ក្រុមអ្នកចរចាអាមេរិកាំង និងអ៊ុយក្រែន កំពុងតែឈានដល់កិច្ចព្រមព្រៀងគ្នាលើសេចក្តីព្រាងថ្មីអំពីផែនការសន្តិភាពដែលលោក ដូណាល់ ត្រាំ ចង់បានឲ្យអនុវត្តទាំង ២០ចំណុច។
តាមសេចក្តីព្រាងថ្មីនេះ សហរដ្ឋអាមេរិកមិនតម្រូវឲ្យអ៊ុយក្រែន បោះបង់តំបន់ដុនបាស ហើយក៏មិនបានហាមឃាត់អ៊ុយក្រែន ចូលជាសមាជិកអង្គការណាតូ (NATO)។ តែជាមួយគ្នានេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក៏បានស្នើឲ្យភាគីអ៊ុយក្រែន និងរុស្ស៊ី បង្កើតតំបន់គ្មានកងទ័ព ឬតំបន់សេដ្ឋកិច្ចពិសេសដើម្បីឈានទៅបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បានបញ្ជាក់ថា សេចក្តីព្រាងទាំង ២០ចំណុចនេះមិនបានតម្រូវឲ្យអ៊ុយក្រែន ដកកងទ័ពភ្លាមៗចេញពីតំបន់ Donetsk តែអាចក្លាយជាតំបន់គ្មានកងទ័ព។
តាមលោក ហ្សេឡេនស្គី រដ្ឋាភិបាលក្រុងមូស្គូ បានដាក់ផែនការក្រសោបយកតំបន់ Donetsk ទាំងមូល ដោយចង់ឲ្យអ៊ុយក្រែន ដកកងទ័ពចេញពីតំបន់នេះ។ លោក ហ្សេឡេនស្គី បានបន្តទៀតថា តំបន់អ៊ុយក្រែន មាន Donetsk, Louhansk នៅភាគខាងកើត និង Zaporizhzhia, Kherson នៅភាគខាងត្បូងនៃប្រទេស ស្ថិតនៅក្រោមការកាន់កាប់របស់កងទ័ពរុស្ស៊ី មួយភាគធំ។
តាមសារព័ត៌មានប្រទេសអ៊ុយក្រែន ក្រុមចរចាអាមេរិកាំង និងអ៊ុយក្រែន បានពិភាក្សាគ្នាដើម្បីកំណត់ការដាក់ពង្រាយកងសន្តិសុខនៅតំបន់ទាំងនោះ និងកំណត់យកបរិវេណបង្កើតជាតំបន់គ្មានកងទ័ព ឬតំបន់សេដ្ឋកិច្ចពិសេសនាពេលខាងមុខតាមសំណើពីសហរដ្ឋអាមេរិក ដែលអ៊ុយក្រែន អាចនឹងយល់ព្រម។
ទោះជាយ៉ាងណាក្ដី ផែនការសន្តិភាពលោក ត្រាំ ទាំង ២០ចំណុចថ្មីនេះ មិនទាន់មានការយល់ព្រមពីភាគីរុស្ស៊ី នៅឡើយទេ។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២៥ ធ្នូ នេះ បាននិយាយថា រុស្ស៊ី នៅតែប្រកាសថាដែនដីតំបន់ដុនបាស នៅតែជាជម្រើសនៃដែនដីរុស្ស៊ី។
នៅឯកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងអំពីផែនការសន្តិភាពរបស់លោក ត្រាំ នេះដែរ តែលោកថា រុស្ស៊ី មិនទាន់បានមើលឃើញថាការដាក់តំបន់ដុនបាស ជាតំបន់គ្មានកងទ័ព អាចជាជម្រើសរុស្ស៊ី ចង់បាននោះទេ។ លោកថា វាជាជម្រើសរបស់អ៊ុយក្រែន។
បើតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី លោក ពូទីន នៅតែទទូចថាត្រូវផ្ទេរតំបន់ដុនបាស នេះ ទៅរុស្ស៊ី ទោះជាតំបន់នេះគ្មានកងទ័ពក៏ដោយ។ លោក ពូទីន នៅតែព្រមានថា កងទ័ពរុស្ស៊ី កំពុងវាយចាប់យកតំបន់ទាំងមូលពីដៃកងទ័ពអ៊ុយក្រែន។
ករណីនេះ មន្ត្រីជាន់ខ្ពស់រុស្ស៊ី ម្នាក់បានរិះគន់ថា ការចរចាលើសេចក្តីព្រាងថ្មីនេះថាមានការមិនច្បាស់លាស់ ដោយបានចោទសម្ពន្ធមិត្តរបស់អ៊ុយក្រែន ថាបានព្យាយាមជំរុញឲ្យមានការផ្លាស់ប្ដូរច្រើន ទើបបង្កើតតំបន់ដុនបាស ទៅជាតំបន់គ្មានកងទ័ព។
បែបនេះក្ដី ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី បានអំពាវនាវរកកិច្ចប្រជុំជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយរំពឹងថានឹងអាចមានការចុះសម្រុងគ្នាក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដូចជាបញ្ហាគ្រប់គ្រងទឹកដី ខណៈកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ឈានដល់ជុំចុងក្រោយហើយ។
លោក ហ្សេឡេនស្គី បាននិយាយថា គណៈប្រតិភូអ៊ុយក្រែន និងអាមេរិក ខិតជិតដល់ការបញ្ចប់ផែនការសន្តិភាព ២០ចំណុចនេះហើយ។
ទីក្រុងគៀវ និងមេដឹកនាំអឺរ៉ុប កំពុងដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន ឱ្យកែប្រែផែនការសន្តិភាពរបស់លោក ត្រាំ នៅចំណុចទឹកដី និងត្រូវតែធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ ការតម្រូវឱ្យអ៊ុយក្រែន លះបង់ទឹកដី និងបោះបង់សម្ពន្ធភាពជាមួយអឺរ៉ុប មិនត្រូវក្លាយជាការបំពេញតាមគោលបំណងរបស់ទីក្រុងមូស្គូ នោះទេ។
សង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ជិតដល់ឆ្នាំទី៤ ហើយ។ ចាប់តាំងពីរុស្ស៊ី លើកទ័ពវាយចាប់យកទឹកដីអ៊ុយក្រែន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ មក មហាអំណាចមួយនេះវាយយកបានទឹកដីអ៊ុយក្រែន ប្រមាណជាជិត ២០ ដែលក្នុងនោះរាប់ទាំងតំបន់ជ្រោយគ្រីមៀរ ដែលរុស្ស៊ី ឱបក្រសោបយកបានពីអ៊ុយក្រែន តាមរយៈការចុះហត្ថលេខាដោយមេដឹកនាំរត់ចោលស្រុកអ៊ុយក្រែន វ៉ិចទ័រ យ៉ាណាកូវិច នៅឆ្នាំ២០១៤។
លោក ហ្សេឡេនស្គី សច្ចាថានឹងមិនធ្វើតាមលោក វ៉ិចទ័រ យ៉ាណាកូវិច កាត់ទឹកដីឱ្យរុស្ស៊ី ដាច់ខាត ទោះកាលៈទេសៈណាក៏ដោយ។ លោកបញ្ជាក់ថា ឋានៈលោកជាប្រធានាធិបតី មិនមានបុព្វសិទ្ធិណាមួយតាមមាត្រារដ្ឋធម្មនុញ្ញអ៊ុយក្រែន បើកសិទ្ធិឱ្យមេដឹកនាំកាត់ទឹកដីទៅឱ្យអ្នកឈ្លានពានជាការដូរយកសន្តិភាពនោះទេ។
ជិតបួនឆ្នាំមកនេះ មហាអំណាចរុស្ស៊ី បាត់បង់ទ័ពរបស់ខ្លួនដល់ទៅជិត ១លាន ២០ម៉ឺននាក់ដែលមានទ័ពស្លាប់ និងរងរបួស ក្នុងនោះ ទ័ពស្លាប់ជាង ៦០ម៉ឺននាក់។ ចំណែកអ៊ុយក្រែន បាត់បង់ទ័ពជាង ២៥ម៉ឺននាក់ ក្នុងនោះមានទ័ពស្លាប់ជិត ៨០០០០នាក់។ នេះបើយោងតាមប្រភពចារកម្មខាងបស្ចិមប្រទេស៕
© 2025, . All rights reserved.