សាលាឧទ្ធរណ៍ក្រុងភ្នំពេញ សម្រេចលើកពេលសវនាការសំណុំរឿងសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទៅដើមឆ្នាំក្រោយវិញ។
សាលាឧទ្ធរណ៍ក្រុងភ្នំពេញ បានចេញលិខិតជូនដំណឹងកាលពីថ្ងៃទី១៦ ខែធ្នូ ដែលទើបនឹងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៧ ធ្នូ នេះថា សំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា ដែលគ្រោងនឹងបើកសវនាការជំនុំជម្រះនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ នឹងត្រូវលើកពេលទៅដើមឆ្នាំ២០២៦ វិញ។
ដីកាពន្យារពេលសវនាការសំណុំរឿងលោក កឹម សុខា ត្រូវបានធ្វើឡើងជាច្រើនលើកច្រើនសាណាស់មកហើយចាប់តាំងពីសាលាដំបូង រហូតដល់សាលាឧទ្ធរណ៍ ក្នុងសំណុំរឿងដែលតុលាការបានចោទពីបទ ក្បត់ជាតិ មួយនេះ។
កាលពីថ្ងៃទី២៧ ខែវិច្ឆិកា សាលាឧទ្ធរណ៍បានចេញដីកាកោះបង្គាប់ឱ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចូលសវនាការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ លើសំណុំរឿង សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស។
ដីកាកោះដដែលបញ្ជាក់ថា សវនាការជំនុំជម្រះលើសំណុំរឿង «ក្បត់ជាតិ» ដែលបានប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ជុំវិញបញ្ហានេះ សហមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៧ ធ្នូ នេះថា កាលពីថ្ងៃទី១៥ ខែធ្នូ លោកបានជួបចៅក្រម និងក្រឡាបញ្ជីដោយចៃដន្យ ក្នុងនោះ លោកក៏បានសាកសួរអំពីសវនាការជំនុំជម្រះរឿងក្ដីរបស់លោក កឹម សុខា នៅថ្ងៃទី១៨ ខែធ្នូ នេះដែរ តែពួកគេអះអាងថា សវនាការនេះនឹងមិនលើកពេលទៀតទេ។
លោក ផែង ហេង បញ្ជាក់ថា ទើបតែព្រឹកថ្ងៃទី១៧ ខែធ្នូ នេះ ក៏មានដីកាជូនដំណឹងលើកពេលសវនាការដោយគ្មានបញ្ជាក់មូលហេតុតែម្តង ខណៈរូបលោកផ្ទាល់ដែលជាមេធាវីការពារក្តីលោក កឹម សុខា ក៏មិនបានដឹងមុនពីការលើកពេលសវនាការនេះដែរ ចំណែកចៅក្រម និងក្រឡាបញ្ជី ដែលបានអះអាងប្រាប់លោកកាលពីថ្ងៃអង្គារកន្លងទៅនោះ ក៏ប្រហែលជាអាចនឹងមិនបានដឹងមុនដូចគ្នាដែរ។
ចំណែកមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យជឿនលឿន និងជាអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន រីដា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៧ ធ្នូ នេះដែរថា ប្រសិនបើពន្យារពេលសវនាការរបស់លោក កឹម សុខា ត្រឹមតែម្តង នោះវាមិនមែនជាបញ្ហាទេ ព្រោះអាចមានធុរៈរវល់ប្រាកដមែន ប៉ុន្តែការពន្យារពេលនេះត្រូវបានធ្វើឡើងច្រើនដងណាស់មកហើយ ដូច្នេះថាតើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា គួរជាទីទុកចិត្តសម្រាប់ពលរដ្ឋរងគ្រោះទៀតដែរឬទេ ហើយថាតើឯណាទៅយុត្តិធម៌សម្រាប់លោក កឹម សុខា នោះ។
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទ សន្ទិដ្ឋិភាពជាមួយបរទេសដោយគប់គិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយអស់មួយជីវិតផងដែរ។
យ៉ាងណាក៏ដោយ លោក កឹម សុខា បានបង្ហាញមុខជាសាធារណៈជាលើកដំបូងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធកងទ័ព ដែលបានពលីនៅក្នុងសមរភូមិតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចេញមុខអន្តរាគមន៍ឱ្យមានបទឈប់បាញ់ជុំវិញសង្គ្រាមកម្ពុជា-ថៃ កាលពីចុងខែកក្កដា កន្លងទៅ។
បទសន្ទិដ្ឋិភាព ឬអំពើក្បត់ជាតិរបស់លោក កឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញចោទភ្ជាប់ជាមួយសហរដ្ឋអាមេរិក ថាជាមេគំនិតនៅពីក្រោយខ្នង ក្នុងនោះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យសម្រាប់កិច្ចការអន្តរជាតិ (IRI) ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា ចោទថាបានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្បត់ជាតិនេះដែរ។
យ៉ាងណាក៏ដោយ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងអាណត្តិទី១ របស់លោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald J. Trump) ធ្លាប់បានសរសេរលិខិតទៅកាន់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដោយបញ្ជាក់ថា អាមេរិកមិនជាប់ពាក់ព័ន្ធក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ជាមួយនឹងលោក កឹម សុខា ឡើយ៕
© 2025, . All rights reserved.