អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បង្ហាញរបាយការណ៍អំពីស្ថានការណ៍សឹកដែលកងទ័ពថៃនៅតែបន្តឈ្លានពានទឹកដីកម្ពុជា នៅយោធភូមិភាគទី៤ និងទី៥។
តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ស្ថានការណ៍ជួរមុខក្នុងសមរភូមិយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ កងទ័ពថៃ នៅតែបន្តបាញ់ប្រហារមកកម្ពុជា គិតចាប់ពីម៉ោង ៥ល្ងាចថ្ងៃទី១៨ ធ្នូ។ ក្នុងការវាយប្រហារយ៉ាងកំរោលនេះ កងទ័ពថៃ បានប្រើប្រាស់អាវុធធុនធ្ងន់ដូចជា យន្តហោះចម្បាំង F-16 នាវាចម្បាំង កាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ ១០៥មិល្លីម៉ែត្រ រថយន្តបាញ់រ៉ុក្កែត DTI-2 ដ្រូនទម្លាក់គ្រាប់បែក និងបាញ់ផ្សែងពុល។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា រូបនេះ បានហៅប្រទេសថៃ គឺជារដ្ឋដែលបំពានច្បាប់អន្តរជាតិ ជារដ្ឋដែលបំផ្លាញសន្តិភាព និងសន្តិសុខ ប៉ះពាល់ខ្លាំងដល់ស្ថិរភាពតំបន់។
គិតត្រឹមថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ នេះ សង្គ្រាមថៃ ឈ្លានពានកម្ពុជា ចូលដល់ថ្ងៃទី១៣ ហើយ។
ជុំវិញស្ថានការណ៍សឹកថៃ ឈ្លានពាននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទូរសព្ទទៅកាន់សមភាគីថៃ លោក Sihasak Phuangketkeow ដោយបង្ហាញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកចំពោះហិង្សាដែលកំពុងបន្តកើតឡើងនៅព្រំដែនជាមួយកម្ពុជា។
អ្នកនាំពាក្យរងការបរទេសអាមេរិក លោក Tommy Pigott បានអះអាងកាលពីថ្ងៃទី១៨ ខែធ្នូ ថា ក្នុងកិច្ចសន្ទនានោះ ប្រមុខការទូតសេតវិមាន បានជំរុញឱ្យកាត់បន្ថយភាពតានតឹងជាបន្ទាន់រវាងប្រទេសទាំងពីរ គឺថៃ និងកម្ពុជា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី Rubio ជំរុញឱ្យរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak ធ្វើសកម្មភាពជាក់ស្តែងក្នុងការកាត់បន្ថយស្ថានការណ៍ដ៏តានតឹង និងឱ្យថៃ វិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ។
ស្របពេលនេះដែរ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជជែកតាមប្រព័ន្ធទូរសព្ទដាច់ដោយឡែកជាមួយសមភាគីកម្ពុជា និងថៃ។
តាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានសន្ទនាតាមប្រព័ន្ធទូរសព្ទដោយឡែកជាមួយសមភាគីកម្ពុជា លោក ប្រាក់ សុខុន និងសមភាគីថៃ លោក Sihasak Phuangketkeow កាលពីថ្ងៃទី១៨ ខែធ្នូ នេះ។ ក្នុងអំឡុងកិច្ចសន្ទនានេះ រដ្ឋមន្ត្រីការបរទេសចិន បានទទូចជាថ្មីឱ្យភាគីទាំងពីរវិលទៅរកតុចរចា និងស្នើឱ្យអនុវត្តបទឈប់បាញ់ឡើងវិញ។ លោក វ៉ាង យី និយាយថា ជម្លោះព្រំដែនលើកនេះ គឺមានទំហំធំជាងលើកមុន ដែលជាក្ដីបារម្ភខ្លាំងពីការរីករាលដាលហិង្សា។
តាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ១១ប្រទេស នឹងជួបគ្នានៅទីក្រុងកូឡាឡាំពួរ ហើយរូបលោកនឹងជាអធិបតីនៃជំនួបនេះ។ ជំនួបនេះផ្ដោតលើសន្តិសុខតំបន់ ជាពិសេសបញ្ហាសង្គ្រាមថៃ និងកម្ពុជា។
កាលពីថ្ងៃទី១៨ ធ្នូ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសថៃ និងកម្ពុជា ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិលនៃប្រទេសទាំងពីរ។
លោក Volker Türk បាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលបញ្ជាក់ថា តំបន់ជុំវិញភូមិ និងទីតាំងបេតិកភណ្ឌវប្បធម៌ កំពុងត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំ។
កម្ពុជា បានចោទប្រកាន់ថា ថៃបានទម្លាក់គ្រាប់បែកលើមជ្ឈមណ្ឌលកាស៊ីណូដ៏ធំមួយនៅក្នុងទីក្រុងប៉ោយប៉ែត ដែលជាតំបន់ព្រំដែនសំខាន់រវាងប្រទេសទាំងពីរ ប៉ុន្តែប្រទេសថៃ បានចោទប្រកាន់កម្ពុជា ថាជាអ្នកឈ្លានពាន និងអះអាងថាភាគីកម្ពុជា គួរតែចាប់ផ្តើមបទឈប់បាញ់ជាឯកតោភាគីជាមុន។
តែសម្រាប់លោក Volker Türk ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានជំរុញឱ្យបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងបើកការចរចាសន្តិភាពឡើងវិញ។
លោកក៏បានរំឭកប្រទេសទាំងពីរអំពីកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាអូតាវ៉ា ដែលហាមឃាត់ការប្រើប្រាស់គ្រាប់មីនក្នុងជម្លោះប្រដាប់អាវុធ ក៏ដូចជាកាតព្វកិច្ចក្រោមច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងការបែងចែកឱ្យច្បាស់រវាងអ្នកប្រយុទ្ធ និងអ្នកមិនប្រយុទ្ធ។
លោក Volker Türk បានព្រមានថា ការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលចូលប្រទេសកម្ពុជា គឺត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងក្រោមច្បាប់ និងបទដ្ឋានអន្តរជាតិជាច្រើន។
ការប៉ះទង្គិចគ្នានេះ មានឫសគល់មកពីជម្លោះព្រំដែនដែលមានអាយុកាលជិតមួយសតវត្សរ៍ ទាក់ទងនឹងកម្មសិទ្ធិលើប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចឲ្យភាគីកម្ពុជា ជាអ្នកឈ្នះក្តីនៅឆ្នាំ១៩៦២ និងបញ្ជាក់ឡើងវិញនៅឆ្នាំ២០១៣។
ការប្រយុទ្ធគ្នាបានផ្ទុះឡើងម្ដងរួចហើយក្នុងចុងខែកក្កដា បន្ទាប់ពីទាហានថៃ ម្នាក់ បានរងរបួសដោយគ្រាប់មីន ហើយបានចោទប្រកាន់ថាកម្ពុជាជាអ្នកដាំគ្រាប់មីនថ្មីៗ។ បន្ទាប់មក ថៃក៏បានយកលេសនេះបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកំរោល ដែលបានបណ្ដាលឲ្យមនុស្សស្លាប់ និងរាប់ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅ។
បទឈប់បាញ់មួយត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែកក្កដា ក្រោមសម្ពាធពីអាមេរិក និងអន្តរជាតិ រហូតមានសេចក្ដីថ្លែងការណ៍រួមនៅថ្ងៃទី២៦ តុលា ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាភាគីហត្ថលេខីមួយ ក៏ភាគីថៃ នៅតែបំពាន។
ទោះជាយ៉ាងណា ក្នុងខែវិច្ឆិកា ប្រទេសថៃ បានប្រកាសថា កិច្ចព្រមព្រៀងទាំងអស់ជាមួយកម្ពុជា លែងត្រូវបានអនុវត្តទៀតហើយ បន្ទាប់ពីគ្រាប់មីនបានបង្កឲ្យទាហានថៃ ២នាក់រងរបួស។ ទាហានថៃ ទាំង ២នាក់នេះ រងរបួសព្រោះជាន់មីននៅប៉ុន្មានថ្ងៃមុនថៃបើកការវាយប្រហារយ៉ាងកំរោលលើកម្ពុជា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕
© 2025, . All rights reserved.