យោងតាមរបាយការណ៍ដែលបានចេញផ្សាយពីមន្ទីរពេទ្យនៅទូទាំងប្រទេសអ៊ីរ៉ង់ និងចុះផ្សាយដោយសារព័ត៌មាន The Sun times បានឱ្យដឹងថា បាតុករអ៊ីរ៉ង់ យ៉ាងតិច ១៦៥០០នាក់បានបាត់បង់ជីវិត រងរបួស ៣៣ម៉ឺននាក់ ដែលក្នុងនោះមានបាតុករដែលបានខ្វាក់ភ្នែកមានចំនួន ១ពាន់នាក់។
នៅខណៈនេះ មន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ ត្រូវបានគេរាយការណ៍មកថា កំពុងខ្វះឈាមដើម្បីជួយសង្គ្រោះអ្នករងរបួសដែលត្រូវព្យាបាលភ្លាមៗ ត្រូវបានគេមើលឃើញថាវាជារឿងគ្រោះថ្នាក់បំផុតសម្រាប់អ្នករងរបួសក្នុងអំឡុងពេលការផ្ទុះបាតុកម្ម ដែលអាចនាំពួកគេងាយនឹងឈានទៅរកការបាត់បង់ជីវិត។
នៅមន្ទីរពេទ្យនានានៅក្នុងទីក្រុងតេហេរ៉ង់ ខណៈនេះ កំពុងស្ថិតក្នុងស្ថានភាពអាសន្នដោយសារតែកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចូលទៅចាប់ខ្លួនបាតុករទាំងដែលពួកគេកំពុងរងរបួសធ្ងន់ យកទៅឃុំឃាំង និងធ្វើការកាត់ទោស។
អ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ មានមូលដ្ឋាននៅន័រវែស ក៏បានឱ្យដឹងថា ស្ទើរតែទូទាំងប្រទេស មន្ទីរពេទ្យភាគច្រើន រួមទាំងនៅរដ្ឋធានីតេហេរ៉ង់ កំពុងប្រឈមមុខនឹងការបិទទ្វារ ដោយពួកគេនឹងមិនទទួលយកអ្នករងរបួសមកធ្វើការព្យាបាលទៀតហើយ ដោយសារតែការភ័យខ្លាចកងឆ្មាំសន្តិសុខចូលទៅធ្វើការអុកឡុកប៉ះពាល់ដល់បុគ្គលិករបស់មន្ទីរពេទ្យ។
អំឡុងបះបោរ ២២ថ្ងៃ ប្រជាពលរដ្ឋអ៊ីរ៉ង់ ប្រមាណ ៦លាននាក់នៅទូទាំងប្រទេស ចូលរួមក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្លួន ដែលពួកគេក៏ត្រូវបានរងការបង្ក្រាបដោយការសម្លាប់របស់កងឆ្មាំបដិវត្តន៍ឥស្លាម ត្រូវបានគេដឹងថាវាជាមហាបាតុកម្មដែលមានលក្ខណៈសាហាវព្រៃផ្សៃមិនធ្លាប់មានក្នុងស្ថានភាពអ៊ីរ៉ង់ ជាប្រទេសមួយដែលបានជួបប្រទះនឹងការផ្ទុះបាតុកម្មញឹកញាប់មកហើយ។
ជាមួយគ្នានេះ អគ្គស្នងការនគរបាលនៃប្រទេសអ៊ីរ៉ង់ បានកំណត់ឱសានវាទរយៈពេល ៣ថ្ងៃចំពោះប្រជាជនអ៊ីរ៉ង់ទាំងឡាយដែលបានចូលរួមបាតុកម្មកន្លងមកនេះ ឱ្យចូលសារភាពនៅចំពោះមុខអាជ្ញាធរ បើពុំនោះទេ អាជ្ញាធរនឹងចុះចាប់ខ្លួននៅភូមិ និងផ្ទះពួកគេ។
បើតាមការចុះផ្សាយដោយសារព័ត៌មាន The Times of Israel ឧត្ដមសេនីយ៍ Ahmad -Reza Radan អគ្គមេបញ្ជាការប៉ូលិសជាតិនៃសាធារណរដ្ឋអ៊ីរ៉ង់ បានចេញនូវសារព្រមានទៅកាន់ពលរដ្ឋខ្លួនថា ត្រូវបង្ហាញភាពស្មោះត្រង់ចំពោះរដ្ឋាភិបាលចាប់ពីពេលនេះតទៅ ដោយមិនត្រូវធ្វើចលនាផ្ទុះការប្រឆាំងបះបោរនឹងរដ្ឋាភិបាលទៀតនោះទេ ដោយព្រមានថា ពលរដ្ឋណា ឬក្រុមណាផ្តើមគំនិតតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ខ្លួន បន្ទាប់ពីផុតកំណត់ក្នុងរយៈពេល ៣ថ្ងៃដោយរាប់បញ្ចូលពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ មករា ពលរដ្ឋទាំងនោះនឹងប្រឈមមុខនឹងការចាប់ខ្លួន ព្រោះពួកគេបានបង្កឱ្យមានរលកនៃភាពចលាចលម្តងទៀត។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Times of Israel បានចុះផ្សាយថាបាតុកម្មនៅតែបន្តផ្ទុះឡើង ប៉ុន្តែពុំមានទ្រង់ទ្រាយធំ និងហិង្សាទៀតនោះទេ ដែលវាគ្រាន់តែជាការប្រមូលផ្ដុំគ្នារបស់ប្រជាជន ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ក៏ដូចជាការបញ្ឈប់ការប្រើប្រាស់អំពើហិង្សាមកលើបាតុករ។
បើតាមឧត្ដមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ រូបនេះបានឱ្យដឹងទៀតថា សម្រាប់ប្រជាជនទាំងឡាយណាដែលមិនបានចូលរួមក្នុងការធ្វើកុបកម្ម នោះពួកគេមិនត្រូវបានចាត់ទុកថាជាសត្រូវរបស់កងទ័ព ឬសត្រូវនឹងរដ្ឋាភិបាលនោះទេ ខណៈពួកគេត្រូវទទួលបានការកោតសរសើរ និងចាត់ទុកថាជាពលរដ្ឋដែលមានភាពស្មោះត្រង់នឹងរដ្ឋាភិបាល និងប្រទេសជាតិរបស់ខ្លួនឯង។
ពួកមន្ត្រីរដ្ឋាភិបាលអ៊ីរ៉ង់ បានលើកឡើងថា ដំបូងឡើយការផ្ទុះឡើងបាតុកម្មក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានធ្វើឡើងដោយសន្តិវិធីតែប៉ុណ្ណោះ ប៉ុន្តែក្រោយមក បាតុកម្មបានប្រែក្លាយទៅជាអំពើហិង្សាយ៉ាងកំរោល ដោយមានការវាយបាតុករផ្ដើមវាយប្រហារទៅលើស្ថាប័នជាតិរបស់អ៊ីរ៉ង់ បន្ទាប់ពីបាតុករទាំងនេះបានទទួលយកគំនិត និងការលើកទឹកចិត្តពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីប្រទេសអ៊ីរ៉ង់ Masoud Pezheskian ប្រាប់អ្នកកាសែតលោកខាងលិចផ្សាយក្នុងទូរទស្សន៍បារាំង France 24 ថា ពលរដ្ឋអ៊ីរ៉ង់ ប្រមូលផ្ដុំដោយសន្តិវិធី ដែលរដ្ឋធម្មនុញ្ញអនុញ្ញាត ប៉ុន្តែបាតុកម្មអហិង្សាបានក្លាយជាបាតុកម្មហិង្សា ក្លាយជាកុបកម្ម ដោយមានការបញ្ឆេះពីខាងក្រៅ។
ប្រធានាធិបតី Masoud Pezheskian បានដៅសហរដ្ឋអាមេរិកតាមរយៈការថ្លែងជាសាធារណៈពីលោក ត្រាំ អំពីការដូររបប ហើយនិងដៅនាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល Benjamin Netanyahu។ មេដឹកនាំអ៊ីរ៉ង់ លើកហេតុផលប្រាប់ពិភពលោកថា អំពីឧក្រិដ្ឋកម្មដុតបំផ្លាញព្រះវិហារ និងព្រះគម្ពីរកួរអាន ពុំមែនអំពើ ឬទង្វើអ្នកកាន់ជំនឿសាសនាអ៊ីស្លាមជាដាច់ខាត ហើយការប៉ុនប៉ងណាមួយធ្វើឃាតមេដឹកនាំកំពូល Ayatollah Ali Khameini ជាការប្រកាសសង្គ្រាមជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ទាំងមូល។
ទាក់ទងនឹងបញ្ហាសន្តិសុខជាតិនៅមជ្ឈិមបូព៌ា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទួរគីយី និងប៉ាគីស្ថាន កំពុងពិភាក្សាចងសម្ពន្ធភាពសន្តិសុខជាតិត្រីភាគីក្នុងបែបបទដូចសម្ពន្ធភាពនៅអឺរ៉ុប NATO៕
© 2026, . All rights reserved.