គណបក្សកម្លាំងជាតិ សន្យាថានឹងស្វែងរកយុត្តិធម៌ជូនវីរជនកម្មករខ្មែរ លោក ជា វិជ្ជា និងជនរងគ្រោះដទៃទៀត ពេលដែលខ្លួនឈ្នះឆ្នោតដឹកនាំប្រទេស។
គណបក្សកម្លាំងជាតិ ចេញសេចក្តីថ្លែងការណ៍ក្នុងខួប ២២ឆ្នាំនៃការបាញ់សម្លាប់ធ្វើឃាតលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នេះថា លោក ជា វិជ្ជា ត្រូវបានឃាតករបាញ់សម្លាប់យ៉ាងឃោរឃៅ ខណៈឃាតករពិតប្រាកដ និងអ្នកនៅពីក្រោយខ្នងនៃអំពើឃាតកម្មនេះ នៅតែគេចផុតពីសំណាញ់ច្បាប់នៅឡើយ។
ប្រភពដដែលលើកឡើងថា ការបាត់បង់ជីវិតរបស់លោក ជា វិជ្ជា គឺជាការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់សេរីភាពកម្មករខ្មែរ និងជាតិមាតុភូមិកម្ពុជា ដែលបានចេញមុខការពារផលប្រយោជន៍ និងសិទ្ធិសេរីភាពកម្មកររហូតមក។
ប៉ុន្តែរយៈពេល ២២ឆ្នាំមកនេះ គ្រួសារលោក ជា វិជ្ជា នៅតែមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ ដែលបន្សល់នូវចម្ងល់ជាច្រើនគ្មានចម្លើយ ដូចជា ថាតើអ្នកណាសម្លាប់លោក ជា វិជ្ជា? និងថាតើ អ្នកណានៅពីក្រោយផែនការនេះ ជាដើម?
គណបក្សកម្លាំងជាតិ បញ្ជាក់ថា សំណួរដូចគ្នាដដែលនេះក៏ត្រូវបានពលរដ្ឋចោទសួរលើឃាតកម្មលោក ឈុត វុទ្ធី និងឃាតកម្មលើបណ្ឌិត កែម ឡី រួមទាំងជនរងគ្រោះជាច្រើនផ្សេងទៀតដែរ ប៉ុន្តែនៅតែគ្មានចម្លើយដូចគ្នានោះ។
ក្នុងខួប ២២ឆ្នាំនៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមាណជាង ៧០នាក់ បានប្រមូលផ្ដុំគ្នាប្រារព្ធខួបនៃការបាញ់សម្លាប់លោក ជា វិជ្ជា នៅស្តូបរូបសំណាករបស់លោក ដែលស្ថិតនៅក្បែរវិមានឯករាជ្យ ទល់មុខវត្តលង្កា រួមទាំងដាក់លិខិតទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីជំរុញឱ្យមានការស្វែងរកយុត្តិធម៌ចំពោះឃាតកម្មលើលោកបន្តទៀតដែរ។
ជុំវិញបញ្ហានេះ ទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានលើកឡើងក្នុងពិធីនេះថា អស់រយៈពេល ២២ឆ្នាំហើយដែលការទាមទារយុត្តិធម៌ជូនលោក ជា វិជ្ជា នៅតែមិនទាន់មានពន្លឺ ដូច្នេះការស្វែងរកយុត្តិធម៌នេះ នឹងមិនត្រូវបានបញ្ចប់ឡើយ រហូតទាល់តែយុត្តិធម៌ពិតប្រាកដត្រូវបានផ្តល់ជូនរូបលោកពីរដ្ឋាភិបាលកម្ពុជា។
ចំណែកប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (LRSU) កញ្ញា ឈឹម ស៊ីថរ បានលើកឡើងដែរថា ការបាត់បង់ជីវិតរបស់លោក ជា វិជ្ជា គឺជាការឆ្លុះបញ្ចាំងពីវីរភាពរបស់គាត់ក្នុងការស្វែងរកយុត្តិធម៌សម្រាប់សង្គមជាតិ និងសម្រាប់ជនរងគ្រោះគ្រប់រូប។
កញ្ញា ឈឹម ស៊ីថរ បញ្ជាក់ថា ដោយសារវីរភាពរបស់លោក ជា វិជ្ជា ដែលបានបន្សល់ទុក ក្រុមសហជីព ក្រុមអង្គការសង្គមស៊ីវិល រួមទាំងសមាគមនានា បានបន្តស្មារតីនេះក្នុងការស្វែងរកយុត្តិធម៌ជូនសង្គមជាតិផង និងរកយុត្តិធម៌ជូនជនរងគ្រោះដទៃទៀតផងដែរ ដូចជាលោក ជា វិជ្ជា ជាដើម។
រីឯអ្នកគ្រប់គ្រងកម្មវិធីការងាររបស់អង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បានលើកឡើងថា ប្រទេសជាតិមួយដែលមានយុត្តិធម៌សង្គមពិតប្រាកដ គឺអាចធានាបាននូវសិទ្ធិសេរីភាពពេញលេញរបស់ពលរដ្ឋ ជាពិសេសជនរងគ្រោះដែលរងការជិះជាន់ និងគាបសង្កត់។ ជាងនេះទៀត ក៏អាចលុបបំបាត់វប្បធម៌និទ្ទណ្ឌភាពបានដែរ។
ដោយឡែកអតីតប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានលើកឡើងថា ភាពអង់អាចក្នុងការដឹកនាំរបស់លោក ជា វិជ្ជា បានធ្វើឱ្យកម្មករនិយោជិតរួចផុតពីការគាបសង្កត់ និងការរំលោភសិទ្ធិការងារគ្រប់បែបយ៉ាង ទោះក្រោយពេលដែលលោកត្រូវបានឃាតករបាញ់សម្លាប់ក៏ដោយ ក៏កម្មករនិយោជិត និងសហជីពបន្តស្មារតីនេះរហូតដល់បច្ចុប្បន្នដែរ។
លោក អាត់ ធន់ បញ្ជាក់ថា លោក ជា វិជ្ជា និងក្រុមគ្រួសាររបស់លោក មិនទទួលបានយុត្តិធម៌ពិតនៅឡើយទេ រយៈពេលជាង ២០ឆ្នាំមកនេះ ដូច្នេះដើម្បីទទួលបានការទុកចិត្តពីពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត ស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរ ជាពិសេសរាជរដ្ឋាភិបាល ត្រូវធានាឱ្យមានយុត្តិធម៌សង្គមពេញលេញចំពោះជនរងគ្រោះដែលត្រូវបានសម្លាប់ទាំងអយុត្តិធម៌កន្លងមក។
ឃាតករបានបាញ់សម្លាប់លោក ជា វិជ្ជា នៅខាងលិចក្រៅរបងវត្តលង្កា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ ក្នុងឃាតកម្មនោះ មនុស្សពីរនាក់ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ត្រូវបានតុលាការចោទប្រកាន់ដោយមិនត្រឹមត្រូវថាជាឃាតករ ហើយត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់រយៈពេល ៥ឆ្នាំ។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើល អ្នកសង្កេតការណ៍ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ តែងតែទាមទារឱ្យអាជ្ញាធរផ្តល់យុត្តិធម៌ ដោយធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវ និងឯករាជ្យ ដើម្បីផ្តល់យុត្តិធម៌ជូនលោក ជា វិជ្ជា និងជនរងគ្រោះផ្សេងទៀតផងដែរ។
ជុំវិញបញ្ហានេះ គណបក្សជំនាន់ថ្មី បានចេញលិខិតនៅថ្ងៃទី២២ មករា ដោយស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងយុត្តិធម៌ ស្វែងរកយុត្តិធម៌ជូនលោក ជា វិជ្ជា និងជនរងគ្រោះដទៃទៀត ដើម្បីលុបបំបាត់និទ្ទណ្ឌភាពទៅដល់ជនល្មើសដែលលួចលាក់នៅក្រៅអំណាចច្បាប់អស់រយៈពេលជាង ២ទសវត្សរ៍មកនេះ៕
© 2026, . All rights reserved.