ខណៈស្ថានការណ៍តាមព្រំដែនខ្មែរ-ថៃ ក្រោយថ្ងៃប្រកាសឈប់បាញ់គ្នាមុនចូលឆ្នាំសកល មិនទាន់សន្មតថាស្ងប់រំងាប់ ១០០% ហើយការចោទគ្នាទៅវិញទៅមក ចេះតែមានបន្តបន្ទាប់ ដោយម្ខាងចោទម្ខាងទៀតថាបំពានកាន់កាប់ទឹកដីម្ខាងទៀតនោះ តម្រួតថៃ បានរកឃើញថា បណ្ដាញឆបោកតាមប្រព័ន្ធអ៊ីនធឺណិតបានរើចេញពីប្រទេសភូមា មកបោះទីតាំងនៅក្នុងទឹកដីខ្មែរនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
យោងតាមសារព័ត៌មានថៃ ជាច្រើន ផ្សាយនៅថ្ងៃចន្ទ ទី៥ ខែមករា នេះ ក្រោយពីយោធាថៃ បើកប្រតិបត្តិការកាត់ផ្ដាច់បណ្ដាញឆបោក online scams ទាំងនៅប្រទេសកម្ពុជា ទាំងនៅប្រទេសភូមា ដោយសហការជាមួយអាជ្ញាធរភូមា គេរាយការណ៍ថា បណ្ដាញឆបោកបានរើទីតាំងទៅកន្លែងថ្មីពីមួយកន្លែងទៅមួយកន្លែងវិលជុំ។ បុគ្គលិកធ្វើការក្រោមការគ្រប់គ្រងចាត់ចែងថៅកែចិន មានជនជាតិឥណ្ឌា ថៃ និងឥណ្ឌូនេស៊ី។ ទីតាំងលួចលាក់នោះ ស្ថិតនៅចម្ងាយប្រមាណ ៥០គីឡូម៉ែត្រពីទីប្រជុំជនប៉ោយប៉ែត។
ឧក្រិដ្ឋជននៃបណ្ដាញឆបោក បានបោកបញ្ឆោតនារីតារាបណ្ដាញសង្គមជនជាតិចិនម្នាក់ ឲ្យមកស្រុកខ្មែរ ដើម្បីធ្វើការនៅខែមេសា ឆ្នាំ២០២៥ ហើយក៏បាត់ដំណឹងរហូតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោយពីឲ្យឪពុកផ្ញើប្រាក់ពីស្រុកចិន ៨ម៉ឺនយ័ន។ នារីអាយុប្រមាណ ២៦ឆ្នាំ ឈ្មោះ វូ ចេញពីក្រុងហ៊្វូជៀន ប្រទេសចិន ហើយស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែមករា កន្លងទៅនេះថា គេបានសហការជាមួយអាជ្ញាធរខ្មែរ រកឃើញនារី វូ នៅក្នុងមន្ទីរពេទ្យមានរូបរាងស្គមរីងរៃ ហត់ហេវ បន្ទាប់ពីដើរសុំទានតាមថ្នល់មួយរយៈខ្លី។
ព័ត៌មានដោយឡែកមួយទៀត នគរបាលឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឃាត់ខ្លួនជនជាតិ ៦នាក់ក្នុងបទសង្ស័យធ្វើឃាតបុរសជនជាតិចិនម្នាក់ រួចដឹកសាកសពទម្លាក់ចោលក្នុងចម្ការកៅស៊ូ។ អាជ្ញាធរមន្ទិលថា ជនសង្ស័យទាំង ៦នាក់ជាបុគ្គលិកកាស៊ីណូនៅជាប់ព្រំដែនប្រទេសយៀកណាម។
កាលពីជិតចុងខែតុលា ឆ្នាំ២០២៥ អាជ្ញាធរសន្តិសុខយៀកណាម បានធ្វើសហប្រតិបត្តិការរួមជាមួយអាជ្ញាធរខ្មែរ បានបោសសម្អាតបណ្ដាញឆបោកមួយនៅឧទ្យានជាតិបុរីបូកគោ ខេត្តកំពត។ ក្រុមក្នុងបណ្ដាញឆបោកនោះ មានស្ត្រីជនជាតិយៀកណាម ឈ្មោះ ស៊ុង ធីម៉ៃ ហៅ វី អាយុ ២៦ឆ្នាំ ជាមេខ្លោង និងចាប់ខ្លួន ៥៩នាក់មានទាំងស្ត្រី ១៥នាក់ផងពីខេត្តឡៅកៃ ប្រទេសយៀកណាម។
ឧក្រិដ្ឋជនបានឆបោកមនុស្សក្នុងប្រទេសយៀកណាម ប្រមូលបានប្រាក់ ១២លានដុល្លារសហរដ្ឋអាមេរិកពីជនរងគ្រោះ ដោយក្លែងខ្លួនធ្វើជាអ្នកចែកចាយទំនិញ ធ្វើជាប៉ូលិស និងជាទាហាន។
តាមព័ត៌មានផ្សាយក្នុងកាសែត បណ្ដាញឆបោកអនឡាញមិនសាបរលាបអស់ទេ ថ្វីត្បិតតែមានការបង្ក្រាបឆាបឆួលដូចភ្លើងឆេះសន្ធោសន្ធៅមួយរយៈក្តី៕
© 2026, . All rights reserved.