រាជរដ្ឋាភិបាលកម្ពុជា អះអាងថា អស់រយៈពេល ១៦ថ្ងៃដែលកងទ័ពថៃ បានបើកការវាយប្រហារឈ្លានពានយ៉ាងកំរោលមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា បានបណ្តាលឱ្យជនស៊ីវិលស្លាប់ ១៩នាក់ រងរបួស ៧៩នាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ផងដែរ ខណៈពលរដ្ឋភៀសសឹកបានកើនដល់ជាង ៥២ម៉ឺននាក់រហូតមកដល់ពេលនេះ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ធ្នូ នេះថា កងទ័ពឈ្លានពានថៃ បានប្រើអាវុធធុនធ្ងន់ និងគ្រប់ប្រភេទ ដូចជាយន្តហោះទម្លាក់គ្រាប់បែក F-16 នាវាចម្បាំង កាំភ្លើងផ្លោង គ្រាប់បែកចង្កោម ដ្រូនគ្រប់ប្រភេទ និងផ្សែងពុលផងដែរ មកលើកងទ័ព និងពលរដ្ឋស៊ីវិលកម្ពុជា ជារៀងរាល់ថ្ងៃ។
ប្រភពដដែលអះអាងថា កងទ័ពឈ្លានពានថៃ ប្រើអាវុធ និងយុទ្ធោបករណ៍ទាំងនេះបាញ់ផ្លោងស្រោចលើទីតាំងស៊ីវិលដោយមិនរើសមុខ និងមិនរើសទីកន្លែងឡើយ ដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់កម្ពុជា រងគ្រោះកើនឡើងជាលំដាប់ ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃផងដែរ ដូចជា ផ្ទះសម្បែង ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារអាជីវកម្មឯកជន វត្តអារាម រហូតដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកថែមទៀត។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា សកម្មភាពដ៏ព្រៃផ្សៃ និងអមនុស្សធម៌ទាំងនេះ គឺជាអំពើផ្គើន និងចំអកឡកឡឺយចំពោះសហគមន៍អន្តរជាតិយ៉ាងជាក់ច្បាស់ ដូចជា សហរដ្ឋអាម៉េរិក ចិន សហភាពអឺរ៉ុប អាស៊ាន និងបណ្តាប្រទេសផ្សេងទៀតដែលបានអំពាវនាវឱ្យថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍ទីក្រុងកូឡាឡាំពួរ ជាដើម។
រដ្ឋាភិបាលកម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃ និងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃ មកលើជនស៊ីវិលស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជា ជាបន្តបន្ទាប់មកនេះ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលការបាញ់ប្រហារក្នុងសង្គ្រាមកម្ពុជា-ថៃ បានឆេះសន្ធោសន្ធៅកាន់តែខ្លាំង បន្ទាប់ពីប្រទេសទាំងពីរបានផ្ទុះអាវុធជាលើកទីពីរនេះ។
កាសែតថៃ ខៅស៊ុត បានស្រង់សម្ដីកងទ័ពភូមិភាគទី២ របស់ថៃ នៅថ្ងៃទី២២ ធ្នូ នេះថា ប្រទេសថៃ មិនមែនជាអ្នកចាប់ផ្ដើមទេ ខណៈសង្គ្រាមទាំងពីរលើកមកនេះ កម្ពុជាបានបាញ់ និងចូលលុកលុយដែនអធិបតេយ្យភាពរបស់ថៃ មុន ដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងការខូចខាតនូវទ្រព្យសម្បត្តិរបស់ពលរដ្ឋថៃ ជាច្រើន។
ប្រភពដដែល បញ្ជាក់ថា ថៃគាំទ្របទឈប់បាញ់គ្រប់បែបយ៉ាង ប៉ុន្តែបច្ចុប្បន្ន កម្ពុជានៅតែប្រើអាវុធធុនធ្ងន់វាយប្រហារលើប្រទេសថៃ ដូច្នេះ ថៃត្រូវតែប្រើសិទ្ធិការពារខ្លួន ដោយផ្អែកលើមាត្រា១៥១ នៃសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ក្រោមគោលការណ៍ «ចាំបាច់» និង «សមស្រប»។
យ៉ាងណាក៏ដោយ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២២ ធ្នូ នេះថា គិតចាប់ពីវេលាម៉ោង ៤ និង ៣០នាទីទៀបភ្លឺ ដល់ម៉ោង ០២ និង ៤២នាទីរសៀល ថៃបានវាយប្រហារមកលើកម្ពុជា ចំនួន ២២លើក ដែលនេះគ្រាន់តែរបាយការណ៍បឋមប៉ុណ្ណោះ។
ប្រភពដដែល អះអាងថា ថៃបានវាយប្រហារមកលើកម្ពុជាយ៉ាងកំរោលដោយមិនរើសគោលដៅឡើយលើមូលដ្ឋានកងទ័ព និងស៊ីវិល ដែលទង្វើបែបនេះគឺជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា កងកម្លាំងកម្ពុជា បានតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន ដើម្បីការពារបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិ ដោយអង់អាចក្លាហានមិនងាករេជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Tommy Piggot បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ធ្នូ នេះដែរ ដោយអំពាវនាវឱ្យកម្ពុជា និងថៃ ឱ្យបញ្ចប់អរិភាព ដកអាវុធធុនធ្ងន់ បញ្ឈប់ការដាក់មីន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ ដើម្បីពន្លឿនការដោះមីនមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែន៕
© 2025, . All rights reserved.