ពលរដ្ឋខ្មែរ-អាមេរិកាំង កំពុងរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិក ប្រកាសធ្វើមហាបាតុកម្មប្រឆាំងអំពើឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
សមាគមសំឡេងខ្មែរដើម្បីប្រជាធិបតេយ្យ និងវត្តសាមគ្គីរតនារ៉ាម ក្នុងទីក្រុងតាកូម៉ា រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញថ្លែងការណ៍អំពីការធ្វើមហាបាតុកម្មប្រឆាំងថៃ នៅថ្ងៃទី១៨ ធ្នូ នេះ ដោយអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ និងពលរដ្ឋខ្មែរដែលរស់នៅលើសកលលោកទាំងអស់ ចូលរួមក្នុងមហាបាតុកម្មនេះឱ្យបានគ្រប់ៗគ្នា។
ប្រភពដដែលអះអាងថា មហាបាតុកម្មនេះមិនមែនដើម្បីបុគ្គលណាម្នាក់ ឬដើម្បីបក្សនយោបាយ អង្គការ សមាគមណាមួយឡើយ គឺដើម្បីជាតិខ្មែរទាំងមូល ដើម្បីប្រជាជនខ្មែរគ្រប់រូប មិនថាពលរដ្ឋខ្មែររស់នៅទីណា ឬប្រទេសណាឡើយ ដែលមានឈាមជ័រជាខ្មែរ ព្រោះទឹកដីដែលថៃ ឈ្លានពាននេះ គឺជាទឹកដីរបស់ជនជាតិខ្មែរគ្រប់គ្នា។
លិខិតដដែលនេះបញ្ជាក់ថា មហាបាតុកម្មប្រឆាំងថៃ ឈ្លានពាននេះ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១១ និង ០០នាទីព្រឹក រហូតដល់ម៉ោង ០៣ និង ០០នាទីរសៀល នៅវិមានរដ្ឋអូឡាំពារ ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
មហាបាតុកម្មនេះ ធ្វើឡើងស្របពេលដែលពលរដ្ឋខ្មែរនៅតាមបណ្តាប្រទេសនានាបានក្រោកឡើងធ្វើបាតុកម្មប្រឆាំងប្រទេសថៃ ជុំវិញសង្គ្រាមជាមួយប្រទេសកម្ពុជា នាពេលនេះ។
ចំណែកព្រះសង្ឃ និងពលរដ្ឋខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតុន Washington D.C. និងទីក្រុង Philadelphia មានគម្រោងនាំគ្នាធ្វើធម្មយាត្រាសុំសុខសន្តិភាពខ្មែរ-ថៃ តាមកាលបរិច្ឆេទដូចតទៅ៖
- ទី១ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុង New York ពីម៉ោង 12:00pm – 2:00pm
- ទី២ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅ Philadelphia ពីម៉ោង 1:00pm – 3:00pm
- ទី៣ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅ Washington, D.C ពីម៉ោង 1:00pm – 3:00pm
សមាគមព្រះសង្ឃខ្មែរប្រចាំសហរដ្ឋអាមេរិក អំពាវនាវឱ្យព្រះសង្ឃ និងពលរដ្ឋខ្មែរនាំគ្នាចូលរួមឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
© 2025, . All rights reserved.