបាលជំងឺខ្លួនឯងឱ្យជាមុនសិន៕
© 2025, . All rights reserved.