រាជរដ្ឋាភិបាលកម្ពុជា អះអាងថា ក្រោយសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ កម្ពុជាទទួលបានលទ្ធផលជាវិជ្ជមាន ៣ធំៗ គឺការអនុវត្តបទឈប់បាញ់ ការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ខណៈលទ្ធផលសំខាន់ទី៣ គឺការបោះជំហានទៅរកការវាស់វែង និងបោះបង្គោលព្រំដែនតាមស្មារតីនៃសេចក្តីប្រកាសរួមនេះបន្ថែមទៀត។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ថ្លែងក្នុងកម្មវិធីស្ដីពីបច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ ក្រោយមានបទឈប់បាញ់ នៅថ្ងៃទី៦ មករា នេះថា កម្ពុជា-ថៃ នឹងបោះជំហានទៅរកការវាស់វែង និងបោះបង្គោលព្រំដែនតាមស្មារតីដែលមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ កន្លងទៅ។
លោកថា ភាគីទាំងពីរបានឯកភាពគ្នាក្នុងសេចក្តីប្រកាសរួមនេះយ៉ាងច្បាស់ថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ ជាងនេះទៀត ភាគីទាំងពីរក៏បានឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែន បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនផងដែរ។
លោក ប៉ែន បូណា លើកឡើងថា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនរបស់កម្ពុជា បានដាក់សំណើលើកទី២ ទៅភាគីថៃ រួចរាល់ហើយកាលពីថ្ងៃទី៥ ខែមករា ដើម្បីស្នើបើកកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅសប្តាហ៍ទី២ ឬទី៣ នៃខែមករា ឆ្នាំ២០២៦ នេះ បន្ទាប់ពីអាក់ខានកិច្ចប្រជុំកាលពីសប្តាហ៍ទី១ នៃខែមករា នោះ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យភាគីថៃ គោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ក្នុងការកំណត់ខណ្ឌសីមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងច្បាប់អន្តរជាតិ ដើម្បីកសាងសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីភាគីកម្ពុជា-ថៃ បានព្រមព្រៀងអនុវត្តបទឈប់បាញ់កាលពីចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ (GBC) បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដោយឯកភាពគ្នាឱ្យមានបទឈប់បាញ់ក្រោមលក្ខខណ្ឌជិត ២០ចំណុច (១៦ចំណុច)។ សេចក្តីប្រកាសរួមដដែលនេះ បញ្ជាក់ថា ភាគីទាំងពីរឯកភាពគ្នាប្រគល់នាទីឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរនាពេលកន្លងមកនោះ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃភាគីទាំងពីរដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់ភាគីកម្ពុជា ត្រូវបានភាគីថៃ ស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។
ទោះយ៉ាងណា កម្ពុជាបានដាក់សំណើជាលើកទី២ ទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ដើម្បីសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងសប្តាហ៍ទី២ ឬទី៣ នៃខែមករា ដដែលនេះ។
ប្រភពដដែលអះអាងថា កិច្ចប្រជុំពិសេសនេះគ្រោងពិភាក្សាលើការងារវាស់វែង និងខណ្ឌសីមា ព្រមទាំងដោះស្រាយបញ្ហាដែលភាគីខ្មែរចោទថា យោធាថៃ កំពុងធ្វើសកម្មភាពរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យកម្ពុជា ដោយរាយលួសបន្លា ដាក់ទូកុងតឺន័រ ដោតទង់ជាតិថៃ សាងសង់លេណដ្ឋាន ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជា រួមទាំងហាមឃាត់មិនឱ្យប្រជាពលរដ្ឋខ្មែរវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ ជាដើម។
យ៉ាងណាមិញ ក្នុងពេលជាមួយគ្នានេះ អ្នកនាំពាក្យកងទ័ពជើងគោកថៃ ឧត្ដមសេនីយ៍ទោ វិនថៃ ស៊ូវ៉ារី បានប្រាប់កាសែតកាលពីថ្ងៃអាទិត្យ ដោយបដិសេធការចោទប្រកាន់ពីភាគីខ្មែរថាថៃ យកទឹកដីខ្មែរកាន់កាប់។
លោកថា ទីតាំងដីនោះជាដីថៃ ប៉ុន្តែប្រជាជនខ្មែររស់នៅទីនោះយូរៗទៅ ក៏ចាត់ទុកថាជាកម្មសិទ្ធិរបស់ខ្លួន។ ម្យ៉ាងទៀត នាយទាហានថៃ រូបនោះចោទថា រាជរដ្ឋាភិបាលខ្មែរក៏បើកដៃឲ្យជនស៊ីវិលចូលទៅរស់នៅលើដីថៃ រីឯទាហានខ្មែរក៏បានចូលបោះទីតាំងលើទឹកដីថៃ ដែរ មុនមានការប្រយុទ្ធគ្នា។
ក្រុមអ្នកឯកទេសវាស់វែងព្រំដែន ក៏នឹងពិភាក្សាលើការបន្តចុះអនុវត្តការងារវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្តែងចន្លោះបង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ ក្នុងភូមិសាស្ត្រ ឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ថែមទៀត។
បន្ថែមពីនេះ ក៏គ្រោងនឹងពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៣៣ ដល់ ៣៧ ក្នុងតំបន់បឹងត្រកួន រួមទាំងតំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា តំបន់ព្រំដែនច១ និងតំបន់ព្រំដែនអូរភ្លុកដំរី ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងតំបន់ព្រំដែនផ្សេងទៀតផងដែរ។
អ្នកតាមដានស្ថានការណ៍ប្រទេសកម្ពុជា ធ្លាប់និយាយជារឿយៗថា ការកំណត់ព្រំដែនជាមួយប្រទេសជិតខាង ក្រោយរាជាណាចក្រកម្ពុជាចប់សង្គ្រាមជាច្រើនលើកច្រើនសា រដ្ឋាភិបាលកាន់អំណាចមានកាតព្វកិច្ចត្រូវចរចាធ្វើសន្ធិសញ្ញារវាងគ្នាតាំងពីយូរមកហើយ មិនមែនគ្រាន់ផ្អែកលើសន្ធិសញ្ញាបារាំង-សៀមជាង ១០០ឆ្នាំមុន ឬក៏អនុសារណៈយោគយល់គ្នាឆ្នាំ២០០០-២០០១ ប៉ុណ្ណោះនោះទេ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បញ្ជាក់ថា កិច្ចប្រជុំនេះក៏ត្រូវពិភាក្សាគ្នាអំពីការបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) រវាងប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថែមទៀត៕
© 2026, . All rights reserved.