កងទ័ពរំដោះចិន បានបន្តចាប់ផ្ដើមធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតក្នុងថ្ងៃទីពីរនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅជុំវិញកោះតៃវ៉ាន់ ក្នុងគោលដៅហាត់សមពីរបៀបបិទខ្ទប់កំពង់ផែសំខាន់ៗជុំវិញកោះតៃវ៉ាន់ ហើយបើកោះតៃវ៉ាន់ប៉ះទង្គិចជាយថាហេតុ វានឹងបង្កឱ្យចិន បើកការវាយប្រហារភ្លាមចាប់យកដែនកោះដ៏ធំបំផុតនៅអាស៊ីខាងកើតនេះ។
រដ្ឋាភិបាលកោះតៃវ៉ាន់ បានហៅប្រទេសចិន ថាកំពុងបំផ្លាញសន្តិភាពតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
សមយុទ្ធទ្រង់ទ្រាយធំមានទាំងនាវាចម្បាំង យន្តហោះចម្បាំង និងបាញ់គ្រាប់មីស៊ីល និងកាំភ្លើងធំមានរយៈពេល ២ថ្ងៃ ដែលតាមគម្រោងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ធ្នូ។ សមយុទ្ធនេះ មានឈ្មោះថា បេសកកម្មដើម្បីយុត្តិធម៌ ២០២៥។
អាជ្ញាធរតៃវ៉ាន់ ថ្កោលទោសដោយចាត់ទុកថាជាការសម្លុតគំរាមដោយកម្លាំងយោធាយ៉ាងខ្លាំងពីសំណាក់ទីក្រុងប៉េកាំង ទៅលើប្រជាពលរដ្ឋតៃវ៉ាន់។
យ៉ាងណា ចិននៅតែអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបានព្រមានជារឿយៗថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមជាតិនៅក្នុងករណីចាំបាច់។ ប៉ុន្តែសមយុទ្ធយោធាចិន ដ៏ធំបំផុតនេះ ធ្វើឡើងក្រោយពីរដ្ឋការលោក ដូណាល់ ត្រាំ បានអនុម័តការលក់អាវុធដ៏ធំថែមទៀតមានតម្លៃដល់ទៅជាង ១១ពាន់លានដុល្លារទៅឱ្យតៃវ៉ាន់ និងចំពេលចិន កំពុងមានភាពតានតឹងជាមួយជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន អ្នកស្រី Sanae Takaichi បាននិយាយថា ជប៉ុនអាចនឹងធ្វើអន្តរាគមន៍យោធា ប្រសិនបើចិន បើកការវាយប្រហារលើតៃវ៉ាន់។
អាវុធយុទ្ធភណ្ឌអាមេរិកាំងចម្រុះធុនលក់ឲ្យកោះតៃវ៉ាន់ ប្រកាសកាលពីថ្ងៃទី១៧ ខែធ្នូ នេះ មានយន្តហោះ F-16 រ៉ុក្កែតគ្រប់ធុន កាំជ្រួចការពារដែនអាកាស មីស៊ីលដីអាកាស កាំភ្លើងធំសណ្ដោង ឬផ្ទុកលើរថយន្តគ្រប់ធុន ឧទ្ធម្ភាគចក្រប្រយុទ្ធ ជាដើម។ ដើម្បីការពារសម្ពន្ធមិត្តសហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីខាងកើត តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន ក្រុងវ៉ាស៊ីនតុន បានបញ្ជូននាវាផ្ទុកយន្តហោះយ៉ាងតិច ៥គ្រឿង ដាក់ពង្រាយប្រចាំការឃ្លាំមើលសកម្មភាពកងទ័ពរំដោះចិន។
ក្រុងប៉េកាំង បានព្រមានថា កម្លាំងខាងក្រៅដែលកំពុងបំពាក់អាវុធឱ្យតៃវ៉ាន់ ជាការជំរុញឱ្យតំបន់ច្រកសមុទ្រតៃវ៉ាន់ ធ្លាក់ចូលក្នុងស្ថានការណ៍ដ៏គ្រោះថ្នាក់ដែលខិតជិតទៅរកសង្គ្រាម។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា ការប៉ុនប៉ងណាមួយដើម្បីបញ្ឈប់ចិន ពីការបង្រួបបង្រួមជាមួយតៃវ៉ាន់ នឹងជួបរឿងបរាជ័យយ៉ាងអាម៉ាស់។
សមយុទ្ធនេះមានការចូលរួមពីកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងកងកម្លាំងរ៉ុក្កែតរបស់ចិន ដោយផ្ដោតជាសំខាន់លើការល្បាតត្រៀមលក្ខណៈប្រយុទ្ធទាំងផ្លូវសមុទ្រ និងអាកាស ក៏ដូចជាហាត់សមលើការបិទខ្ទប់កំពង់ផែសំខាន់ៗរបស់តៃវ៉ាន់ ដែលជាការបញ្ជូនសារដ៏ខ្លាំងមួយប្រឆាំងដែនកោះតៃវ៉ាន់ ចង់ប្រកាសឯករាជ្យ។
យ៉ាងណា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកមិនមានការព្រួយបារម្ភចំពោះការធ្វើសមយុទ្ធយោធារបស់ចិន ទោះជាបាញ់គ្រាប់ពិតនៅជុំវិញកោះតៃវ៉ាន់ ក៏ដោយ ក៏ទីក្រុងវ៉ាស៊ីនតុន គិតថាលទ្ធភាពដែលថាលោកប្រធានាធិបតីចិន ស៊ី ជីនពីង អាចនឹងបញ្ជាឱ្យបើកការវាយប្រហារលើតៃវ៉ាន់ នឹងមិនមែនពេលនេះទេ។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះនៅពេលលោកត្រូវបានក្រុមអ្នកសារព័ត៌មានសាកសួរអំពីសមយុទ្ធយោធារបស់ចិន ជុំវិញកោះតៃវ៉ាន់ ដែលបានឈានចូលថ្ងៃទី២ នៅថ្ងៃអង្គារនេះ។
លោក ត្រាំ បានឆ្លើយប្រាប់អ្នកសារព័ត៌មានថា គ្មានអ្វីធ្វើឱ្យលោកព្រួយបារម្ភឡើយ។ លោកចំអកថា ចិនធ្វើសមយុទ្ធជើងទឹកអស់ជាង ២០ឆ្នាំមកហើយនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
តែចំពោះប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te បានប្ដេជ្ញាថា តៃវ៉ាន់នឹងមិនបង្កើនជម្លោះ ឬបង្កវិវាទអ្វីឡើយ។ ការិយាល័យរបស់លោក Lai Ching-te បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសមយុទ្ធយោធាចិនដីគោក។ លោកចោទថាជាសកម្មភាពសម្លុតគំរាមដែនដីអធិបតេយ្យមួយ។
ចិនចាត់ទុកកោះតៃវ៉ាន់ ជាផ្នែកមិនអាចកាត់ផ្ដាច់បានដាច់ខាតពីដែនអធិបតេយ្យរបស់ទីក្រុងប៉េកាំង។
សមយុទ្ធរបស់កងទ័ពចិន នេះ បានបង្កការប៉ះពាល់យ៉ាងខ្លាំងដល់ចរាចរណ៍ផ្លូវអាកាស។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលតៃវ៉ាន់ បានឲ្យដឹងថា ភាគីចិន បានកំណត់ដែនអាកាសប្រឈមគ្រោះថ្នាក់បណ្ដោះអាសន្នដើម្បីហាមឃាត់មិនឲ្យមានយន្តហោះឆ្លងកាត់។ ជាផលវិបាក កាលពីថ្ងៃចន្ទ ទី២៩ ធ្នូ មានអ្នកដំណើរចំនួនជាង ១០ម៉ឺននាក់រងផលប៉ះពាល់ ព្រោះជើងយន្តហោះប្រមាណ ៨៥៧ជើង ត្រូវប្តូរផ្លូវ ឬត្រូវលុបចោលការហោះហើរ។
អាជ្ញាធរតៃវ៉ាន់ បញ្ជាក់ថា ថ្ងៃទីមួយនៃការធ្វើសមយុទ្ធរបស់កងទ័ពចិន មានយន្តហោះចម្បាំងចិន ៨៩គ្រឿង និងនាវាចម្បាំងចិន ២៨គ្រឿង បានហោះចូលដែនអាកាសតៃវ៉ាន់ និងជារូបភាពឡោមព័ទ្ធតៃវ៉ាន់។
តាមក្រសួងការពារជាតិតៃវ៉ាន់ ចិនបានប្រើយន្តហោះចម្បាំង និងនាវាចម្បាំងក្នុងចំនួនច្រើនបំផុត។ អាជ្ញាធរតៃវ៉ាន់ ចាត់ទុកការប្រើកម្លាំងទ័ពឡោមព័ទ្ធតៃវ៉ាន់ គឺជាការគំរាមយ៉ាងធ្ងន់ធ្ងរទៅលើសន្តិសុខតៃវ៉ាន់ និងសន្តិសុខតំបន់ទាំងមូល។
យ៉ាងណា លោក លីន ជាន អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា រាល់សកម្មភាពណាមួយដែលមានចេតនារារាំងដល់ការបង្រួបបង្រួមជាតិចិន អាចនឹងត្រូវកម្ទេច ទោះជាកម្លាំងពីខាងក្រៅក៏ដោយ។
សូមបញ្ជាក់ថា តៃវ៉ាន់ និងចិន ជាបងប្អូនតែមួយ តែដែនដីពីរនេះបែកបាក់គ្នានៅឆ្នាំ១៩៤៩ ក្រោយពីកងទ័ពបដិវត្តន៍ចិន បង្កសង្គ្រាមវាយផ្ដួលរំលំរបបសាធារណរដ្ឋចិន ដែលសព្វថ្ងៃស្ថិតនៅលើកោះតៃវ៉ាន់។
រដ្ឋាភិបាលបក្សកុម្មុយនីស្តបានដណ្ដើមយកអាសនៈពីរដ្ឋាភិបាលសាធារណរដ្ឋចិនតៃវ៉ាន់ នៅឆ្នាំ១៩៧១ តាមរយៈដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លេខ២៧៥៨ ដោយទទួលស្គាល់រដ្ឋាភិបាលបក្សកុម្មុយនីស្តចិន សព្វថ្ងៃ ជារដ្ឋអធិបតេយ្យនៅក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។
ទោះជាយ៉ាងណាក្ដី ការគំរាមកំហែងរបស់ចិន ចង់លើកទ័ពវាយយកកោះតៃវ៉ាន់ មានច្រើនសិបដងមកហើយចាប់តាំងពីឆ្នាំ១៩៧១ មក៕
© 2025, . All rights reserved.