អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា អះអាងថា សង្គ្រាមដែលថៃ ឈ្លានពានមកលើកម្ពុជា រយៈពេល ៥ថ្ងៃ កាលពីចុងខែកក្កដា និងបន្តធ្វើទុក្ខបុកម្នេញលើកម្ពុជា រហូតផ្ទុះសង្គ្រាមលើកទី២ នៅខែធ្នូ នេះ យោធាថៃ មិនទាន់អាចដណ្តើមកាន់កាប់ទឹកដីខ្មែរបាននៅឡើយទេ ទោះថៃ ប្រើអាវុធគ្រប់ធុនព្យាយាមវាយសង្គ្រុបលើកម្ពុជា ក៏ដោយ។
អតីតមេធាវីសាលាក្ដីខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ ធ្នូ នេះថា សង្គ្រាមដែលបានអូសបន្លាយចូលដល់ខែទី៦ នាពេលនេះ យោធាថៃ នៅតែមិនអាចដណ្ដើមបានទីតាំងណាមួយរបស់កម្ពុជា នៅឡើយ បើទោះបីជាថៃ បានប្រើកម្លាំងសរុបនៃកងយោធាថៃ ទាំងផ្នែកជើងទឹក និងជើងអាកាសវាយប្រហារពេញទំហឹងឆ្មក់ចូលជ្រៅជិត ១០០គីឡូម៉ែត្រក្នុងទឹកដីកម្ពុជាក៏ដោយ។
លោកថា ការប្រើកម្លាំងចម្រុះវាយពីចម្ងាយតាមអាកាស ជើងទឹក និងកាំភ្លើងធំបាញ់ផ្លោងដាក់ទីតាំងការពាររបស់កម្ពុជា គឺក្នុងបំណងបើកផ្លូវឲ្យកងទ័ពថ្មើរជើងវាយដណ្ដើមកាន់កាប់ទីតាំងការពារខ្លួនរបស់កម្ពុជាប៉ុណ្ណោះ ប៉ុន្តែថៃ នៅតែបរាជ័យដដែល។
អ្នកសង្កេតការណ៍កម្ពុជា រូបនេះលើកឡើងថា ពេលនេះ ថៃបានប្តូរពីសង្គ្រាមផ្លេកបន្ទោរ មកជាសង្គ្រាមអង្កៀមវិញ ក្នុងបំណងធ្វើឱ្យសមត្ថភាពកងទ័ពកម្ពុជាចុះខ្សោយ ដោយបណ្ដាក់គ្នាវាយប្រហារមកលើទីតាំងការពាររបស់កម្ពុជា ទាំងយប់ ទាំងថ្ងៃ ក្នុងនោះ ថៃបានប្រើសព្វាវុធ និងអាយុជីវិតទាហានដល់ទៅ ១០ដង បើធៀបនឹងកម្ពុជា ដើម្បីឈ្នះសង្គ្រាមនេះ។
លោក កង ឫទ្ធិគិរី បញ្ជាក់ថា បើសង្គ្រាមនេះអូសបន្លាយពេលកាន់តែយូរ កម្ពុជាអាចចុះខ្សោយដូចផែនការរបស់យោធាថៃ ដូច្នេះកម្ពុជាត្រូវតែបង្កើនការវាយបកលើទាហានថៃ ឱ្យថយឆ្ងាយពីទីតាំងខ្លួនវិញ។ បន្ថែមពីនេះ កម្ពុជាក៏គួររកមធ្យោបាយទប់ស្កាត់ការវាយប្រហារយន្តហោះចម្បាំងរបស់ថៃ ផងដែរ ដើម្បីចៀសវាងការខូចខាតប្រព័ន្ធប្រយុទ្ធរបស់ខ្លួន ទាំងជួរមុខ និងជួរក្រោយ។ លើសពីនេះ កម្ពុជាក៏គួរពិចារណាផែនការសង្គ្រាមរយៈពេលវែងដែរ ដើម្បីធានាដល់ការធ្វើសង្គ្រាមប្រឆាំងការឈ្លានពានពីសំណាក់កងទ័ពថៃ ដើម្បីអាចដំណើរការបានយូរអង្វែង និងទទួលបានជោគជ័យ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលសង្គ្រាមកម្ពុជា-ថៃ លើកទីពីរនេះបានអូសបន្លាយរយៈពេលអស់ ១១ថ្ងៃហើយ ខណៈស្ថានភាពសង្គ្រាមនៅតែតានតឹងដដែល។
កាលពីថ្ងៃទី១៦ ខែធ្នូ កាសែតថៃ The Nation បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាថាផន ណាក់ផានិត (Nattapon Nakpanich) ថាជម្លោះរវាងថៃ និងកម្ពុជា នឹងមិនអូសបន្លាយពេលយូរទេ ប៉ុន្តែថៃ នឹងរឹតបន្តឹងការផ្គត់ផ្គង់ប្រេង និងសម្ភារៈយោធាកម្ពុជាវិញ។
ជាងនេះទៀត ក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Thai PBS កាលពីថ្ងៃទី១៤ ខែធ្នូ អគ្គសេនាធិការកងទ័ពជើងគោកថៃ លោក ឆៃយ៉ាងព្រឹក ឌួងប្រាផាត (Chaiyapruek Duangprap) បានអះអាងថា គោលដៅចុងក្រោយរបស់កងទ័ពថៃ គឺធានាឱ្យបានថា កម្ពុជានឹងលែងបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់ថៃ ក្នុងរយៈពេលយូរតទៅមុខទៀត។
លោក ឆៃយ៉ាងព្រឹក ឌួងប្រាផាត (Chaiyapruek Duangprapat) បញ្ជាក់ថា ដើម្បីសម្រេចគោលដៅនេះ ប្រទេសថៃ ចាំបាច់ត្រូវតែបន្សាបសមត្ថភាពយោធារបស់កម្ពុជា ឱ្យបានយូរអង្វែង ដូច្នេះថៃ ចាំបាច់ត្រូវតែកំណត់គោលដៅបំផ្លាញបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់កម្ពុជា ទាំងអស់។
សង្គ្រាមរវាងកម្ពុជាលើកទីពីរ បានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយភាគីកម្ពុជា អះអាងថា ភាគីថៃ ជាអ្នកវាយប្រហារមុន ហើយបើគិតត្រឹមថ្ងៃទី១៧ ខែធ្នូ នេះ គឺមានរយៈពេល ១១ថ្ងៃហើយ។
ជុំវិញសង្គ្រាមខ្មែរ-ថៃ នេះដែរ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ ខែធ្នូ ថា ការវាយប្រហារចូលកាន់តែជ្រៅចូលក្នុងទឹកដីកម្ពុជា ក្នុងសង្គ្រាមនេះ មិនមែនជាការវាយដើម្បីវាតទីទឹកដីនោះទេ។
លោកថា បើថៃ មានបំណងវាតទីយកទឹកដី នោះទាហានថៃ ច្បាស់ជាប្រមូលផ្ដុំកម្លាំងវាយផ្តាច់ចំណុចទាមទារមួយចំនួន មិនមែនវាយគ្រប់កន្លែងបែបនេះទេ។
លោកអះអាងថា ក្នុងពេលដែលថៃ ជិតបោះឆ្នោតខាងមុខនេះ យោធាថៃ នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីទាក់ទាញទំនុកចិត្តពលរដ្ឋថៃ ក្នុងនោះ យុទ្ធសាស្ត្រចំពោះមុខដែលថៃ អាចនឹងប្រើ គឺមានបី។ បើយុទ្ធសាស្ត្រនេះអនុវត្តទៅទទួលបានជោគជ័យ វានឹងក្លាយជាយុទ្ធសាស្ត្រយូរអង្វែងរបស់ពួកគេផងដែរ។
លោកថា យុទ្ធសាស្ត្រទី១ គឺដើម្បីទាក់ទាញទំនុកចិត្តប្រជាជនថៃ ឱ្យជឿថា ថៃនៅតែជាបងធំក្នុងតំបន់។ ចំណែកយុទ្ធសាស្ត្រទី២ គឺថៃ ត្រូវសង្កត់សេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ចុះតាមរយៈជនភៀសសឹក ដើម្បីឱ្យក្លាយជាបន្ទុករបស់រដ្ឋាភិបាល ខណៈយុទ្ធសាស្ត្រទី៣ គឺការវាយលុកកាន់តែជ្រៅចូលក្នុងដីកម្ពុជា ដើម្បីឱ្យពលរដ្ឋថៃ ជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពរបស់ថៃ បន្តទៀត។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះបញ្ជាក់ថា សង្គ្រាមលើកនេះ ភាគីថៃ ចាក់ធំណាស់ តែបើចាញ់ ក៏ច្បាស់ជាចាញ់ធំដែរ ប៉ុន្តែកម្ពុជាត្រូវប្រុងប្រយ័ត្នស្នៀតជន្លស្តាំវាយឆ្វេងរបស់ថៃ ដែរ ព្រោះថាបើធ្វេសប្រហែស ថៃអាចនឹងបែរទៅសង្គ្រុបទីតាំងមួយចំនួនបានវិញ៕
© 2025, . All rights reserved.