អ្នកស្រី Maria Corina Machado មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង Oslo ប្រទេស​ន័រវែស កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៥។ (រូបថត៖ AP)

ព័ត៌មានអន្តរជាតិ

មេ​បក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ថា​មេដឹកនាំ​ផ្ដាច់ការ​ត្រូវតែ​បញ្ចប់ ទោះ​វិធី​ណា​ក៏ដោយ

By ឌឹ ខេមបូឌា ដេលី

December 17, 2025

ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​លើក​ទី​ពីរ បន្ទាប់ពី​បាន​លាក់​ខ្លួន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ មេដឹកនាំ​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado បាន​អះអាង​ថា តំណែង​ប្រធានាធិបតី​របស់​លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) នឹង​ត្រូវ​បញ្ចប់ ទោះជា​តាម​មធ្យោបាយ​ណា​ក៏ដោយ។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង Oslo ប្រទេស​ន័រវែស អ្នកស្រី Machado បាន​បញ្ជាក់​ថា អ្នកស្រី​នៅតែ​រក្សា​សេចក្តី​សង្ឃឹម​ថា​ការ​ផ្លាស់ប្ដូរ​អំណាច​នយោបាយ​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា អាច​កើតឡើង​ដោយ​សន្តិភាព។

អ្នកស្រី​បាន​និយាយ​ជា​ភាសា​អេស្ប៉ាញ ថា៖ «ម៉ាឌូរ៉ូ នឹង​ចាកចេញ​ពី​អំណាច មិន​ថា​ត្រូវ​ធ្វើ​តាមរយៈ​ការ​ចរចា ឬ​មិន​ចរចា​ក៏ដោយ។ ខ្ញុំ​ផ្ដោត​លើ​ការ​ផ្លាស់ប្ដូរ​ដែល​មាន​សណ្ដាប់ធ្នាប់ និង​សន្តិភាព។»

សេចក្តី​ថ្លែងការណ៍​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ពេល​ដែល​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald Trump) កំពុង​បន្ត​ការ​ពង្រឹង​វត្តមាន​យោធា​របស់​ខ្លួន​នៅ​តំបន់​ការីបៀន ខណៈ​ភាព​តានតឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា នៅតែ​បន្ត​កើន​ឡើង។ រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក៏បាន​ចាត់​វិធានការ​ជាបន្តបន្ទាប់​ដូចជា បើក​ការ​វាយប្រហារ​ជាបន្តបន្ទាប់​លើ​ទូក​រត់ពន្ធ​គ្រឿងញៀន​នៅ​តំបន់​ការីបៀន។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោក ត្រាំ ក៏បាន​គំរាម​ជាបន្តបន្ទាប់​ថា នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​លើ​ទឹកដី​វេណេហ្ស៊ុយអេឡា ដោយ​លោក​អះអាង​ថា​វា​ជា​សកម្មភាព​ចាំបាច់ ដើម្បី​ទប់ស្កាត់​លំហូរ​គ្រឿងញៀន​ខុស​ច្បាប់​ចេញពី​ប្រទេស​នេះ​ចូល​ដែនដី​អាមេរិក។

ជា​ការ​ឆ្លើយតប ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បាន​ចោទប្រកាន់​រដ្ឋបាល​លោក ត្រាំ ថា​កំពុង​ព្យាយាម​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ខណៈ​ដែល​អ្នក​រិះគន់​មួយ​ចំនួន​បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​មាន​បំណង​វាយ​កាន់កាប់​អណ្ដូងប្រេង​របស់​វេណេហ្ស៊ុយអេឡា ឲ្យ​ក្រុមហ៊ុន​អាមេរិក និង​បណ្តា​ប្រទេស​លោកខាងលិច។

អ្នកស្រី Maria Corina Machado ដែល​នៅតែ​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​តំបន់​អាមេរិក​ឡាទីន ប៉ុន្តែ​ត្រូវ​បាន​រារាំង​មិន​ឱ្យ​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ​២០២៤ ត្រូវ​បាន​មើល​ឃើញ​ថា​ជា​បេក្ខជន​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតុន ពេញចិត្ត ដើម្បី​ជំនួស​លោក ម៉ាឌូរ៉ូ។ គណបក្ស​ប្រឆាំង​បាន​អះអាង​ថា បេក្ខជន​ជំនួស​លោកស្រី Machado គឺ​លោក Edmundo González ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៤ យ៉ាង​លើសលប់​លើ​គណបក្ស​លោក ម៉ាឌូរ៉ូ។

អ្នកស្រី Machado បាន​ពិពណ៌នា​សកម្មភាព​របស់​លោក ត្រាំ ថា​ជា «ការ​សម្រេច​ចិត្ត​យ៉ាង​ដាច់ខាត» ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ម៉ាឌូរ៉ូ ចុះ​ខ្សោយ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ លោកស្រី​បាន​បង្ហាញ​ការ​យល់ឃើញ​កាន់តែ​ខ្លាំង​អំពី​ការ​រំពឹង​ទុក​នៃ​សកម្មភាព​យោធា​លើ​ទឹកដី​វេណេហ្ស៊ុយអេឡា ដោយ​បាន​ថ្លែង​ថា ប្រទេស​វេណេហ្ស៊ុយអេឡា «ត្រូវ​បាន​គេ​ឈ្លានពាន​រួច​ហើយ»។

អ្នកស្រី​បាន​អះអាង​ថា៖ «យើង​មាន​ភ្នាក់ងារ​រុស្ស៊ី ភ្នាក់ងារ​អ៊ីរ៉ង់ និង​ក្រុម​ដែល​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ក្រុម​ភេរវកម្ម ដូចជា ហេសបូឡា និង​ហាម៉ាស ដែល​ប្រតិបត្តិការ​ដោយ​សេរី​នៅ​ក្រោម​របប​លោក ម៉ាឌូរ៉ូ។ បន្ថែម​ពី​នេះ ក៏​មាន​ក្រុម​ទ័ព​ព្រៃ​ពី​កូឡុំប៊ី និង​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​ផង​ដែរ។»

កាលពី​ថ្ងៃ​សុក្រ ទី​១១ ធ្នូ អ្នកស្រី Machado បាន​ព្យាករណ៍​ថា កងកម្លាំង​ប្រដាប់​អាវុធ​វេណេហ្ស៊ុយអេឡា នឹង​អនុវត្ត​តាម​ដំណើរការ​ផ្លាស់ប្ដូរ​អំណាច ប្រសិនបើ​អាច​កើតមាន​ឡើង។

តាម​សម្ដី​ដើម​របស់​អ្នកស្រី៖ «ខ្ញុំ​មាន​ទំនុកចិត្ត​ថា កងកម្លាំង​ប្រដាប់​អាវុធ និង​ប៉ូលិស​ភាគច្រើន នឹង​គោរព​តាម​បញ្ជា និង​ការ​ណែនាំ​ភ្លាមៗ នៅ​ពេល​ការ​ផ្លាស់ប្ដូរ​របប​ចាប់ផ្តើម ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​ថ្នាក់ដឹកនាំ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​អាជ្ញាធរ​ស៊ីវិល ដែល​ជ្រើសរើស​ដោយ​ប្រជាជន​វេណេហ្ស៊ុយអេឡា តាមរយៈ​ដំណើរការ​ត្រឹមត្រូវ។»

ទោះជា​យ៉ាងណា អ្នកជំនាញ​បាន​ព្រមាន​ថា ការ​ផ្លាស់ប្ដូរ​អំណាច​ណា​មួយ​នឹង​ត្រូវការ​ការ​ចរចា​ដោយ​ប្រុងប្រយ័ត្ន​ជាមួយ​មន្ត្រី​នយោបាយ និង​មន្ត្រី​យោធា ដើម្បី​ជៀសវាង​ការ​កើតមាន​ជម្លោះ​ផ្ទៃក្នុង និង​អស្ថិរភាព​ក្នុង​ប្រទេស។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកស្រី Francesca Emanuele សហការី​គោលនយោបាយ​ជាន់ខ្ពស់​អំពី​អាមេរិក​ឡាទីន នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច និង​គោលនយោបាយ (CEPR) បាន​លើកឡើង​ថា មនោគមវិជ្ជា Chavismo របស់​រដ្ឋាភិបាល​លោក នីកូឡាស ម៉ាឌូរ៉ូ ដែល​បាន​ដាក់​ឈ្មោះ​តាម​អតីត​ប្រធានាធិបតី Hugo Chávez នៅតែ​ជា​កម្លាំង​នយោបាយ​ដ៏​រឹងមាំ​មួយ​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា ប៉ុន្តែ​អ្នកស្រី Emanuele មើល​ឃើញ​ថា បណ្ដាញ​ពុករលួយ និង​ប្រព័ន្ធ​ឧបត្ថម្ភ​ដែល​ចាក់​ឫស​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​ប្រទេស​អាមេរិក​ខាងត្បូង​មួយ​នេះ នឹង​ធ្វើ​ឱ្យ​មន្ត្រី​យោធា​ជាច្រើន​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្លាស់ប្ដូរ​ភក្ដីភាព​នយោបាយ​ជាមួយ​លោក ម៉ាឌូរ៉ូ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «យោធា​នឹង​មិន​ចង់​ចាកចេញ​ពី​រដ្ឋាភិបាល ម៉ាឌូរ៉ូ ទេ ប្រសិនបើ​គ្មាន​ការ​លើកលែង​ទោស និង​គ្មាន​ការ​ចរចា។ ក្នុង​ករណី​នោះ យើង​អាច​ឃើញ​ស្ថានការណ៍​ដែល​គួរ​ឱ្យ​បារម្ភ​ខ្លាំង ដោយ​លោកស្រី​បាន​យោង​ទៅ​លើ​លទ្ធភាព​នៃ​ការ​អន្តរាគមន៍​យោធា​របស់​សហរដ្ឋ​អាមេរិក។»

យ៉ាងណា មិន​មាន​សញ្ញា​ណា​មួយ​បង្ហាញ​ពី​ការ​បន្ធូរបន្ថយ​សម្ពាធ​ឡើយ។ រដ្ឋបាល​លោក ត្រាំ នៅតែ​បង្ហាញ​ការ​បន្ថែម​សម្ពាធ​យោធា​ទៅ​លើ​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ម៉ាឌូរ៉ូ៕

© 2025, . All rights reserved.