(រូប​ពី​ឆ្វេង) លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ត្រីភាគី​ជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​លោក សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រី​ការបរទេស​ថៃ នៅ​ខេត្ត​យូណាន ប្រទេស​ចិន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

មហាអំណាច​ចិន ដើរតួ​ផ្សះផ្សា​ជម្លោះ​ខ្មែរ-ថៃ ក្នុង​នាម​ជា​មហាមិត្ត​ប្រទេស​ទាំង​ពីរ

By ឌឹ ខេមបូឌា ដេលី

December 31, 2025

ក្រសួង​ការបរទេស​បី​ប្រទេស គឺ​កម្ពុជា ចិន និង​ថៃឡង់ដ៍ អះអាង​ដោយ​ប្ដេជ្ញា​ថា​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ស្រប​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន និង​សន្ធិសញ្ញា​មិត្តភាព និង​សហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ ជុំវិញ​សង្គ្រាម​កម្ពុជា-ថៃ ដែល​បាន​កើតឡើង​នៅ​ពេលនេះ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ត្រីភាគី កម្ពុជា ចិន និង​ថៃ កាលពី​ថ្ងៃទី​២៩ ធ្នូ ជុំវិញ​ស្ថានភាព​ជម្លោះ​កម្ពុជា-ថៃ នៅ​ថ្ងៃទី​៣០ ធ្នូ នេះ​ថា ប្រទេស​ចិន បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ត្រីភាគី កម្ពុជា និង​ថៃ ដើម្បី​កាត់បន្ថយ​កម្ដៅ​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ និង​នាំ​ស្ថានការណ៍​ទៅ​រក​សន្តិភាព។

ប្រភព​ដដែល​អះអាង​ថា កិច្ចប្រជុំ​នេះ​បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ធានា​ឱ្យ​បាន​នូវ​បទ​ឈប់​បាញ់ ដោយ​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ប្រកប​ដោយ​ប្រសិទ្ធភាព ខណៈ​ភាគី​ចិន ក៏បាន​ប្រកាស​គាំទ្រ​ចំពោះ​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា និង​ថៃ ដែល​ប្ដេជ្ញាចិត្ត​ធានា​នូវ​បទ​ឈប់​បាញ់​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ផង​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា ភាគី​ទាំង​បី​គាំទ្រ​ដល់​ការងារ​របស់​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន ស្របតាម​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) លើក​ទី​៣ កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ កន្លង​ទៅ ដើម្បី​វិលត្រឡប់​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ចិន បាន​ចេញ​មុខ​សម្របសម្រួល​ជុំវិញ​សង្គ្រាម​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ កន្លង​ទៅ​នេះ។

កាសែត​បាងកក​ប៉ុស្តិ៍ បាន​រាយការណ៍​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល កាលពី​ថ្ងៃទី​២៩ ធ្នូ ថា កិច្ចពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការបរទេស​ថៃ និង​រដ្ឋមន្ត្រី​ការបរទេស​ចិន ស្ដីពី​ជម្លោះ​ព្រំដែន​ថៃ-កម្ពុជា មាន​ដំណើរការ​ល្អ ដោយ​ពិភាក្សា​អំពី​ជម្រើស​នានា​នៃ​វិធានការ​បទ​ឈប់​បាញ់ ដែល​បាន​ចាប់ផ្តើម​កាលពី​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់​ថ្ងៃទី​២៧ ខែ​ធ្នូ កន្លង​ទៅ​នេះ។

នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ នេះ គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​លោក អនុធីន ឆានវីរៈគុល ប្រចាំការ​បណ្ដោះអាសន្ន បាន​អនុម័ត​ថវិកា ១៦០​លាន​ដុល្លារ ឬ ៥​ពាន់​លាន​បាត​សម្រាប់​យោធា​ធ្វើ​ប្រតិបត្តិការ​ការពារ​អធិបតេយ្យ និង​សន្តិសុខ​ជាតិ​ថៃ។

អ្នក​នាំពាក្យ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី សិរីពង្ស អង្គសាគុណគៀត (Siripong Angkasakulkiat) បញ្ជាក់​ប្រាប់​កាសែត​ថា គណៈរដ្ឋមន្ត្រី​បាន​បន្ថែម​ថវិកា​ជាង ៦​លាន​ដុល្លារ​ទៀត ដើម្បី​ឲ្យ​កងទ័ព​ជើងគោក​ទិញ​អាវុធ​ទំនើប​បន្ថែម​ក្នុង​គោលដៅ​ការពារ​ទឹកដី។

ប្រភព​ដដែល បញ្ជាក់​ថា យោធា​ថៃ កំពុង​តាមដាន​ស្ថានការណ៍​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​កម្ពុជា យ៉ាង​ហ្មត់ចត់ ហើយ​រយៈពេល ៧២​ម៉ោង​នៃ​បទ​ឈប់​បាញ់​នេះ គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​បញ្ជាក់​ពី​ភាព​ស្មោះត្រង់​របស់​កម្ពុជា ដែល​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែ​ធ្នូ នេះ។

ប្រភព​ដដែល​អះអាង​ថា ក្រោយ​មាន​បទ​ឈប់​កាលពី​ថ្ងៃទី​២៧ រហូត​ដល់​ល្ងាច​ថ្ងៃទី​២៩ ធ្នូ នេះ មិន​មាន​ការ​ស្លាប់ និង​ការ​បំផ្លិចបំផ្លាញ​ថ្មី​ទេ ខណៈ​ជនភៀសសឹក​ជាង ៦​សែន​នាក់ (៦១១៨៨៩​នាក់) បាន​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ​ជាង ១​ម៉ឺន​នាក់​ហើយ (១៤៩៦៣​នាក់)។

ក្រសួង​មហាផ្ទៃ​កម្ពុជា បញ្ជាក់​ថា ពេល​នេះ រាជរដ្ឋាភិបាល​កំពុង​បន្ត​យកចិត្ត​ទុកដាក់​ពិនិត្យ និង​ដោះស្រាយ​កិច្ចការ​អាទិភាព​ដើម្បី​ធានា​ការ​វិលត្រឡប់​មក​រក​ប្រក្រតីភាព​នៃ​សេវា​សាធារណៈ​ឡើងវិញ​ឱ្យ​បាន​ឆាប់ ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​ដែល​កំពុង​បិទ​ផ្អាក​រយៈពេល​កន្លង​មក៕

© 2025, . All rights reserved.