ក្រសួងការពារជាតិកម្ពុជា ប្រកាសអាសន្នប្រាប់ពលរដ្ឋក្នុងខេត្តបាត់ដំបង ឱ្យប្រុងប្រយ័ត្ន បន្ទាប់ពីយោធាថៃ ប្រើប្រាស់យន្តហោះចម្បាំងប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន ៥គ្រាប់ចូលជ្រៅទៅក្នុងសហគមន៍ជនស៊ីវិលនៅស្រុកបាណន់ ខេត្តបាត់ដំបង និង ៤គ្រាប់ទៀតនៅស្រុកស្រីស្នំ ខេត្តសៀមរាប នៅថ្ងៃពុធ។
នៅស្រុកបាណន់ យន្តហោះថៃ ទម្លាក់គ្រាប់បែកលើកទី១ ម៉ោង ១០ព្រឹក និងលើកទី២ នៅម៉ោងប្រមាណ ២រសៀល។ ចំណែកភូមិសាស្ត្រស្រុកស្រីស្នំ ខេត្តសៀមរាប ក៏ត្រូវយន្តហោះចម្បាំងប្រភេទ T-50TH ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់ចូលក្នុងភូមិដែលមានប្រជាជនកំពុងរស់នៅ ក្នុងថ្ងៃជាមួយគ្នាដែរនៅវេលាម៉ោង ១១ព្រឹក។
ស្រុកបាណន់ ខេត្តបាត់ដំបង នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា និងមានចម្ងាយជិត ២០០គីឡូម៉ែត្រ (១៦៧គីឡូម៉ែត្រ) ពីស្រុកម៉ាឡៃ ដែលនៅជាប់ព្រំដែនថៃ និងមានចម្ងាយជិត ៧០គីឡូម៉ែត្រ (៦៧គីឡូម៉ែត្រ) ពីស្រុកសំឡូត ដែលនៅជាប់ព្រំដែនថៃ ដែរនោះ។ ចំណែកស្រុកស្រីស្នំ ខេត្តសៀមរាប ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានចម្ងាយ ៧០គីឡូម៉ែត្រពីស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ដែលនៅជាប់ព្រំដែនថៃ និងមានចម្ងាយជិត ២០០គីឡូម៉ែត្រ (១៧៦គីឡូម៉ែត្រ) ពីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពដដែល អះអាងថា ចាប់ពីម៉ោង ១២ និង ១៥នាទី ដល់ម៉ោង ១២ និង ២៦នាទី យោធាថៃ បានប្រើប្រាស់យន្តហោះចម្បាំង T-50TH ទម្លាក់គ្រាប់បែកចង្កោមនៅភូមិសាស្ត្រឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ផងដែរ ហើយក្រៅពីទីតាំងទាំងនេះ ក៏ត្រូវរងការវាយប្រហារដោយអាវុធគ្រប់ប្រភេទពីកងទ័ពថៃ រួមទាំងយន្តហោះចម្បាំងថែមទៀត។
ក្រសួងការពារជាតិប្រទេសកម្ពុជា អះអាងថា យោធាថៃ បានប្រើយន្តហោះចម្បាំងវាយប្រហារចូលទឹកដីប្រទេសកម្ពុជា កាន់តែជ្រៅក្នុងសង្គ្រាមចូលដល់ថ្ងៃទី១៧ គិតត្រឹមថ្ងៃទី២៤ ធ្នូ នេះ។
បណ្ដាញទូរទស្សន៍ Thai PBS បានរាយការណ៍នៅថ្ងៃទី២៤ ធ្នូ នេះថា យន្តហោះចម្បាំងថៃ F-16 បានធ្វើការវាយប្រហារតាមអាកាសទៅលើឃ្លាំងអាវុធកម្ពុជា នៅតំបន់ព្រំដែនដាច់ស្រយាលនៃខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែធ្នូ នេះ ដែលបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងតំបន់យ៉ាងខ្លាំង។
ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២៤ ធ្នូ នេះថា ថៃបានទម្លាក់គ្រាប់ប្រមាណជា ៧គ្រាប់ចម្ងាយពីផ្ទះរបស់ពួកគាត់ប្រហែលជា ៥០០ម៉ែត្រ ស្ថិតក្នុងភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពដដែល បញ្ជាក់ថា មុនទម្លាក់គ្រាប់ ពួកគេឃើញយន្តហោះថៃ T-50TH របស់ថៃ ហោះកាត់តំបន់របស់ពួកគាត់រស់នៅដែរ។
យោងតាមគេហទំព័រ Small Arms Survey បង្ហាញថា ប្រទេសថៃ មានយន្តហោះចម្បាំង៖
- ប្រភេទ T-50TH ចំនួន ១៤គ្រឿង
- យន្តហោះចម្បាំងប្រភេទ F-16 ចន្លោះពី ៤៧ ដល់ ៥៤គ្រឿង
- យន្តហោះចម្បាំងម៉ាក Gripen ចន្លោះពី ៧ ដល់ ១១គ្រឿង
- យន្តហោះចម្បាំងប្រភេទ Northrop F-5 Tiger II ចំនួន ១១គ្រឿង
- និងយន្តហោះម៉ាក Dassault/Dornier Alpha Jet A ចំនួន ១៨គ្រឿងផងដែរ។
តម្លៃមួយគ្រឿងចន្លោះពី ២០-៣០លានដុល្លារ។ យន្តហោះចម្បាំងធុនស្រាលប្រភេទ T-50TH Golden Eagle ជាយន្តហោះផលិតនៅប្រទេសកូរ៉េខាងត្បូង សហការជាមួយក្រុមហ៊ុនអាមេរិកាំង Lockheed Martin ដែលទ័ពអាកាសថៃ ប្រើក្នុងប្រតិបត្តិការតាមសមរភូមិគ្មានការគំរាមកំហែងដោយអាវុធធុនធ្ងន់។ រីឯយន្តហោះប្រភេទ Dassault/Dornier Alpha Jet A ផលិតដោយក្រុមហ៊ុនបារាំង និងអាល្លឺម៉ង់ ពីទសវត្ស ១៩៧០-១៩៨០ មួយគ្រឿងតម្លៃប្រមាណ ១២លានដុល្លារ ប៉ុន្តែបច្ចុប្បន្នតម្លៃប្រមាណតែ ១លានដុល្លារប៉ុណ្ណោះ។
ជុំវិញបញ្ហាទម្លាក់គ្រាប់បែកនេះ ប្រធានសភាពាណិជ្ជកម្មអាមេរិកាំងប្រចាំប្រទេសកម្ពុជា លោក ខេស៊ី បាណែត សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៤ ធ្នូ នេះថា យោធាថៃ កំពុងទម្លាក់គ្រាប់បែកចូលជ្រៅក្នុងទឹកដីកម្ពុជា ចម្ងាយ ៩៨គីឡូម៉ែត្រក្បែរតំបន់ទេសចរណ៍ភ្នំសំពៅ ខេត្តបាត់ដំបង នៅថ្ងៃពុធនេះ។ ភាគីថៃ ប្រាប់សហគមន៍អន្តរជាតិថា គេសំដៅតែទៅលើទីតាំងប្រតិបត្តិការឆបោកតាមអន្តរបណ្ដាញប៉ុណ្ណោះ។
រីឯក្រសួងមហាផ្ទៃកម្ពុជា វិញ បានបង្ហាញសេចក្តីរាយការណ៍នៅថ្ងៃទី២៤ ធ្នូ នេះដែរថា ទង្វើវាយប្រហារឈ្លានពានយ៉ាងកំរោលពីយោធាថៃ មកលើប្រទេសកម្ពុជា ក្នុងរយៈពេល ១៨ថ្ងៃមកនេះ បានធ្វើឱ្យពលរដ្ឋកម្ពុជា ជាង ៦សែននាក់ (៦០៨០៩៧នាក់) បានភៀសសឹកទៅរកទីសុវត្ថិភាព ដែលក្នុងចំណោមនោះ គឺមានស្ត្រីចំនួនជាង ៣សែននាក់ (៣១៨៧០៨នាក់) ខណៈកុមារក៏មានចំនួនជិត ២សែននាក់ផងដែរ (១៩១៩៥៧នាក់)៕
© 2025, . All rights reserved.