នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ថៃ លោក អនុធីន ឆានវីរៈគុល ក្នុង​ពិធី​ប្រគល់​សព​យោធា​ថៃ ត្រឡប់​ទៅ​ផ្ទះ​វិញ​កាលពី​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

ថៃ ព្រមាន​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា បើ​កិច្ចប្រជុំ GBC មិន​ស្រប​តាម​គោលការណ៍​របស់​ខ្លួន

By ឌឹ ខេមបូឌា ដេលី

December 24, 2025

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ អះអាង​ថា ថៃ​នឹង​មិន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​នឹង​កម្ពុជា​ឡើយ ប្រសិនបើ​លទ្ធផល​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) នៅ​ថ្ងៃ​ទី​២៤ ធ្នូ នេះ មិន​ស្រប​តាម​គោលការណ៍​ស្នូល​ទាំង ៥ របស់​ថៃ ដែល​បាន​ត្រៀម​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នេះ។

កាសែត​ខៅស៊ុត របស់​ថៃ រាយការណ៍​សម្ដី​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក ណាថាផន ណាក់ផានិត (Nattaphon Narkphanit) នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា-ថៃ (GBC) នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ក្នុង​ខេត្ត​ចាន់បូរី ប្រទេស​ថៃ ប៉ុន្តែ​កិច្ចប្រជុំ​នេះ គឺ​ស្ថិត​នៅ​កម្រិត​លេខាធិការ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ប៉ុណ្ណោះ មិនមែន​កម្រិត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡើយ។

ប្រភព​ដដែល​លើកឡើង​ថា គោលការណ៍​ទី​១ ទាក់ទង​នឹង​ឥរិយាបថ​របស់​កម្ពុជា ដែល​បាន​បំពាន​លើ​អនុសញ្ញា​អូតាវ៉ា ដោយ​ផ្អែកលើ​ចំណុច​មួយ​ចំនួន ដូចជា កម្ពុជា​មាន​មីន​ប្រឆាំង​មនុស្ស ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស​ដែល​ផលិត​ឡើង​ថ្មីៗ និង​ការ​បង្កប់​មីន​ថ្មី​បន្ទាប់ពី​ចុះហត្ថលេខា​លើ​សេចក្តី​ប្រកាស​រួម​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ជាដើម។

ចំណែក​គោលការណ៍​ទី​២ គឺ​ការ​ប្រើប្រាស់​ប្រាសាទ​បុរាណ​ជា​ទីតាំង​យោធា ដូចជា ប្រាសាទ​តាក្របី ប្រាសាទ​ខ្នារ និង​ប្រាសាទ​ព្រះវិហារ រីឯ​គោលការណ៍​ទី​៣ គឺ​ការ​ប្រើប្រាស់​សហគមន៍​ស៊ីវិល​ជា​ទីតាំង​បាញ់​ប្រហារ​មក​លើ​កងទ័ព​ថៃ ហើយ​គោលការណ៍​ទី​៤ គឺ​ការ​ប្រើប្រាស់​អគារ​ស៊ីវិល​ជា​ទីតាំង​យោធា ដោយឡែក​គោលការណ៍​ទី​៥ គឺ​ការ​ប្រើប្រាស់​ជនស៊ីវិល​ជា​ខែល​ការពារ​ផង​ដែរ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ រូប​នេះ​ចោទ​ថា កម្ពុជា​បាន​ប្រើប្រាស់​ជនស៊ីវិល​ជា​ខែល​ការពារ ដើម្បី​ចោទប្រកាន់​ប្រទេស​ថៃ ថា​បាន​បង្ក​គ្រោះថ្នាក់​ដល់​ជនស៊ីវិល​នៅ​ពេល​ដែល​មាន​មនុស្ស​ស្លាប់ ឬ​របួស​កើតឡើង។

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ បន្ទាប់ពី​មាន​ការ​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​ក្នុង​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ក្នុង​បំណង​ផ្ទៀងផ្ទាត់​បទ​ឈប់​បាញ់ និង​ដើម្បី​ស្ដារ​បទ​ឈប់​បាញ់​ឡើងវិញ រួម​ទាំង​ការ​បញ្ឈប់​សកម្មភាព​អរិភាព​នានា​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា ការ​ចោទប្រកាន់​របស់​ភាគី​ថៃ អំពី​បញ្ហា​គ្រាប់មីន​មក​លើ​កម្ពុជា គឺជា​ចេតនា​បំភាន់​ការពិត និង​បង្វែរ​ការ​ចាប់អារម្មណ៍​អន្តរជាតិ​ពី​ទង្វើ​ឈ្លានពាន​របស់​ខ្លួន​ដែល​កំពុង​ទម្លាក់​គ្រាប់​ក្នុង​តំបន់​ស៊ីវិល និង​ការ​ប្រើប្រាស់​សព្វាវុធ​ខុស​ច្បាប់​មក​លើ​កម្ពុជា ប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ថៃ​បាន​រំលោភ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ដោយ​ខុស​ច្បាប់ តាមរយៈ​ការ​ប្រើប្រាស់​កម្លាំង​យោធា រួម​ទាំង​ការ​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់​ទៅ​លើ​សហគមន៍​ស៊ីវិល​ក្នុង​ទឹកដី​កម្ពុជា យ៉ាង​ព្រៃផ្សៃ។

អាជ្ញាធរ​មីន​កម្ពុជា បញ្ជាក់​ថា សកម្មភាព​ឈ្លានពាន​របស់​ថៃ ដ៏​សាហាវ​យង់ឃ្នង​នេះ បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​ស្លាប់ និង​រង​របួស រួម​ទាំង​ជនភៀសខ្លួន​ជា​ទ្រង់ទ្រាយ​ធំ ព្រមទាំង​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​អស់​ជាច្រើន​ថែមទៀត ដូចជា​ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ស្ពាន ថ្នល់ និង​អគារ​ជាច្រើន​ផ្សេង​ទៀត​ផង​ដែរ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ នេះ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​អះអាង​ថា កម្ពុជា​បាន​ត្រៀម​គ្រប់​មធ្យោបាយ​ទាំងអស់ ទាំង​ទ្វេភាគី ពហុភាគី ឬ​ការ​សម្របសម្រួល​ខាងក្រៅ​នោះ​ទេ សម្រាប់​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៤ ធ្នូ នេះ សម្រាប់​ដោះស្រាយ​បញ្ហា ដ្បិត​កម្ពុជា​មិន​ចង់​ឱ្យ​សង្គ្រាម​បន្ត​ទៅ​មុខ​ទៀត​នោះ​ទេ។

លោក ប្រាក់ សុខុន អះអាង​ថា ក្នុង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កម្ពុជា​បាន​លើក​សំណើ​ឱ្យ​បញ្ឈប់​ការ​ប្រទូសរ៉ាយ​ត្រឹម​ម៉ោង ១០​យប់ ថ្ងៃទី​២២ ខែ​ធ្នូ ការ​វិលត្រឡប់​ទៅ​រក​ការ​អនុវត្ត​បទ​ឈប់​បាញ់ ការ​វិល​ត្រឡប់​មក​វិញ​របស់​កម្លាំង​យោធា​ទាំង​សងខាង ទៅ​កាន់​ទីតាំង​ដើម​រៀងៗ​ខ្លួន និង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដោយ​សន្តិវិធី ដោយ​មិន​ប្រើប្រាស់​កម្លាំង និង​ដោះលែង​ទាហាន​កម្ពុជា ទាំង ១៨​នាក់ ដែល​ត្រូវ​បាន​ថៃ ចាប់​យក​ទៅ​ដោយ​ខុស​ច្បាប់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​នាំពាក្យ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក Stéphane Dujarric បាន​លើកឡើង​នៅ​ថ្ងៃទី​២៣ ធ្នូ នេះ​ថា ជា​រឿង​សំខាន់​ណាស់​ដែល​ភាគី​ទាំង​ពីរ​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ដោយ​ឈរ​លើ​ស្មារតី​បញ្ចប់​ជម្លោះ​នេះ។

លោក Stéphane Dujarric បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​អាស៊ាន និង​តួនាទី​ដែល​ម៉ាឡេស៊ី បាន​បំពេញ​ជា​ប្រធាន​អាស៊ាន និង​តួនាទី​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ជួយ​ឲ្យ​មាន​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​កូឡាឡាំពួរ កាលពី​ចុង​ខែ​តុលា កន្លង​ទៅ​នោះ៕

© 2025, . All rights reserved.