គណបក្សក្រៅរដ្ឋាភិបាល អំពាវនាវឱ្យសាលាឧទ្ធរណ៍ភ្នំពេញ ទម្លាក់ចោលបទចោទលើលោក កឹម សុខា ដើម្បីផ្សះផ្សាជាតិក្នុងពេលបរទេសកំពុងឈ្លានពានខ្មែរ។
ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក យ៉ែម បុញ្ញឫទ្ធិ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៦ ធ្នូ នេះថា ក្នុងពេលដែលប្រទេសជាតិកំពុងរងនូវការឈ្លានពានពីប្រទេសថៃ នាពេលនេះ ការផ្សះផ្សារវាងខ្មែរនិងខ្មែរ ដើម្បីឯកភាពជាតិក្នុងការទប់ទល់នឹងសត្រូវឈ្លានពាន គឺជាកត្តាចម្បងបំផុតសម្រាប់កម្ពុជា។
មន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលរូបនេះ អះអាងថា ក្នុងស្ថានភាពប្រឈមនាពេលនេះ កម្ពុជាមិនអាចខ្វះការកសាងកម្លាំងផ្ទៃក្នុងជាតិពីគ្រប់និន្នាការនយោបាយ ដើម្បីប្រមូលផ្ដុំកម្លាំងជាតិតែមួយប្រឆាំងសត្រូវឈ្លានពានឡើយ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា ដើម្បីកសាងកម្លាំងជាតិតែមួយ រាជរដ្ឋាភិបាលត្រូវតែទម្លាក់ចោលបទចោទលើអ្នកទោសមនសិការទាំងអស់ ជាពិសេសទម្លាក់ចោលបទចោទលើមេដឹកនាំប្រឆាំង លោក កឹម សុខា ដើម្បីប្រមូលកម្លាំងអ្នកស្នេហាជាតិពីគ្រប់ទិសទីមកជាកម្លាំងជាតិតស៊ូតែមួយ ដើម្បីប្រឆាំងសត្រូវឈ្លានពាន។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញ គ្រោងបើកសវនាការលើសំណុំរឿងលោក កឹម សុខា ពីបទក្បត់ជាតិនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា សាលាឧទ្ធរណ៍ភ្នំពេញ បានចេញដីកាកោះបង្គាប់ឱ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលសវនាការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះលើសំណុំរឿង សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស។
ដីកាកោះដដែលបញ្ជាក់ថា សវនាការនេះជំនុំជម្រះលើសំណុំរឿង ក្បត់ជាតិ ដែលបានប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ជុំវិញបញ្ហានេះ គណបក្សប្រជាធិបតេយ្យជឿនលឿន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៥ ខែធ្នូ នេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាល និងតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងលោក កឹម សុខា ព្រមទាំងសកម្មជននយោបាយ និងសកម្មជនបរិស្ថានឱ្យមានសេរីភាពឡើងវិញដើម្បីឱ្យពួកគេចូលរួមចំណែកការពារប្រទេសជាតិ។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ និងដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិតពីបទ សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស។
បទ សន្ទិដ្ឋិភាព ឬអំពើក្បត់ជាតិរបស់លោក កឹម សុខា ត្រូវតុលាការក្រុងភ្នំពេញចោទភ្ជាប់ជាមួយសហរដ្ឋអាមេរិក ថាជាមេគំនិតនៅពីក្រោយខ្នង ក្នុងនោះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងវិទ្យាស្ថានសាធារណរដ្ឋខាងកិច្ចការអន្តរជាតិ (IRI) ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា ចោទថាបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្បត់ជាតិនេះដែរ។
យ៉ាងណាក៏ដោយ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងអាណត្តិទី១ របស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ធ្លាប់បានសរសេរលិខិតទៅកាន់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយបញ្ជាក់ថា សហរដ្ឋអាមេរិក មិនជាប់ពាក់ព័ន្ធក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ជាមួយលោក កឹម សុខា ឡើយ៕
© 2025, . All rights reserved.