ស្ថានភាព​នៃ​ប្រាសាទ​ព្រះវិហារ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​យោធា​ថៃ បាញ់​ប្រហារ​កាលពី​អំឡុង​ចុង​ខែ​កក្កដា ឆ្នាំ​២០២៥។ (រូបថត៖ ស៊ីម៉ាក់)

ព័ត៌មានជាតិ

អ្នក​ស្រាវជ្រាវ​ឯកសារ​ព័ស្តុតាង​រឿង​ខ្មែរក្រហម យល់​ថា​ថៃឡង់ដ៍​ចង់​សងសឹក​រឿង​ក្ដី​ព្រះវិហារ

By ឌឹ ខេមបូឌា ដេលី

January 26, 2026

អ្នក​ស្រាវជ្រាវ​ព័ស្តុតាង​រឿង​សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ យល់​ថា​ករណី​ដែល​ថៃ ប្រើ​អាវុធ និង​យុទ្ធោបករណ៍​ដូចជា​យន្តហោះ​ចម្បាំង F-16 ជាដើម ដើម្បី​រំលោភ​បំពាន​ប្រទេស​កម្ពុជា និង​វាយ​សង្គ្រុប​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​អាច​ជា​ចេតនា​សងសឹក​គំនុំ​ដែល​ថៃ ចាញ់​ក្តី​លើ​សំណុំរឿង​ប្រាសាទ​នេះ​ជាមួយ​ប្រទេស​កម្ពុជា កាលពី​ជាង ៦០​ឆ្នាំ​មុន​នោះ។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ មករា នេះ ដោយ​ចោទ​ថា សកម្មភាព​យោធា​ថៃ ចំពោះ​ប្រទេស​កម្ពុជា បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​មិន​អើពើ​ចំពោះ​ច្បាប់​សង្គ្រាម​សម្រាប់​ការពារ​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​វប្បធម៌ ជាដើម ជាពិសេស​ការ​វាយប្រហារ​ប៉ះពាល់​ប្រាសាទ​ព្រះវិហារ តែម្តង ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ភាព​គឃ្លើន​នៃ​យោធា​ថៃ ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​បាន​សម្រេច​ឱ្យ​កម្ពុជា ឈ្នះ​ក្តី​លើ​សំណុំរឿង​ប្រាសាទ​នេះ​ពី​ប្រទេស​ថៃ នោះ។

គួរ​បញ្ជាក់​ថា ការ​ចោទប្រកាន់​ថា​យោធា​ថៃ វាយប្រហារ​ធ្វើ​បាក់បែក​ប្រាសាទ​ព្រះវិហារ ផ្តើម​ចេញ​ដំបូង​ពី​ក្រសួង​ការពារ​ជាតិ​ខ្មែរ រួច​ក្រោយ​មក​ក្រសួង​វប្បធម៌។

លោក ឆាំង យុ លើកឡើង​ថា ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ថៃ ចំពោះ​សកម្មភាព​យោធា​ដែល​រំលោភ​បំពាន​ទឹកដី​ខ្មែរ រួម​ទាំង​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​វប្បធម៌​មនុស្សជាតិ បាន​បង្ហាញ​ថា រដ្ឋាភិបាល​ថៃ បាន​ជ្រើសរើស​មិន​គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដែល​បាន​សម្របសម្រួល​ដោយ​សហរដ្ឋ​អាមេរិក និង​អាស៊ាន​យ៉ាង​ច្បាស់លាស់។

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា រូប​នេះ​បញ្ជាក់​ថា ប្រទេស​ថៃ បាន​រំលោភ​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ជាច្រើនលើក​ដែល​ត្រូវតែ​មាន​ការ​ទាមទារ​ឱ្យ​ទទួល​ខុសត្រូវ​ចំពោះ​អាកប្បកិរិយា​នេះ ទោះ​ក្នុង​រយៈពេល​យូរ​ទៅ​ថ្ងៃ​មុខ​ទៀត​ក៏ដោយ គឺ​ដើម្បី​រក្សា​សន្តិភាព និង​ធានា​សុវត្ថិភាព​ក្នុង​តំបន់​ទៅ​ថ្ងៃ​មុខ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រាសាទ​ព្រះវិហារ ត្រូវ​រង​នូវ​ការ​ខូចខាត​យ៉ាង​ដំណំ​ពី​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ ជុំវិញ​សង្គ្រាម​ជាង ២០​ថ្ងៃ​ជាមួយ​កម្ពុជា កាលពី​ពេល​ថ្មីៗ​នេះ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា សង្គ្រាម​ឈ្លានពាន​របស់​ថៃ លើ​កម្ពុជា ចាប់ពី​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ យោធា​ថៃ បាន​វាយប្រហារ​លើ​ភូមិសាស្ត្រ​ប្រាសាទ​ព្រះវិហារ ប្រមាណ​ជាង ៤០​លើក ខណៈ​តំបន់​ផ្សេង​ទៀត​របស់​កម្ពុជា ដែល​នៅ​ជាប់​ព្រំដែន​ថៃ ក៏​ត្រូវ​រង​ការ​វាយប្រហារ​មិន​ចាញ់​ភូមិសាស្ត្រ​ប្រាសាទ​ព្រះវិហារ ដែរ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជាក់​ថា អាវុធ និង​យុទ្ធោបករណ៍​ដែល​កងទ័ព​ថៃ បាន​វាយប្រហារ​លើ​តំបន់​ប្រាសាទ​ព្រះវិហារ ក្នុង​សង្គ្រាម​លើក​ទី​២ រយៈពេល ២១​ថ្ងៃ​កន្លង​ទៅ​នោះ រួម​មាន កាំភ្លើងត្បាល់ កាំភ្លើងធំ ១៥៥​មិល្លីម៉ែត្រ ផ្សែង​ពុល រថក្រោះ ដ្រូន​ទម្លាក់​គ្រាប់បែក គ្រាប់បែក​ចង្កោម រថយន្ត​បាញ់​រ៉ុក្កែត DTI-2 កាំភ្លើង DK (១០៦) ដ្រូន​អត្តឃាត កាំជ្រួច​ហ្វូង DTI-1G និង​កម្លាំង​ថ្មើរជើង​ថៃ ផង​ដែរ។

យ៉ាងណាក៏ដោយ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​រាយការណ៍​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ ថា កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ បាន​វាយប្រហារ​តំបន់​ប្រាសាទ​ព្រះវិហារ ដោយ​សំអាង​ថា​ជា​ការ​កម្ទេច​ដង​ស្ទូច (Crane) មួយ​គ្រឿង​ស្ថិត​នៅ​ច្រក​ចូល​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ដំឡើង​ឧបករណ៍​រំខាន​សញ្ញា ឬ​ឧបករណ៍​ប្រឆាំង​យន្តហោះ​ដ្រូន​ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អង្គការ​យូណេស្កូ (UNESCO) កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​រំឭក​ភាគី​ទាំងអស់​អំពី​កាតព្វកិច្ច និង​ការ​ប្ដេជ្ញាចិត្ត​របស់​ពួកគេ​ក្នុង​ការ​គោរព​ច្បាប់​អន្តរជាតិ ជាពិសេស​អនុសញ្ញា​ទីក្រុង​ឡាអេ ឆ្នាំ​១៩៥៤ សម្រាប់​ការ​ការពារ​ទ្រព្យសម្បត្តិ​វប្បធម៌ និង​អនុសញ្ញា​ឆ្នាំ​១៩៧២ ទាក់ទង​នឹង​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​ក្នុង​ព្រឹត្តិការណ៍​នៃ​ជម្លោះ​ប្រដាប់​អាវុធ​នេះ។

ជុំវិញ​បញ្ហា​នេះ អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា គ្រាប់​ដែល​ត្រូវ​បាន​អង្គភាព​ស៊ីម៉ាក់​បោស​សម្អាត​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ មាន​ច្រើន​ប្រភេទ ដូចជា​គ្រាប់​កាំភ្លើងត្បាល់ ១០៥​មិល្លីម៉ែត្រ គ្រាប់កាំភ្លើង​ត្បាល់ ១០៦​មិល្លីម៉ែត្រ គ្រាប់កាំភ្លើង​ត្បាល់ ១០៤​មិល្លីម៉ែត្រ គ្រាប់កាំភ្លើង​ត្បាល់ ៤២​មិល្លីម៉ែត្រ គ្រាប់បែក​ចង្កោម និង​ប្រភេទ​គ្រាប់ M៨៥ ជាដើម។

ក្នុង​ជម្លោះ​ព្រំដែន​រវាង​រាជាណាចក្រ​ទាំង​ពីរ កងយោធពល​ខេមរភូមិន្ទ​បាន​ប្រើ​អាវុធ​ធុន​ធ្ងន់​ផ្ទុក​លើ​រថយន្ត​ប្រភេទ BM-21 Grad ជា​រ៉ុក្កែត​បំពង់​ទំហំ ១២២​មិល្លីម៉ែត្រ ច្រក​បាញ់​ម្តង ៤០​គ្រាប់​ទៅ​លើ​ទីតាំង​យោធា​ថៃ។

តាម​កាសែត​ថៃ The Nation ផ្សាយ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ គ្រាប់ BM-21 Grad ចំនួន ៤​គ្រាប់​ធ្លាក់​នៅ​ភូមិ ឬ​ទីប្រជុំជន​ពលរដ្ឋ​ស៊ីវិល​រស់នៅ ក្នុង​ខេត្ត​ឧប៊ុនរាជធានី និង​ស៊ីសាកេត។ រីឯ​ការ​ចោទប្រកាន់​ថា​យោធា​ថៃ ដៅ​ប្រាសាទ​ព្រះវិហារ ដើម្បី​កម្ទេច ក៏​អ្នកនាំពាក្យ​យោធា​ថៃ បដិសេធ​តាំងពី​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥ ដោយ​គេ​អះអាង​ថា​គេ​មាន​ចំណុច​ដៅ​ច្បាស់លាស់​រួច​អស់​ទៅ​ហើយ ដែល​មិនមែន​តួ​ប្រាសាទ​ព្រះវិហារ នោះ​ទេ។

ត្រង់​ចំណុច​នេះ អ្នក​តាមដាន​ស្ថានការណ៍​ប្រទេស​កម្ពុជា និង​ជា​អ្នកដឹកនាំ​កម្មវិធី​អធិប្បាយ​តាម​បណ្ដាញ​សង្គម លោក សុខ សុគន្ធ បរិយាយ​ថា យោធា​ថៃ ធ្វើ​ចម្បាំង​សំអាង​លើ​ប្រព័ន្ធ​ផ្កាយរណប​ឌីជីថល​មើល​ផែនទី មិន​សំអាង​លើ​មនុស្ស​អ្នក​យក​ការណ៍​អំពី​ចំណុច​ដៅ​នោះ​ទេ។

ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ភាគ​ឧត្ដរ​នៃ​ប្រទេស​កម្ពុជា លើ​គែម​ខ្ពស់​រាប​នៃ​ជួរ​ភ្នំ​ដងរែក ជាប់​ព្រំប្រទល់​ប្រទេស​ថៃ។ តំបន់​ប្រាសាទ​ព្រះវិហារ គឺជា​ទីតាំង​ជម្លោះ​ក្នុង​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា-ថៃ ប្រមាណ​ជា ៧០​ឆ្នាំ​មុន ហើយ​ចាប់ផ្តើម​ផ្ទុះ​ខ្លាំង​នៅ​ឆ្នាំ​១៩៥៤ បន្ទាប់ពី​កម្ពុជា ទទួល​បាន​ឯករាជ្យ​ពី​បារាំង ដោយសារតែ​ភាគី​ថៃ បាន​បញ្ជូន​កងកម្លាំង​ប្រដាប់​អាវុធ​ចូល​ទៅ​កាន់កាប់​ប្រាសាទ​នោះ​ដោយ​ខុស​ច្បាប់។

ប៉ុន្តែ​នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​១៩៥៩ ព្រះករុណា​ព្រះបាទ​សម្តេច នរោត្តម សីហនុ បាន​ដាក់​ពាក្យបណ្ដឹង​ប្រឆាំង​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​ទាមទារ​ឱ្យ​ថៃ ដក​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ចេញពី​ប្រាសាទ​នេះ​វិញ។

រហូត​ដល់​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បាន​សម្រេច​ក្តី​លើក​ទី​១ ឱ្យ​កម្ពុជា​ឈ្នះ​ភាគី​ថៃ ដោយ​ប្រកាស​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា។

រហូត​ដល់​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បាន​សម្រេច​ក្តី​លើក​ទី​២ ឱ្យ​ប្រាសាទ​ព្រះវិហារ ស្ថិត​នៅ​ក្នុង​ទឹកដី​ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា ហើយ​សម្រេច​ឱ្យ​ថៃ ត្រូវតែ​ដក​កងទ័ព ប៉ូលិស ឬ​ឆ្មាំ​ផ្សេង​ទៀត​ដែល​ឈរជើង​នៅ​ក្នុង​ប្រាសាទ និង​នៅ​ជុំវិញ​ប្រាសាទ​នេះ ចេញ​ទាំងអស់។

ប្រាសាទ​ព្រះវិហារ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​០៧ ខែ​កក្កដា ឆ្នាំ​២០០៨ នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បន្ទាប់ពី​ឈ្នះ​ក្តី​ជាមួយ​ប្រទេស​ថៃ បាន​ជាង ៤០​ឆ្នាំ (៤២​ឆ្នាំ)៕

© 2026, . All rights reserved.