អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) និងជាទីប្រឹក្សារបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ប្រទេសចិន នៅថ្ងៃទី៧ មករា។
ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៧ ខែមករា នេះថា លោក ចេន ហ្ស៊ី (Chen Zhi) ស្ថាបនិកក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) រួមទាំងបក្សពួកពីរនាក់ទៀតឈ្មោះ ស៊ូ ជី លាង (Xu Ji Liang) និងឈ្មោះ សៅ ជី ហួយ (Shao Ji Hui) ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៦ ខែមករា ដើម្បីបញ្ជូនទៅប្រទេសចិន។
ការចាប់ខ្លួននេះ ត្រូវបានក្រសួងមហាផ្ទៃ បញ្ជាក់ថាធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចរបស់ប្រទេសចិន និងបន្ទាប់ពីបានបើកការស្រាវជ្រាវអស់ជាច្រើនខែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន។
សេចក្ដីប្រកាសដដែលបន្ថែមថា លោក ចេន ហ្ស៊ី ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៥។
លោក ចេន ហ្ស៊ី អាយុ ៣៩ឆ្នាំ ត្រូវបានតុលាការសហរដ្ឋអាមេរិក ចោទប្រកាន់ពីបទឃុបឃិតបោកប្រាស់ជាប្រព័ន្ធ និងឃុបឃិតលាងលុយកខ្វក់។
ក្រសួងយុត្តិធម៌អាមេរិក បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ថា សហរដ្ឋអាមេរិកបានរឹបអូសទឹកប្រាក់ ១៥ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Gruop) ខណៈលោក ចេន ហ្ស៊ី (Chen Zhi) និងក្រុមហ៊ុនពាក់ព័ន្ធចំនួន ១១៨ ផ្សេងទៀត ក៏រងការចោទប្រកាន់ថាបានពាក់ព័ន្ធនឹងការក្លែងបន្លំក្នុងអំពើឆបោកតាមអនឡាញនេះដែរ។
ក្នុងរបាយការណ៍ក្រសួងយុត្តិធម៌អាមេរិក បង្ហាញថា លោក ចេន ហ្ស៊ី គឺជាមេខ្លោងដែលគ្រប់គ្រងលើបណ្ដាញឧក្រិដ្ឋជនជាច្រើននាក់ និងក្រុមហ៊ុនមួយចំនួនទៀត។ បន្ថែមពីនេះ លោក ចេន ហ្ស៊ី ក៏ជាម្ចាស់ដៃគូភាគហ៊ុនរបស់ធនាគារ ព្រីនស៍ (Prince Bank Plc) ជាមួយលោក គុយ ឆាយ (Guy Chhay) ដែលជាជនជាតិខ្មែរផងដែរ។
ចំណែកឯអាជ្ញាធរហុងកុង និងតៃវ៉ាន់ ក៏បានបង្កកទ្រព្យសម្បត្តិជាង ៥០០លានដុល្លារដែលជាប់ទាក់ទងនឹងឧក្រិដ្ឋកម្មទ្រង់ទ្រាយធំរបស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអ៊ីនធឺណិតឆ្លងដែនអន្តរជាតិ និងជាប់ពាក់ព័ន្ធសកម្មភាពលាងលុយកខ្វក់។
គួរបញ្ជាក់ថា លោក ចេន ហ្ស៊ី មានដើមកំណើតជាជនជាតិចិន ដែលគេស្គាល់ជាម្ចាស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប កំពុងរកស៊ីខាងវិស័យអចលនទ្រព្យ ផ្សារទំនើប ធនាគារ និងវិស័យជាច្រើនទៀតនៅកម្ពុជា តាំងពីឆ្នាំ២០១៥។ លោកត្រូវបានតុលាការឧក្រិដ្ឋកម្មចិន ស៊ើបអង្កេតក្នុងបទសង្ស័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ និងការលាងលុយកខ្វក់៕
© 2026, . All rights reserved.