អ្នកឃ្លាំមើលសង្គមលើកឡើងថា ប្រទេសកម្ពុជា បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមេឧក្រិដ្ឋជនដែលសហរដ្ឋអាមេរិកកំណត់មុខសញ្ញាតាមចាប់ខ្លួន និងជាមេខ្លោងនៃបណ្ដាញឧក្រិដ្ឋកម្ម គឺមានសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនការទូតពីកម្ពុជា យ៉ាងពេញសិទ្ធិទៅវិញ។
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២១ មករា នេះ ដោយទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា លាតត្រដាងអត្តសញ្ញាណឧក្រិដ្ឋជនអន្តរជាតិដែលកំពុងប្រព្រឹត្តអំពើឆបោកនៅជុំវិញពិភពលោកដោយកាន់លិខិតឆ្លងដែនការទូតខ្មែរ និងមានសញ្ជាតិខ្មែរ។
លោក សេង វណ្ណលី ព្រមានថា បើរដ្ឋាភិបាលមិនបើកការស៊ើបអង្កេតផ្ទៃក្នុងដោយតម្លាភាពទេ នោះមុខមាត់របស់កម្ពុជា នឹងត្រូវដុតបំផ្លាញដោយសារតែការលក់សញ្ជាតិ និងលិខិតឆ្លងដែនឱ្យមេឧក្រិដ្ឋជនឆបោក ចាប់ជំរិត និងលាងលុយកខ្វក់នៅជុំវិញពិភពលោកទាំងអស់នេះជាក់ជាមិនខាន។
លោកបន្តថា ករណីដែលឧក្រិដ្ឋជនលាងលុយកម្រិតអន្តរជាតិ អាចកាន់លិខិតឆ្លងដែនប្រភេទនេះ គឺបានបង្ហាញថា កម្ពុជាមិនត្រឹមតែផ្ដល់ជម្រកដល់ឧក្រិដ្ឋជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ «អភ័យឯកសិទ្ធិការទូត» ដើម្បីឱ្យពួកគេប្រើប្រាស់សម្រាប់សម្រួលដល់សកម្មភាពឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់នៅទូទាំងពិភពលោកថែមទៀត»។
លោកលើកឡើងថា ចំពោះលិខិតឆ្លងដែនការទូត មិនមែនឱ្យតែមានសញ្ជាតិ គឺអាចទទួលបាននោះទេ វាទាមទារឱ្យមានមុខតំណែងផ្លូវការក្នុងរដ្ឋាភិបាល ឬមុខនាទីតំណាងឱ្យរដ្ឋយ៉ាងជាក់លាក់។
អ្នកឃ្លាំមើលសង្គមរូបនេះលើកឡើងថា បើរដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន អះអាងថាករណីលោក ចេន ហ្ស៊ី ជាភាពមិនប្រក្រតីនៃសញ្ជាតិនោះ តើករណីលោក Ben Smith ឈ្មោះដើម Benjamin Mauerberger ដែលកាន់លិខិតឆ្លងដែនការទូតប្រទេសកម្ពុជា រដ្ឋាភិបាលនឹងត្រូវបកស្រាយដូចម្តេចទៅកាន់សហគមន៍អន្តរជាតិ ក្នុងពេលដែលសហរដ្ឋអាមេរិក បានរកឃើញថា លោក បេន ស្មិត (Ben Smith) គឺជាមេឧក្រិដ្ឋជនលាងលុយកខ្វក់កម្រិតពិភពលោកនោះ។
លោក សេង វណ្ណលី បញ្ជាក់ថា ការដោះសារបស់លោក ប្រាក់ សុខុន ក្នុងករណីលោក ចេន ហ្ស៊ី គ្រាន់តែជាការចាប់ផ្តើមនៃភាពអាម៉ាស់មុខរដ្ឋាភិបាលខ្មែរក្នុងការលាក់បាំងឧក្រិដ្ឋជនប៉ុណ្ណោះ ព្រោះសហរដ្ឋអាមេរិកនឹងមិនបោះបង់ការតាមប្រមាញ់ឧក្រិដ្ឋជនឆបោកទាំងនោះឡើយ។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសប្រទេសកម្ពុជា អះអាងពីការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិចិន លោក ចេន ហ្ស៊ី ក្រោមហេតុផលទទួលបានសញ្ជាតិខ្មែរមិនស្របច្បាប់កាលពីពេលថ្មីៗនេះ។ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានផ្តល់បទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ថា ការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិចិន លោក ចេន ហ្ស៊ី គឺជាការឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
លោក ប្រាក់ សុខុន បញ្ជាក់ថា ពិតមែនតែលោក ចេន ហ្ស៊ី មានសញ្ជាតិខ្មែរ ប៉ុន្តែពេលដែលរដ្ឋាភិបាលបើកការស៊ើបអង្កេតទើបរកឃើញថា សញ្ជាតិរបស់គាត់មិនទទួលបានដោយស្របច្បាប់ឡើយ ដូច្នេះដោយសារតែគាត់ជាជនជាតិចិន កម្ពុជាក៏សម្រេចចាប់បញ្ជូនខ្លួនទៅប្រទេសចិន វិញតែម្តង។
ទាក់ទងនឹងករណីនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំរាជាណាចក្រកម្ពុជា បានផ្សាយសម្ដីរដ្ឋមន្ត្រីកិច្ចការបរទេស លោក វ៉ាង យី ដែលនិយាយថា ការបាត់ខ្លួនជនជាតិចិននៅស្រុកខ្មែរជាបញ្ហាប៉ះពាល់ដល់សម្ពន្ធភាពរវាងប្រទេសជាមិត្ត ហើយក្រើនរំឭកឲ្យរាជរដ្ឋាភិបាលបង្ក្រាបមណ្ឌលឆបោក និងបនល្បែងឲ្យខ្លាំងក្លាថែមទៀត។ នេះសឲ្យឃើញថា សូម្បីមហាមិត្តស្រោបដែក ឬដែកថែប ក៏ពិបាកមើល ពិបាកស្តាប់អំពើ និងទង្វើរាជរដ្ឋាភិបាលដែរ។
កាលពីឆ្នាំ២០១៤ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរដល់លោក ចេន ហ្ស៊ី ដែលមានដើមកំណើតមកពីខេត្តហ្វូចៀន សាធារណរដ្ឋប្រជាមានិតចិន តាមការទូលថ្វាយពីលោក ហ៊ុន សែន ដែលជានាយរដ្ឋមន្ត្រីនាពេលនោះ។
រហូតដល់ឆ្នាំ២០១៦ លោក ហ៊ុន សែន ក៏បានទូលថ្វាយព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្តល់គោរមងារជាឧកញ៉ាដល់លោក ចេន ហ្ស៊ី បន្ថែមទៀតនៅថ្ងៃទី១១ ខែកុម្ភៈ ប៉ុន្តែនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ុន សែន ក៏ទូលព្រះមហាក្សត្រឱ្យត្រាស់បង្គាប់តែងតាំងលោក ចេន ហ្ស៊ី ឱ្យធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់គាត់តែម្តង។
បន្ថែមពីនេះទៀត លោក ហ៊ុន សែន ក៏បានទូលអង្គព្រះមហាក្សត្រឱ្យត្រាស់បង្គាប់តែងតាំងលោក បេន ស្មិត ឬ Benjamin Mauerberger ជាទីប្រឹក្សារបស់គាត់ផងដែរ ខណៈលិខិតឆ្លងដែនរបស់លោក បេន ស្មិត ដែលត្រូវបានផ្តល់ឱ្យកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ គឺជាលិខិតឆ្លងដែនផ្នែកការទូត ដោយបញ្ជាក់ថាជាទីប្រឹក្សាសម្តេចតេជោ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ អ្នកកាសែតលោក Tom Wright បានរាយការណ៍ថា លោក Benjamin Mauerberger បានក្លាយជាអ្នកលាងលុយសម្រាប់ត្រកូល ស៊ីណាវ៉ាត្រា របស់ប្រទេសថៃ ដែលមានឫសគល់នៅក្នុងប្រទេសកម្ពុជា និងកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិករហូតមកដល់បច្ចុប្បន្ននេះ។
លោក Tom Wright សរសេរនៅក្នុងព្រឹត្តិបត្រ Project Brazen នៅខែតុលា ឆ្នាំ២០២៥ ថា លោក Benjamin Mauerberger ឬឈ្មោះមួយទៀត Benjamin Berger បានទិញយន្តហោះមួយគ្រឿងម៉ាក Gulfstream G550 ឲ្យលោក យឹម លក្ខណ៍ ប្រើជាឯកជនជិះផ្ទាល់ខ្លួនតម្លៃ ២០លានដុល្លារសហរដ្ឋអាមេរិក៕
© 2026, . All rights reserved.