រាជបណ្ឌិត្យសភាកម្ពុជា អំពាវនាវដល់ពលរដ្ឋប្រើបណ្ដាញទំនាក់ទំនងសង្គម កុំបង្អួតការកម្សាន្ត ម្ហូបអាហារ និងស្រាថ្លៃៗក្នុងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៥ ចូលឆ្នាំ២០២៦ នាពេលនេះ ដោយសារប្រទេសជាតិកំពុងជួបទុក្ខសោកដោយសារសង្គ្រាមឈ្លានពានពីបរទេសជិតខាង។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣១ ធ្នូ នេះ ដោយពោលសារទុក្ខថា ប្រជាជនស្ទើរពាសពេញពិភពលោកបាននាំគ្នាប្រារព្ធពិធីឆ្លងឆ្នាំដោយសេចក្តីសប្បាយរីករាយ ប៉ុន្តែសម្រាប់ប្រជាជនខ្មែរកំពុងជួបទុក្ខសោក និងដំបៅដួងចិត្តយ៉ាងជ្រៅបំផុត ដែលលោកថាបង្កឡើងដោយសង្គ្រាមឈ្លានពានពីប្រទេសថៃ។
បណ្ឌិត គិន ភា លើកឡើងថា ក្នុងកាលៈទេសៈដ៏សែនសោកសៅនេះ ប្រជាពលរដ្ឋដែលប្រារព្ធពិធីឆ្លងឆ្នាំសកល មិនគួរសម្ញែងបង្អួតអំពីជីវិតសប្បាយរីកថ្លើមជាមួយសាច់ញាតិ ឬក្រុមគ្រួសារនៅតាមរមណីយដ្ឋាន ឬភោជនីយដ្ឋានទំនើបៗឡើយ ព្រោះខណៈនេះ វីរកងទ័ពខ្មែរនៅកំពុងដេកត្រាំទឹកក្នុងលេណដ្ឋានដើម្បីការពារទឹកដីអស់រយៈពេលជាង ២០ថ្ងៃមកហើយ ដែលមិនទាន់ងូតទឹកលាងជម្រះខ្លួនម្តងផង។
ជាងនេះទៀត ក៏មិនគួរបង្អួតអាហារ និងស្រាថ្លៃៗដែលសល់ពោរពាសសល់ពេញតុដែរ ព្រោះវីរកងទ័ព និងពលរដ្ឋភៀសសឹកកំពុងខ្វះខាតអាហារ និងទឹកស្អាតនៅសមរភូមិមុខ និងនៅតាមមណ្ឌលជនភៀសសឹកនានានោះ។
មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា រូបនេះបញ្ជាក់ថា ការអំពាវនាវនេះមិនមែនហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួបជុំគ្រួសារដើម្បីប្រារព្ធពិធីឆ្លងឆ្នាំទេ ឬក៏ដោយសារលោកច្រណែនដែរ គ្រាន់តែលោកមិនចង់ឱ្យមានរូបភាពបង្ហាញពីគម្លាតសង្គមដែលនាំទៅដល់ការរើសអើងប៉ុណ្ណោះ។
គេសួរថា តើគំនិតសមធម៌ក្នុងសង្គមនេះមានពលរដ្ឋប៉ុន្មាននាក់ស្តាប់ ហើយធ្វើតាម ជាពិសេសកូនចៅអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
ការអះអាងនេះ ធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា កំពុងរងការបំផ្លាញដោយសារសង្គ្រាមជាមួយប្រទេសថៃ យ៉ាងដំណំទាំងជីវិតមនុស្ស និងទ្រព្យសម្បត្តិផងដែរ។
គិតចាប់តាំងពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមកម្ពុជា-ថៃ មានរយៈពេល ២១ថ្ងៃហើយ ដែលបានប៉ះពាល់ និងសម្លាប់ជីវិតមនុស្ស រួមទាំងបង្ខំឱ្យពលរដ្ឋភៀសសឹក ព្រមទាំងបង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងធំធេង។
ក្រសួងមហាផ្ទៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៣០ ខែធ្នូ ថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែធ្នូ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅគេហដ្ឋានវិញជាង ២ម៉ឺននាក់ហើយ (២០១៦២នាក់) ប៉ុន្តែពលរដ្ឋដែលកំពុងបន្តស្នាក់នៅតាមជំរំភៀសសឹកនៅតែមានច្រើន គឺជិត ៦សែននាក់ទៀត (៥៧៤៣៨៣នាក់) ដែលមានស្ត្រីជាង ៣សែននាក់ (៣០០២៩២នាក់) និងកុមារជិត ២សែននាក់ផងដែរ (១៨០៤៨៣នាក់)។
ក្រសួងមហាផ្ទៃ អះអាងថា សង្គ្រាមរយៈពេលជាង ២០ថ្ងៃមកនេះ បានបណ្តាលឱ្យជនស៊ីវិលកម្ពុជាស្លាប់ ៣២នាក់ ដែលក្នុងនោះ គឺមានកុមារម្នាក់ថែមទៀត និងរបួស ៩៥នាក់ផងដែរ ខណៈហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបានរងការខូចខាតជាង ២០០កន្លែង (២១៣កន្លែង)។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានលើកឡើងកាលពីថ្ងៃទី២៩ ខែធ្នូ នេះថា ទុក្ខលំបាក និងការធ្វើពលិកម្មសាច់ស្រស់ឈាមស្រស់នៃវីរជននៅសមរភូមិ គឺជាការដាស់តឿនកុំឱ្យពលរដ្ឋខ្មែរគ្រប់គ្នាបំភ្លេចនូវពាក្យថា «បែកបាក់ គឺស្លាប់ សាមគ្គីរឹងមាំ គឺរស់»។
លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា ពេលនេះ ប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ចំណែកកុមាររាប់ពាន់នាក់ក៏កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញដែរ ខណៈក្រុមគ្រួសារកងទ័ព កងកម្លាំងនគរបាលរាប់ពាន់នាក់ ក៏កំពុងរង់ចាំផ្លូវឪពុក ប្តី កូន ពូ មីង បងប្អូនរបស់ពួកគេពីសមរភូមិយ៉ាងអន្ទះសាបំផុតដូចគ្នាដែរ៕
© 2026, . All rights reserved.