បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា

ព័ត៌មានជាតិ

បណ្ឌិត គិន ភា ជំរុញ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​លុបបំបាត់​អំពើពុករលួយ​និង​វះកាត់​បក្ខពួក​និយម​ដើម្បី​ជាតិ​រឹងមាំ

By ឌឹ ខេមបូឌា ដេលី

January 06, 2026

រាជបណ្ឌិត្យសភា​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ផ្ទៃក្នុង ដោយ​ការ​វះកាត់ លុបបំបាត់​អំពើពុករលួយ និង​ការ​ដឹកនាំ​បែប​បក្សពួក​និយម​ដូច​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ជាតិ​រឹងមាំ។

ប្រភព​ដដែល​បញ្ជាក់​ថា អំពើពុករលួយ គឺជា​មេរោគ​ស៊ី​រូង​ផ្ទៃក្នុង​បំផ្លាញ​ជំនឿ​ចិត្ត​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឱ្យ​អំណាច​រដ្ឋ​ទន់ខ្សោយ​ជា​លំដាប់ ជាពិសេស​ពេល​មាន​សត្រូវ​ឈ្លានពាន​ដូច​ថៃ កំពុង​ឈ្លានពាន​ប្រទេស​កម្ពុជា ក្នុង​ពេលនេះ​ជាដើម។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត គិន ភា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ មករា នេះ​ថា រដ្ឋាភិបាល​ត្រូវតែ​ប្រើប្រាស់​ធនធាន​មនុស្ស​ដោយ​ផ្អែកលើ​គោលការណ៍ និង​លុបបំបាត់​រចនាសម្ព័ន្ធ​រដ្ឋបាល និង​មុខតំណែង​សំពីងសំពោង​ដែល​លើស​ពី​សេចក្ដី​ត្រូវការ​ជាក់ស្ដែង​ដែល​កំពុង​បង្ហិន​ថវិកា​ជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ជា​រៀងរាល់​ខែ​រហូត​មក​នោះ។

បណ្ឌិត គិន ភា លើកឡើង​ថា រដ្ឋបាល​ជាតិ​ដែល​ស្អាតស្អំ គឺជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​នៃ​ភាព​ធន់​របស់​ស្ថាប័ន​ជាតិ ជាពិសេស គឺ​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​ការពារ​ជាតិ​ឱ្យ​បាន​ស៊ីជម្រៅ​បំផុត។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ជាតិ ធ្វើ​កំណែ​ទម្រង់​ការទូត និង​លើកកម្ពស់​ការទូត​ព័ត៌មាន​តាមរយៈ​ការ​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក និង​ការ​តភ្ជាប់​ជាមួយ​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ផង​ដែរ។

លោក​បន្ត​ថា មាន​តែ​លុបបំបាត់​អំពើពុករលួយ និង​បក្ខពួក​និយម​ឱ្យ​អស់​ពី​ប្រព័ន្ធ​អភិបាលកិច្ច​រដ្ឋ​ប៉ុណ្ណោះ ទើប​កម្ពុជា​អាច​ពង្រឹង​ខឿន​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​មូលធន​មនុស្ស លើកកម្ពស់​យុត្តិធម៌​សង្គម ប្រកាន់ខ្ជាប់​នយោបាយ​ការបរទេស​ឆ្លាតវៃ និង​ពង្រឹង​ការទូត​ព័ត៌មាន ទៅ​កាន់​ពិភពលោក​បាន ហើយ​ក៏​អាច​ពង្រឹង​ការ​ឯកភាព​ជាតិ​ឱ្យ​រឹងមាំ​បាន​ដែរ។

មន្ត្រី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​រូប​នេះ​បញ្ជាក់​ថា យ៉ាងណាក៏ដោយ ភារកិច្ច​ចំពោះ​មុខ​ដែល​កម្ពុជា ត្រូវ​ធ្វើ​ជាបន្ទាន់​នា​ពេលនេះ គឺ​ការ​ប្រញាប់​ប្រញាល់​ស្ដារ និង​កសាង​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ពី​ការ​ឈ្លានពាន​របស់​ថៃ និង​ស្នើ​ឱ្យ​សហគមន៍​អន្តរជាតិ​ចូលរួម​ជួសជុល​ប្រាសាទ​បុរាណ​ដែល​រង​ការ​ខូចខាត​ដោយសារ​អំពើ​ឈ្លានពាន​របស់​ថៃ ផង​ដែរ។

បណ្ឌិត គិន ភា គូស​បញ្ជាក់​ថា កម្ពុជា​ត្រូវតែ​តស៊ូ​តាម​ផ្លូវច្បាប់​ដាច់អហង្ការ​បំផុត ដើម្បី​ទាមទារ​យុត្តិធម៌​ពី​ភាគី​ថៃ និង​ត្រូវ​ទាមទារ​រាល់​ការ​ខូចខាត​ទាំងអស់​ដែល​ថៃ បាន​បង្ក​ឡើង​ដោយសារ​សង្គ្រាម​ឈ្លានពាន​របស់​ពួកគេ​មក​លើ​ប្រជាជាតិ​ខ្មែរ ព្រោះ​យុត្តិធម៌​ក្នុង​អំពើ​ឈ្លានពាន​នេះ​ត្រូវតែ​មាន​សម្រាប់​ជាតិ​សាសន៍​ខ្មែរ​ទាំងមូល។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ទម្លាយ​នូវ​អំពើពុករលួយ​របស់​មន្ត្រី​រដ្ឋាភិបាល ស្របពេល​ដែល​ប្រទេស​ជាតិ​កំពុង​ប្រឈមមុខ​នឹង​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​នា​ពេលនេះ។

កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ មន្ត្រី​អធិការកិច្ច​ក្រសួង​មហាផ្ទៃ បាន​សម្រេច​បើក​ការ​ស៊ើបអង្កេត​លើ​អភិបាលស្រុក​មេសាង ខេត្ត​ព្រៃវែង លោក ហ៊ន សុផាត និង​បក្ខពួក ក្រោយ​បាត់​លុយ​ជំនួយ​កងទ័ព​ជួរមុខ និង​ជនភៀសសឹក​ជាង ៨០​លាន​រៀល។

ការ​ស៊ើបអង្កេត​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ប្តឹងផ្តល់​លោក ហ៊ន សុផាត ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា កាលពី​ចុង​ខែ​តុលា ឆ្នាំ​២០២៥ កន្លង​ទៅ ដោយ​អះអាង​ថា​រដ្ឋបាល​ស្រុក​មេសាង ប្រមូល​លុយ​បាន​សរុប​ចំនួន​ជាង ១០០​លាន​រៀល (១១៧ ០៣២ ៨០០​រៀល) ប៉ុន្តែ​ប្រគល់​ថវិកា​នេះ​ទៅ​រដ្ឋបាល​ខេត្ត​ព្រៃវែង តែ​ជាង ២០​លាន​រៀល​ប៉ុណ្ណោះ។

ជុំវិញ​បញ្ហា​នេះ សាច់ញាតិ​ទាហាន​ជួរមុខ​ខ្លះ បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៥ មករា នេះ​ថា ប្តី​របស់​ពួកគេ​ដែល​យាមកាម​នៅ​តំបន់​ព្រំដែន ត្រូវ​បាន​មេទាហាន​ក្នុង​ជំរំ​កាត់​ប្រាក់​អស់ ១​ខែ នៅ​ពេល​ដែល​នាយទាហាន​ទាំងនោះ​សុំ​ច្បាប់​មក​លេង​ផ្ទះ បន្ទាប់ពី​ស្ថានការណ៍​ធូរស្រាល ខណៈ​ជំនួយ​ផ្សេងៗ ទាហាន​ជួរមុខ​ទទួល​បាន​តិចតួច និង​ដោយ​កន្លែង​ប៉ុណ្ណោះ។

នាយទាហាន​ទាំងនោះ​បញ្ជាក់​ថា ជំនួយ​ភាគច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​ក្នុង​ឃ្លាំង ជាជាង​ការ​ប្រគល់​ឱ្យ​កងទ័ព​ដោយ​ផ្ទាល់ ប៉ុន្តែ​ប្រើ​ប្រៀបធៀប​ការ​បញ្ជូន​រក្សាទុក​ក្នុង​ឃ្លាំង និង​ការ​បញ្ចេញ​ពី​ឃ្លាំង​មក​ផ្គត់ផ្គង់​កងទ័ព គឺ​មិន​សម​តុល្យភាព​នឹង​គ្នា​ឡើយ ដែល​មាន​ន័យ​ថា ចូល​ក្នុង​ឃ្លាំង​ច្រើន តែ​ពេល​បញ្ចេញ​មក​វិញ គឺ​មាន​ចំនួន​តិចតួច។

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​បំបាត់​អំពើពុករលួយ​នៅ​កម្ពុជា មាន​លក្ខណៈ​ទន់ខ្សោយ​បំផុត ហើយ​កាន់តែ​ទន់ខ្សោយ​ថែមទៀត​នោះ គឺ​ផ្នែក​ខាង​កងទ័ព​តែម្តង ព្រោះ​រាល់​ប្រាក់បៀវត្សរ៍​របស់​ទាហាន​ទាំងអស់ មិន​ត្រូវ​បាន​បើក​តាម​ធនាគារ​ដូច​មន្ត្រី​ស៊ីវិល​នោះ​ទេ គឺ​ត្រូវ​បើក​ពី​អង្គភាព ដូច្នេះ​អំពើពុករលួយ​នៅតែ​បន្ត​កើតមាន​ដដែល ហើយ​ធ្ងន់ធ្ងរ​ថែមទៀត។

កាលពី​អំឡុង​ឆ្នាំ​២០២៥ អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​ចេញ​របាយការណ៍​ស្ដីពី​សន្ទស្សន៍​អំពើពុករលួយ​ឆ្នាំ​២០២៤ ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ​ក្បែរ​បាត​តារាង ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ខណៈ​ប្រទេស​ភូមា ជាប់​លេខ​១៕

© 2026, . All rights reserved.