អ្នកច្បាប់ចាត់ទុកថាការដោះលែងទាហានខ្មែរទាំង ១៨នាក់ ជាទង្វើត្រឹមត្រូវលើកដំបូងដែលភាគីថៃ បានបង្ហាញក្រោយពីជម្លោះតាមព្រំដែនជាមួយគ្នាទាំងពីរលើក ដែលមានរយៈពេលជិត ១ឆ្នាំមកនេះ។
អតីតមេធាវីសាលាក្ដីខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣១ ធ្នូ នេះថា ចាប់ពីពេលនេះតទៅ ពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជាផង លែងជឿទុកចិត្តប្រទេសថៃ ថាជាអរិយរដ្ឋទៀតហើយ ដោយសារតែថៃ បានបង្កបញ្ហាជាច្រើនតាមព្រំដែន និងលើឆាកអន្តរជាតិជាមួយប្រទេសកម្ពុជា ដែលនាំដល់ភាពអាម៉ាស់ផ្នែកការទូតយ៉ាងធ្ងន់ធ្ងរ។
លោកថា ភាពអាម៉ាស់របស់ថៃ បានបង្ហាញតាមទង្វើជាច្រើន ដូចជាការមិនគោរពច្បាប់ការទូត ការមិនគោរពបទបញ្ញត្តិនានានៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់នៃសន្ធិសញ្ញាអន្តរជាតិដែលរដ្ឋជាហត្ថលេខីត្រូវតែគោរព ដូចជា សន្ធិសញ្ញាបារាំង-សៀម រួមទាំងផែនទីបារាំង-សៀម ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណត់ដែនសីមាកម្ពុជា-ថៃ ព្រមទាំងច្បាប់សង្គ្រាម ជាដើម។ ប៉ុន្តែច្បាប់ទាំងនេះ ត្រូវថៃ រំលោភបំពានជាបន្តបន្ទាប់ ដូចជាការវាយប្រហារលើគោលដៅស៊ីវិល វាយប្រហារលើតំបន់វប្បធម៌ រួមមានប្រាសាទព្រះវិហារ និងការប្រកាសវាយប្រហាររបស់កងទ័ពថៃ មកលើរដ្ឋអធិបតេយ្យកម្ពុជា ដោយមិនក្រែងច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញសហប្រជាជាតិថែមទៀតនោះ។
លោក កង ឫទ្ធិគិរី បញ្ជាក់ថា ឥរិយាបថរបស់រដ្ឋាភិបាលថៃ ពេលនេះ មិនមែនគ្រាន់តែរងការរិះគន់ត្រឹមតែភាគីជម្លោះកម្ពុជា និងអន្តរជាតិនានានោះទេ ប៉ុន្តែក៏ត្រូវរងការរិះគន់យ៉ាងខ្លាំងពីបញ្ញវន្តថៃ ដែលមានមនសិការ និងសារព័ត៌មានថៃ ដែលប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈរបស់គេផងដែរ ក្រោមហេតុផលថា ថៃបានធ្វើរឿងដែលនាំដល់ការបាត់ទំនុកចិត្តលើរដ្ឋថៃ ពីសហគមន៍អន្តរជាតិ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ សម្រេចដោះលែងកងទ័ពកម្ពុជា ទាំង ១៨នាក់នៅថ្ងៃពុធនេះ ក្រោយយោធាថៃ ឃុំខ្លួនអស់រយៈពេល ១៥៥ថ្ងៃមកនោះ។
ទោះជាអ្នកច្បាប់ខ្មែរមើលឃើញដូច្នេះក្តី ពលរដ្ឋខ្មែរជាច្រើនឯទៀត រួមទាំងសហគមន៍អន្តរជាតិផងដែរ មិនបានថ្កោលទោសរដ្ឋាភិបាល និងកងទ័ពថៃ នោះទេ។ គេគ្រាន់តែអំពាវនាវឲ្យមានការចរចាគ្នាបញ្ចប់ជម្លោះតែប៉ុណ្ណោះ។ នេះមកពីប្រទេសថៃឡង់ដ៍ ប្រាប់ពិភពលោកថា គេបង្ក្រាប កាត់ផ្ដាច់ប្រព័ន្ធសម្បុកឆបោកតាមអន្តរបណ្ដាញ (online scams) ដែលរីកស្គុះស្គាយតាមកាស៊ីណូក្នុងប្រទេសកម្ពុជាសង់តាមតំបន់ព្រំដែនខ្មែរ-ថៃ ហើយបណ្តាលឲ្យពលរដ្ឋប្រទេសជាច្រើនរងគ្រោះដោយសារអំពើឧក្រិដ្ឋនេះ។
សហរដ្ឋអាមេរិក ប្រទេសចិន យៀកណាម ឥណ្ឌូនេស៊ី បានប្រាប់រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ២០២២ អំពីឧក្រិដ្ឋជនបង្កើតបណ្ដាញឆបោកនៅប្រទេសកម្ពុជា ប៉ុន្តែមន្ត្រីរាជរដ្ឋាភិបាលមិនបានប្រឹងបង្ក្រាបខ្លាំងក្លានោះឡើយ។
ក្រសួងការពារជាតិប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣១ ធ្នូ នេះដែរថា វីរកងទ័ពកម្ពុជា ទាំង ១៨នាក់ ត្រូវបានយោធាថៃ ដោះលែងឱ្យត្រឡប់មកប្រទេសកម្ពុជា វិញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ០០នាទីព្រឹក ក្រោមការឯកភាពគ្នារវាងកម្ពុជា និងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅ។
រាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ។
ជុំវិញបញ្ហានេះ ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣១ ធ្នូ នេះដែរថា ការដោះលែងយោធាកម្ពុជា ដែលជាប់ឃុំទាំង ១៨នាក់នៅថ្ងៃនេះ គឺជាជំហានវិជ្ជមានមួយដែលនឹងជួយស្ដារការជឿជាក់ និងទំនុកចិត្តរវាងកម្ពុជា-ថៃ ឡើងវិញ។
ចំណែកឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក Dominic Williams បានលើកឡើងនៅដដែលនេះដែរថា ការដោះលែងនេះ គឺជាការវិវឌ្ឍជាវិជ្ជមានមួយ ខណៈចក្រភពអង់គ្លេស នៅតែបន្តលើកទឹកចិត្តដល់ភាគីទាំងពីរឱ្យចាត់វិធានការបន្ថែមទៀត ដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រជាជនប្រទេសទាំងពីរ និងដើម្បីកសាងសន្តិភាពយូរអង្វែង។
រីឯស្ថានទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា លោក Stefan Messerer បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃតែមួយនេះដែរថា នេះគឺជាជំហានមួយឆ្ពោះទៅរកបទឈប់បាញ់ដែលកាន់តែរឹងមាំ ហើយការវិវឌ្ឍនេះបង្ហាញពីការផ្លាស់ប្ដូរវិជ្ជមាន និងបង្កើតឱកាសដើម្បីកសាងទំនុកចិត្តឡើងវិញ។
លោក Stefan Messerer បញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ នៅតែប្ដេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការគាំទ្រការសន្ទនាដោយសន្តិវិធី និងស្ថិរភាពរយៈពេលវែងរវាងប្រទេសទាំងពីរ។
យោធាខ្មែរទាំង ១៨នាក់ ត្រូវបានយោធាថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជា និងថៃ បានព្រមព្រៀងលើបទឈប់បាញ់ដែលផ្ដួចផ្ដើមដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែកក្កដា។
ជុំវិញបញ្ហានេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានប្រាប់សេនានុព័ន្ធយោធា និងមន្ត្រីការទូតទាំង ១៣ប្រទេស ដោយចោទថា ក្រោយពីបទឈប់បាញ់ចូលជាធរមាន ទាហានថៃ បានប្រើល្បិចកលចាប់ទាហានកម្ពុជា ចំនួន ២០នាក់។
ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ត្រា អះអាងថា ក្រោយពេលមានបទឈប់បាញ់គ្នា ទាហានថៃ បានដើរមកស្វាគមន៍ទាហានកម្ពុជា ដោយសម្ដែងនូវការស្រុះស្រួលគ្នា និងសុំទាហានកម្ពុជា ថតរូបជាមួយគ្នាថែមទៀត ប៉ុន្តែពេលកំពុងថតរូប ក្រុមទាហានថៃ ដែលបង្កប់ខ្លួននៅក្នុងព្រៃ ក៏ចេញមកភ្ជង់កាំភ្លើងចាប់ខ្លួនទាហានខ្មែរតែម្តង។ ចំណែកឯយោធាថៃ វិញ គេប្រាប់អន្តរជាតិថា ទាហានខ្មែរទាំងនោះគេចាប់បានក្នុងសមរភូមិ ហើយចាត់ទុកជាឈ្លើយសឹក។
ក្រោយចាប់ខ្លួន ភាគីថៃ បានពន្យារពេលដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ជាបន្តបន្ទាប់ ក្នុងនោះ ថៃក៏ធ្លាប់សន្យាដោះលែងទាហាននៅថ្ងៃទី១២ ខែវិច្ឆិកា ម្តងដែរ ក្រោយថៃ ឯកភាពលើបទឈប់បាញ់កាលពីថ្ងៃទី២៦ ខែតុលា ដែលប្រធានាធិបតីសហរដ្ឋអាមេរិកចេញមុខធ្វើជាសាក្សី ប៉ុន្តែភាគីថៃ បានបដិសេធដោះលែងវិញ ខណៈកម្ពុជា ចាត់ទុកទង្វើរបស់ភាគីថៃ បែបនេះថាជាល្បិចកលយកទាហានកម្ពុជា ទាំង ១៨នាក់ធ្វើជាចំណាប់ខ្មាំងក្នុងជម្លោះព្រំដែនរវាងប្រទេសទាំងពីរ។
ទោះជាយ៉ាងនេះក្តី ភាគីថៃ សន្យាចំពោះមុខអន្តរជាតិថា គេនឹងដោះលែងឈ្លើយសឹកទាំងអស់ ដរាបណាស្ថានការណ៍តាមព្រំដែនស្ងប់ស្ងាត់ឈប់បាញ់គ្នា៕
© 2026, . All rights reserved.