លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក

ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ គំរាម​វាយ​អ៊ីរ៉ង់ ប្រសិនបើ​រដ្ឋអំណាច​នេះ​ហ៊ាន​សម្លាប់​ក្រុម​បាតុករ ខណៈ​ការ​តវ៉ា​ផ្ទុះ​ឡើង​កាន់តែ​ខ្លាំង

By ឌឹ ខេមបូឌា ដេលី

January 04, 2026

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​ថា សហរដ្ឋ​អាមេរិក​បាន​ត្រៀម​លក្ខណៈ​រួច​ជាស្រេច​ដើម្បី​ធ្វើ​អន្តរាគមន៍ ប្រសិនបើ​រដ្ឋអំណាច​នៅ​ប្រទេស​អ៊ីរ៉ង់ សម្លាប់​ក្រុម​បាតុករ ដែល​នៅ​ខណៈ​នេះ​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​ការ​កើន​ឡើង​ថ្លៃ​ទំនិញ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​ឈាន​ដល់​ការ​បង្ក​ឱ្យ​មាន​មនុស្ស​បាត់បង់​ជីវិត ដំណាល​ពេល​បាតុកម្ម​ផ្ទុះ​រីក​រាលដាល​ដល់ ២១​ខេត្ត-ក្រុង​ហើយ​បើ​គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​២ ខែ​មករា ឆ្នាំ​២០២៦។

ក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម Truth Social លោក ដូណាល់ ត្រាំ អះអាង​ថា ប្រសិនបើ​រដ្ឋអំណាច​នៅ​អ៊ីរ៉ង់ បាញ់​សម្លាប់​ក្រុម​អ្នក​តវ៉ា​ដោយ​ហិង្សា​ដែល​ជា​ទម្លាប់​របស់​អាជ្ញាធរ ចំពោះ​សហរដ្ឋ​អាមេរិក​នឹង​ចូល​ទៅ​ជួយ​សង្គ្រោះ​អ្នក​ទាំងនោះ។

លោក​ប្រធានាធិបតី បាន​សង្កត់​ធ្ងន់​បន្ថែម​ថា សហរដ្ឋ​អាមេរិក​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​បំពេញ​កាតព្វកិច្ច​មួយ​ដែល​សហរដ្ឋ​អាមេរិក​មើលឃើញ​តម្លៃ​មនុស្សធម៌​នៃ​ពិភពលោក។

បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នា​ថ្ងៃ​សុក្រ ទី​២ ខែ​មករា ឆ្នាំ​២០២៦ ក្រុម​បាតុករ និង​កងកម្លាំង​សន្តិសុខ បាន​ប៉ះទង្គិច​គ្នា​នៅ​ទីក្រុង​មួយ​ចំនួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១ ខែ​មករា ឆ្នាំ​២០២៦ នេះ បណ្ដាល​ឱ្យ​មនុស្ស ៦​នាក់​ត្រូវ​បាន​រាយការណ៍​ថា​បាន​បាត់បង់​ជីវិត។ នេះ​ជា​សេចក្តី​រាយការណ៍​លើកដំបូង​អំពី​អ្នក​ស្លាប់​ចាប់តាំងពី​អំពើ​ហិង្សា​បាន​កើន​ឡើង ៦​ថ្ងៃ​ជាប់​គ្នា​មក​នេះ។

ប្រជាជន​អ៊ីរ៉ង់ នៅ​រដ្ឋធានី​តេហេរ៉ង់ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៥។ បាតុករ​តវ៉ា​ព្រោះតែ​ការ​កើន​ឡើង​ថ្លៃ​ទំនិញ និង​បញ្ហា​សេដ្ឋកិច្ច​ដែល​មិន​មាន​កំណើន​រយៈពេល​ជាង​មួយ​ទសវត្ស​ចុងក្រោយ​នេះ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ បាន​រាយការណ៍​ថា មនុស្ស ២​នាក់​បាន​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​កងកម្លាំង​សន្តិសុខ និង​ក្រុម​បាតុករ​នៅ​ទីក្រុង Lordegan នៃ​ខេត្ត Chaharmahal និង​ខេត្ត Bakhtiari ហើយ ៣​នាក់​ទៀត​បាន​ស្លាប់​ក្នុង​ទីក្រុង Azna នៃ​ខេត្ត Lorestan ដែល​ស្ថិត​ជាប់​គ្នា។

តែ​យ៉ាងណា ក៏​មាន​សេចក្តី​រាយការណ៍​ដែរ​ថា សមាជិក​ម្នាក់​នៃ​កងកម្លាំង​សន្តិសុខ ត្រូវ​បាន​សម្លាប់​អំឡុង​ការ​តវ៉ា​នៅ​ទីក្រុង Kouhdasht ភាគ​ខាងលិច។

អ្នក​សង្កេតការណ៍​កត់ត្រា​ថា បាតុកម្ម​នេះ​នៅ​មាន​ទំហំ​តូច​ជាង​ឆ្នាំ​២០២២ ដែល​បាន​ផ្ទុះ​ឡើង​ដោយសារ​ការ​ស្លាប់​នារី​ម្នាក់​ឈ្មោះ Mahsa Amini ដែល​ត្រូវ​បាន​អាជ្ញាធរ​អ៊ីរ៉ង់ ចាប់​ឃុំ​ខ្លួន ដោយសារ​បំពាន​ច្បាប់​ដ៏​តឹងរ៉ឹង​ស្ដីពី​ការ​ស្លៀកពាក់​របស់​ស្ត្រី។ ការ​បាត់បង់​ជីវិត​របស់​ស្ត្រី​ម្នាក់​នោះ បាន​ដុត​បញ្ឆេះ​កំហឹង​ទូទាំង​ប្រទេស រុញ​មហា​បាតុកម្ម ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់ ក្នុង​នោះ​រាប់​សិប​នាក់​ជា​សមាជិក​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ង់។

តែ​ជាមួយ​គ្នា​នេះ លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Massoud Pezeshkian បាន​ចេញ​មុខ​ថ្លែង​ថា លោក​យល់​អំពី​ទុក្ខ​លំបាក​របស់​ប្រជាជន ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច ទំនិញ​ឡើង​ថ្លៃ​រួមរឹត​ជីវភាព​ឲ្យ​កាន់តែ​លំបាក។

សេដ្ឋកិច្ច​អ៊ីរ៉ង់ កំពុង​ស្ថិត​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ទេ ដោយសារតែ​ទណ្ឌកម្ម​អន្តរជាតិ​ដែល​រុញ​តម្លៃ​រូបិយប័ណ្ណ​អ៊ីរ៉ង់ បាន​ធ្លាក់​ថ្លៃ​រហូត​ដល់​គ្រោះថ្នាក់​ដល់​សេដ្ឋកិច្ច។ អត្រា​អតិផរណា​បាន​ឡើង​ប៉ោង​ដល់​ទៅ ៥២% ក្នុង​រយៈពេល ១​ឆ្នាំ​នៅ​ឆ្នាំ​២០២៥។

បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ទំនិញ​គ្រប់​មុខ​ឡើង​ថ្លៃ​កប់​ពពក ខណៈ​ដែល​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​ព្រោះ​គ្មាន​ការ​វិនិយោគ និង​គ្មាន​ទំនាក់ទំនង​ល្អ​ជាមួយ​បរទេស​លោកខាងលិច។ ជីវភាព​ប្រជាជន​កាន់តែ​លំបាក​នេះ ដែល​ជា​ការ​រុញ​ឲ្យ​ផ្ទុះ​បាតុកម្ម​របស់​ប្រជាជន​យ៉ាង​ខ្លាំង​ដូចនេះ។

អ្នកវិភាគ​នៅ​ក្រុង​វ៉ាស៊ីនតុន ថ្លែង​តាម​ទូរទស្សន៍ NBC ថា ឃើញ​ស្ថានការណ៍​ដូច្នេះ មេដឹកនាំ​ប្រទេស​អ៊ីស្រាអែល បាន​ទៅ​ពិភាក្សា​ជាមួយ​ប្រធានាធិបតី ដូណាល់ ត្រាំ អំពី​គម្រោង​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​ផលិត​អាវុធ​បរមាណូ​អ៊ីរ៉ង់ ម្តង​ទៀត។ លោក ត្រាំ ប្រាប់​កាសែត​ថា លោក​យល់ព្រម។

ជាមួយ​គ្នា​នេះ អ្នក​សង្កេតការណ៍​យល់​ថា បាតុកម្ម​កាលពី​ឆ្នាំ​២០២២ វា​ខុស​នឹង​បាតុកម្ម​ដើម​ខែ​មករា ឆ្នាំ​២០២៦ នេះ ព្រោះ​ពេលនេះ ជា​ការ​តវ៉ា​ដើម្បី​សេរីភាព​ផង និង​ជីវភាព​រស់នៅ​មួយ​ឱ្យ​សមរម្យ​នឹង​សម័យកាល​ពិភពលោក ដែល​គេ​ត្រូវ​លើក​តម្កើង​ជីវភាព​គ្រួសារ និង​សិទ្ធិ​សេរីភាព​របស់​មនុស្ស៕

© 2026, . All rights reserved.