ទាក់ទិនរឿងពុករលួយ បិទបាំងការពារបក្ខពួករួមប្រយោជន៍ដែលអាជ្ញាធរមានសមត្ថកិច្ចកូរ៉េខាងត្បូង កំពុងស៊ើបអង្កេត គឺរឿងបង្វិលបង្វែរប្រើទុនពីព្រះវិហារគ្រិស្តសាសនា ព្រះវិហារបង្រួបបង្រួម (Unification Church) ចូលហ៊ុនក្នុងបនល្បែងចិន Oriental Pearl Casino នៅខេត្តព្រះសីហនុ។
សារព័ត៌មានកូរ៉េខាងត្បូង Korea JoongAng Daily ផ្សាយអត្ថបទមួយនៅថ្ងៃទី១៣ ខែមករា នេះ ដោយរាយការណ៍ថា ករណីពុករលួយនៅស្រុកខ្មែរទាក់ទងនឹងលោក យុន យ៉ុងហូ អតីតនាយកគ្រប់គ្រងទីស្នាក់ការព្រះវិហារទូទាំងពិភពលោកដែលបានថតរូបជាមួយលោក ហ៊ុន សែន នៅឆ្នាំ២០២២។ គេដឹងថា លោក យុន កាន់លិខិតឆ្លងដែនសញ្ជាតិខ្មែរ ហើយត្រូវបានអាជ្ញាធរក្រុងសេអ៊ូល ចោទប្រកាន់ និងឃាត់ខ្លួនកាលពីឆ្នាំ២០២៥ អំពីបទសូកប៉ាន់ បញ្ចុះបញ្ចូលមនុស្សខុសច្បាប់ និងលួចប្រើប្រាស់ថវិកាព្រះវិហារ។
ដោយសំអាងមានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតប្រធានាធិបតី Yoon Suk Yeol និងភរិយា គីម គឹនហ៊ី (Kim Keon Hee) នៅឆ្នាំ២០២១ លោក យុន ផ្តើមគំនិតស្ថាបនាទីស្នាក់ការព្រះវិហារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើកោះមួយក្នុងទន្លេមេគង្គ ឲ្យឈ្មោះថា «មេគង្គរមណីយដ្ឋានសន្តិភាព» ដោយមានសិទ្ធិគ្រប់គ្រងដីធ្លី។
សាក្សីក្នុងសំណុំរឿង ប្រាប់តុលាការថា លោក ហ៊ុន សែន បានស្នើព្រះមហាក្សត្រ និងក្រសួងការបរទេស ប្រគល់ដីឲ្យលោក យុន ផ្ទាល់តែម្តង។ តាមការអះអាងពីសាក្សី អ្នករត់ការខាងខ្មែរធានាផ្តល់សិទ្ធិកាន់កាប់ដី និងកាស៊ីណូ ៩០ឆ្នាំ បើលោក យុន បរិច្ចាគថវិកា ១លានដុល្លារដល់ការបោះឆ្នោតនៅប្រទេសកម្ពុជា ឆ្នាំ២០២៣ ដែលលោក ហ៊ុន សែន ឈ្នះជិត ១០០%៕
© 2026, . All rights reserved.