លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ស្ដីពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ នៅ​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

កិច្ចប្រជុំ​ប្រមុខ​ការទូត​អាស៊ាន​បាន​លទ្ធផល​ត្រឹមតែ​បើក​ឱ្យ​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-ថៃ​នៅ​ថ្ងៃទី​២៤ ធ្នូ នេះ

By ឌឹ ខេមបូឌា ដេលី

December 23, 2025

កិច្ចប្រជុំ​ពិសេស​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី បាន​សម្រេច​ឱ្យ​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​គេ​ហៅថា​សេចក្ដី​ថ្លែងការណ៍​ប្រធាន​អាស៊ាន។

សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ជាក់​ថា កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ដើម្បី​ជជែក​អំពី​ការ​អនុវត្ត និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់។

សេចក្ដី​ថ្លែងការណ៍​ប្រធាន​អាស៊ាន​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​លើ​គេហទំព័រ​នៃ​លេខាធិការដ្ឋាន​អាស៊ាន ចុះផ្សាយ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ស្វាគមន៍​ចំពោះ​កិច្ចពិភាក្សា​ស្ដីពី​ការ​បន្ត​បទ​ឈប់​បាញ់​ឡើងវិញ និង​ការ​បញ្ឈប់​អរិភាព​រវាង​កម្ពុជា-ថៃ។ ជាមួយ​គ្នា​នេះ សេចក្តី​ថ្លែងការណ៍​អះអាង​ថា កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ GBC នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ ខាងមុខ​នេះ ដើម្បី​ជជែក​អំពី​ការ​អនុវត្ត និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់។

សេចក្ដី​ថ្លែងការណ៍​ប្រធាន​អាស៊ាន​មាន ១០​ចំណុច​ដែល​មាន​ខ្លឹមសារ​ដូចតទៅ​នេះ៖

  1. រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន​កោះ​ប្រជុំ​ពិសេស​មួយ ដើម្បី​ដោះស្រាយ​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ នៅ​ទីក្រុង​កូឡាឡាំពួរ នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ ស្រប​តាម​សេចក្តី​សម្រេច​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី កម្ពុជា និង​ថៃ កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៥។
  2. ប្រទេស​ម៉ាឡេស៊ី បាន​ជម្រាប​ជូន​នូវ​កិច្ចប្រជុំ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ដោយ​លើក​ទឹកចិត្ត​ទាំង​កម្ពុជា និង​ថៃ ឱ្យ​បញ្ឈប់​ជម្លោះ​នឹង​គ្នា។ កិច្ចប្រជុំ​នេះ​ក៏បាន​ប្រកាស​ថា​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន AOT ត្រូវ​ត្រៀម​ខ្លួន​បំពេញ​បេសកកម្ម​របស់​ខ្លួន​ឡើងវិញ​ទៅ​កាន់​ប្រទេស​កម្ពុជា និង​ថៃ។
  3. កិច្ចប្រជុំ​បាន​កោតសរសើរ​ចំពោះ​តួនាទី និង​ការ​ចូលរួម​ជាបន្តបន្ទាប់​របស់​លោក​នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម និង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ពី​រដ្ឋ​សមាជិក​អាស៊ាន និង​ប្រទេស​ចិន សំដៅ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ស្ថានភាព​នៃ​ជម្លោះ​ព្រំដែន​ដែល​កំពុង​កើតមាន​រវាង​ប្រទេស​ថៃ និង​កម្ពុជា។ កិច្ចប្រជុំ​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក អនុធីន ឆានវីរៈគុល ក្នុង​ការ​បន្ត​ចូលរួម​ជាមួយ​ប្រធាន​អាស៊ាន ឆ្ពោះ​ទៅ​រក​ការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​ទប់ស្កាត់​ការ​យល់​ច្រឡំ​ណា​មួយ​ដែល​អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។
  4. កិច្ចប្រជុំ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​ឯកភាព និង​សាមគ្គីភាព​នៃ​សមាជិក​អាស៊ាន ក្នុង​ការ​ធានា​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ ស្រប​តាម​ធម្មនុញ្ញ​អាស៊ាន។
  5. កិច្ចប្រជុំ​បាន​រំលឹក​ឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា, ការ​សម្រេច​ចិត្ត​របស់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC កាលពី​ថ្ងៃទី​៧ ខែ​សីហា ក៏ដូចជា​សេចក្តី​ប្រកាស​រួម​នៃ​ទីក្រុង​កូឡាឡាំពួរ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ហើយ​បាន​ជំរុញ​កម្ពុជា និង​ថៃ អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព​នូវ​បទ​ឈប់​បាញ់។
  6. កិច្ចប្រជុំ​បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​តានតឹង​បង្ក​ឱ្យ​ផ្ទុះ​ការ​ប៉ះទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​បន្ត​ទៀត ដែល​បាន​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួស​យ៉ាង​ច្រើន។ ការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ជនស៊ីវិល និង​ការ​ផ្លាស់​ទីលំនៅ​របស់​ជនស៊ីវិល​នៃ​ប្រទេស​ទាំង​ពីរ​រាប់​ម៉ឺន​នាក់។ ការ​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ ឱ្យ​ធានា​ថា​ជនស៊ីវិល​រស់នៅ​ក្នុង​តំបន់​ព្រំដែន​ដែល​រង​ផល​ប៉ះពាល់ អាច​វិលត្រឡប់​ទៅ​ផ្ទះសម្បែង និង​ទៅ​រក​ជីវភាព​រស់នៅ​ធម្មតា​របស់​ពួកគេ​វិញ​បាន ដោយ​គ្មាន​ការ​រារាំង និង​ដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ។
  7. កិច្ចប្រជុំ​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្ដេជ្ញាចិត្ត​រួម​គ្នា​ក្នុង​ការ​ចៀសវាង​ការ​គំរាមកំហែង ឬ​ការ​ប្រើប្រាស់​កម្លាំង ដោយ​ត្រូវ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី និង​ការ​គោរព​ព្រំដែន​ជា​អន្តរជាតិ និង​ច្បាប់​អន្តរជាតិ ក្នុង​គោលបំណង​លើក​កម្ពស់​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់ ដោយ​ផ្អែកលើ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​ចំពោះ​ឯករាជភាព អធិបតេយ្យភាព សមភាព បូរណភាព​ទឹកដី និង​អត្តសញ្ញាណ​ជាតិ ស្រប​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍។
  8. កិច្ចប្រជុំ​បាន​ជំរុញ​ឱ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ អនុវត្ត​ការ​អត់ធ្មត់​ដ៏​អតិបរមា និង​ចាត់​វិធានការ​ជាបន្ទាន់​ឆ្ពោះ​ទៅ​រក​ការ​បញ្ឈប់​គ្រប់​ទម្រង់​នៃ​ជម្លោះ។ កិច្ចប្រជុំ​ក៏បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​ពីរ​ស្ដារ​ទំនុកចិត្ត​ទៅវិញ​ទៅមក​ឡើងវិញ និង​វិលត្រឡប់​ទៅ​រក​ការ​សន្ទនា​តាមរយៈ​យន្តការ​ទ្វេភាគី ក៏ដូចជា​ការ​សន្ទនា​គ្នា​ជាមួយ​នឹង​ប្រធាន​អាស៊ាន ក្នុង​ការ​ស្ដារ​កិច្ចសហប្រតិបត្តិការ​លើ​ការ​ដោះ​មីន​មនុស្សធម៌ និង​អនុវត្ត​ការ​កាត់បន្ថយ​ភាព​តានតឹង​តាម​បណ្តោយ​ព្រំដែន​រួម​នៃ​ប្រទេស​ទាំង​ពីរ ក្រោម​ការ​សង្កេត​របស់​ក្រុម AOT ដោយ​អនុលោម​តាម​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ​បង្ហាញ​ពី​ការ​រួម​រស់​ដោយ​សន្តិភាព យូរអង្វែង​ជាមួយ​គ្នា​ឡើងវិញ។
  9. រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​ស្វាគមន៍​ចំពោះ​ការ​ពិភាក្សា​ស្ដីពី​ការ​បន្ត​បទ​ឈប់​បាញ់​ឡើងវិញ និង​ការ​បញ្ឈប់​អរិភាព។ កិច្ចប្រជុំ GBC នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ ដើម្បី​ពិភាក្សា​អំពី​ការ​អនុវត្ត និង​ការ​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់។ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន បាន​សម្ដែង​ក្តី​សង្ឃឹម​ចំពោះ​ការ​បន្ធូរបន្ថយ​អរិភាព​ឱ្យ​បាន​ឆាប់​រវាង​ប្រទេស​ទាំង​ពីរ។
  10. ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅតែ​ប្រកាន់​យក​គោលការណ៍​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​ដោយ​ឈរ​លើ​ការ​យោគយល់​គ្នា និង​ដោយ​សន្តិវិធី។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន Theresa Lazaro ដែល​ប្រទេស​របស់​អ្នកស្រី​នឹង​ក្លាយ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២៦ បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​សម្របសម្រួល​ការ​ចរចា​រវាង​កម្ពុជា និង​ថៃ ខណៈ​ដែល​ជម្លោះ​ព្រំដែន​នៅតែ​បន្ត។

អ្នកស្រី​អះអាង​ថា ទីក្រុង​ម៉ានីល ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ដើរ​តួនាទី​សម្របសម្រួល ប្រសិនបើ​ភាគី​ទាំង​ពីរ កម្ពុជា-ថៃ សម្រេច​ចិត្ត​ប្រើប្រាស់​យន្តការ​ប្រធាន​អាស៊ាន​នៅ​ពេល​ដែល​ហ្វីលីពីន ចូល​កាន់​តំណែង​ជា​ប្រធាន​អាស៊ាន​នៅ​ខែ​មករា ឆ្នាំ​២០២៦៕

© 2025, . All rights reserved.