ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា

ព័ត៌មានជាតិ

រដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ប្រកាន់​ជំហរ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ បន្សល់​ទុក​ពី​ជាង ១០០​ឆ្នាំ​មុន

By ឌឹ ខេមបូឌា ដេលី

January 10, 2026

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​អះអាង​ថា ប្រទេស​កម្ពុជា ប្ដេជ្ញា​ប្រកាន់​ជំហរ​ការពារ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូចិន-សៀម ដោយ​គោរព​តាម​អនុសញ្ញា​បារាំង-សៀម ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង-សៀម​ឆ្នាំ​១៩០៧។

ប្រធាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា លើកឡើង​ក្នុង​កម្មវិធី ធ្វើ​បច្ចុប្បន្នភាព​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅ​ថ្ងៃទី​៩ មករា នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ខ្សែបន្ទាត់​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា​សន្ធិសញ្ញា​បារាំង-សៀម ផែនទី និង​កំណត់ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈកម្មការ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម ព្រមទាំង​កិច្ចព្រមព្រៀង និង​ឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក។

ពាក្យ​ឡាតាំង Uti Possidetis Juris មាន​ន័យ​តាម​ផ្លូវ​ច្បាប់​ថា ខណៈ​ដែល​អ្នក​កាន់កាប់​តាម​ច្បាប់។

យ៉ាងណាមិញ ប្រទេស​កម្ពុជា បាន​បាត់​ផ្ទៃ​ទឹកសមុទ្រ​ដោយសារ​យៀកណាម បែងចែក​គ្នា​ជាមួយ​ថៃឡង់ដ៍ ដោយ​ឥត​ពិគ្រោះ​ពិភាក្សា​ជាមួយ​ភាគី​ខ្មែរ។ ចំណែកឯ​ដី​មិន​ទាន់​បាន​បាត់​ធំធេង​ទៅ​ក្នុង​ដៃ​ថៃ ដូច​ដី​បាត់​ទៅ​ខាង​យៀកណាម ទេ ពីព្រោះ​យៀកណាម ត្រួតត្រា​អ្នកដឹកនាំ​ប្រទេស​កម្ពុជា ដោយ​កម្លាំង​ទ័ព។ គូស​ផែនទី​ព្រំដែន​ខ្មែរ​ឡើងវិញ​ទាំង​លើ​គោក ទាំង​លើ​ទឹក ឲ្យ​អ្នកដឹកនាំ​នៃ​បក្ស​ប្រជាជន​កម្ពុជា ចុះ​សន្ធិសញ្ញា​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​១៩៨២, ១៩៨៣, ១៩៨៥។ ចំណែកឯ​ថៃ មិន​បាន​ត្រួតត្រា​អ្នកដឹកនាំ​ខ្មែរ​ណា​ម្នាក់ បង្ខំ​ឲ្យ​កាត់​ដី​ទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​នេះ​អះអាង​ថា ប្រទេស​កម្ពុជា មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ដាច់ខាត ខណៈ​ភាគី​ថៃ ក៏បាន​ឯកភាព​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ និង​អនុលោម​តាម​ច្បាប់​អន្តរជាតិ ដូច​មាន​ចែង​ក្នុង​ចំណុច​ទី​៣ នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ​ផង​ដែរ។

លោក ប៉ែន បូណា បញ្ជាក់​ថា នេះ​គឺជា​ក្តី​សង្ឃឹម​ធំ​បំផុត​ក្នុង​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​ជាមួយ​ប្រទេស​ថៃ ដែល​អាច​រក្សា​បាន​ទាំងស្រុង​នូវ​ដែន​អធិបតេយ្យភាព​ស្រប​ច្បាប់​របស់​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កងទ័ព​ថៃ បាន​ចូល​ទៅ​គ្រប់គ្រង​ទឹកដី​ខ្មែរ​ជាច្រើន​តំបន់​ក្រោយ​ប្រទេស​ទាំង​ពីរ​ច្បាំង​គ្នា​ពីរ​លើក​កាលពី​ចុង​ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ។

ក្រោយ​សង្គ្រាម​កម្ពុជា-ថៃ លើក​ទី​២ ផ្ទុះ​ឡើង​អស់​រយៈពេល ១៦​ថ្ងៃ កាសែត​បាងកក​ប៉ុស្តិ៍ បាន​រាយការណ៍​កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ ថា ក្នុង​ចំណោម ១៧​ទីតាំង​នៃ​ទឹកដី​កម្ពុជា យោធា​ថៃ ដណ្ដើម​បាន​យក​ទៅ​គ្រប់គ្រង​មាន​ចំនួន ៣​ទីតាំង​ហើយ​នៅ​តាម​បណ្តោយ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ដែល​នៅ​ជាប់​នឹង​ខេត្ត​ស្រះកែវ របស់​ថៃ។

រីឯ ៧​ទីតាំង​ផ្សេង​ទៀត ត្រូវ​យោធា​ថៃ ឈរជើង​បាន​ទាំងស្រុង គឺ​នៅ​ខេត្ត​ពោធិ៍សាត់ របស់​កម្ពុជា ជាប់​ព្រំប្រទល់​ខេត្ត​ត្រាត របស់​ថៃ ចំនួន ២​ទីតាំង និង​នៅ​ខេត្ត​ឧត្ដរមានជ័យ ជាប់​ខេត្ត​សុរិន្ទ ចំនួន ២​ទីតាំង រួម​ទាំង​ខេត្ត​ព្រះវិហារ ជាប់​ខេត្ត​អ៊ុប៊ុនរាជធានី ចំនួន ៣​ទីតាំង​ផង​ដែរ។

ចំណែក​ទីតាំង​ចំនួន ៥​ផ្សេង​ទៀត​ក៏​ត្រូវ​យោធា​ថៃ ដណ្តើម​បាន​ដែរ តែ​កំពុង​តាមដាន​រួម​មាន​ខេត្ត​បន្ទាយមានជ័យ របស់​កម្ពុជា ជាប់​ខេត្ត​ស្រះកែវ របស់​ថៃ ចំនួន ២​ទីតាំង និង​ខេត្ត​ឧត្ដរមានជ័យ ជាប់​ខេត្ត​បុរីរាំ និង​ខេត្ត​ស៊ីសាកេត ចំនួន ២​ទីតាំង រួម​ទាំង​ខេត្ត​ព្រះវិហារ ជាប់​ខេត្ត​អ៊ុប៊ុនរាជធានី ចំនួន ១​ទីតាំង​ដែរ។

ដោយឡែក​មាន​តែ​ទីតាំង ១​ប៉ុណ្ណោះ​ដែល​យោធា​ថៃ កំពុង​ប្រទាញប្រទង់​ជាមួយ​កម្ពុជា គឺ​នៅ​ខេត្ត​ព្រះវិហារ ជាប់​នឹង​ខេត្ត​អ៊ុប៊ុន ខាង​ថៃ។

ប្រភព​ដដែល​បញ្ជាក់​ថា ជា​រួម សមរភូមិ​មុខ ១៦​ទីតាំង យោធា​ថៃ កាន់កាប់​ទាំងស្រុង​ចំនួន ៧​ទីតាំង ក្នុង​នោះ​មាន​ប្រាសាទ​តាក្របី និង​តំបន់​អានសេះ ជាដើម ខណៈ ៥​ទីតាំង​ទៀត យោធា​ថៃ ដណ្តើម​បាន​ហើយ ប៉ុន្តែ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​នៅឡើយ ដូចជា​តំបន់​មុំបី និង​ជាំសាងាំ ជាដើម ខណៈ​ទីតាំង​ដែល​កំពុង​ប្រយុទ្ធ​ប្រទាញប្រទង់​គ្នា គឺ​តំបន់​ភ្នំទ្រព្យ។

តាមរយៈ​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ បាន​ឈូស​ឆាយ​កម្ទេច​រង្វង់​មូល​តាអ៊ុំ និង​ឈូស​ឆាយ​កម្ទេច​ផ្ទះ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ផ្សារ​អានសេះ ផង​ដែរ និង​ចូល​ទៅ​គ្រប់គ្រង​នៅ​កាស៊ីណូ​ខ្មែរ​នៅ​តំបន់​អានសេះ ថែមទៀត ដោយ​មាន​ការ​ឈូស​កម្ទេច​រូបសំណាក​របស់​ខ្មែរ​នៅ​ក្បែរ​កាស៊ីណូ​នោះ​ខ្ទេចខ្ទី​តែម្តង។

តាមរយៈ​ឃ្លីប​វីដេអូ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា ទាហាន​ថៃ បាន​រំលោភ​ចូល​មក​ដី​ខ្មែរ​ប្រមាណ ២​គីឡូម៉ែត្រ​ហើយ​នៅ​ច្រក​អានសេះ ក្នុង​ខេត្ត​ព្រះវិហារ នោះ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៦ នេះ​ថា យោធា​ថៃ បាន​ឈ្លានពាន​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ចំនួន ១៤​តំបន់ ក្នុង​ខេត្ត​ចំនួន​៤ រួម​មាន ខេត្ត​បន្ទាយមានជ័យ ៣​តំបន់ ខេត្ត​ពោធិ៍សាត់ ២​តំបន់ ខេត្ត​ព្រះវិហារ ៣​តំបន់ និង​ខេត្ត​ឧត្ដរមានជ័យ ៦​តំបន់។

ប្រភព​ដដែល​បង្ហាញ​ថា តំបន់​ទាំងនោះ​រួម​មាន​ភូមិ​ជោគជ័យ ភូមិ​ព្រៃចាន់ ភូមិ​បឹងត្រកួន គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ចំណែក​តំបន់​ភ្លុកដំរី ច្រក​អន្តរជាតិ​ថ្មដា ឬ​ច្រក​ជ័យជម្នះ ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ ខណៈ​តំបន់​អានសេះ តាថាវ និង​ភ្នំទ្រព្យ គឺ​ស្ថិត​ក្នុង​ខេត្ត​ព្រះវិហារ។

ដោយឡែក​តំបន់​អូស្មាច់ ប្រាសាទ​ខ្នារ ប្រាសាទ​តាក្របី ប្រាសាទ​តាមាន់ធំ តំបន់​ជប់អង្គញ់ និង​តំបន់​ចូកគ្រួស ដែល​ស្ថិត​ក្នុង​ខេត្ត​ឧត្ដរមានជ័យ ក៏​ត្រូវ​ទាហាន​ថៃ ឈ្លានពាន​យក​ដែរ។

ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា អំឡុង​ពេល​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ បាន​បើក​ការ​វាយ​លើ​ទីតាំង​ជាច្រើន​ដោយ​គិត​ទុក​មុន និង​ជា​ប្រព័ន្ធ​មក​លើ​ទឹកដី​កម្ពុជា ដើម្បី​ទន្ទ្រាន​កាន់កាប់ និង​ឈរជើង​លើ​ទីតាំង​ទាំងនេះ​ដោយ​ខុស​ទៅ​នឹង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។ រដ្ឋាភិបាល​ថៃ មិន​ទទួលយក​ការ​ចោទប្រកាន់​ថា​ឈ្លានពាន​ទេ៕

© 2026, . All rights reserved.