ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា

ព័ត៌មានជាតិ

អ្នកនាំពាក្យ​អះអាង​ថា​កម្ពុជា​ចេញ​តតាំង​អំពើ​ឈ្លានពាន​របស់​ថៃ គ្រប់​ទម្រង់​ជិត ៧០០​លើក

By ឌឹ ខេមបូឌា ដេលី

January 28, 2026

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល អះអាង​ថា កម្ពុជា​ចេញ​តតាំង​អំពើ​ឈ្លានពាន​របស់​ថៃ គ្រប់​ទម្រង់​ជិត ៧០០​លើក តាមរយៈ​កំណត់​ទូត សេចក្តី​ថ្លែងការណ៍ ញត្តិ​ថ្កោលទោស និង​លិខិត​ផ្សេងៗ ខណៈ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ក៏​បង្ហាញ​ពី​ស្មារតី​ការពារ​ជាតិ​ប្រឆាំង​ការ​ឈ្លានពាន​របស់​ថៃ​គ្រប់​ទិសទី​ដែរ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា លើកឡើង​ក្នុង​កម្មវិធី​ធ្វើ​បច្ចុប្បន្នភាព​ជុំវិញ​ស្ថានការណ៍​កម្ពុជា-ថៃ នៅ​ថ្ងៃទី​២៦ មករា នេះ​ថា រយៈពេល ៦​ខែ​ចុងក្រោយ​នេះ កម្ពុជា​បាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​ការ​ឈ្លានពាន​របស់​យោធា​ថៃ ជិត ៧០០​លើក ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ មក ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា។

លោក ប៉ែន បូណា អះអាង​ថា រយៈពេល ៦​ខែ​ចុងក្រោយ​នេះ ក្រសួង និង​ស្ថាប័ន​នានា​របស់​កម្ពុជា បាន​ចេញ​តវ៉ា​ការ​ឈ្លានពាន​របស់​ថៃ ជាបន្តបន្ទាប់ ក្នុង​នោះ ក្រសួង​ការពារ​ជាតិ បាន​ចេញ​តវ៉ា​ជិត ៤០​លើក (៣៨​លើក) ក្រសួង​មហាផ្ទៃ ជិត ៩០​លើក (៨៣​លើក) ខណៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​ចេញ​តវ៉ា​ជិត ៧០​លើក (៦៤​លើក) ផង​ដែរ។

ជាង​នេះ​ទៀត ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​តវ៉ា​ជិត ៥០​លើក (៤៩​លើក) គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ជិត ៣០​លើក (២៧​លើក) អាជ្ញាធរ​កម្ពុជា គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ជិត ៣០​លើក (២៥​លើក)។

ចំណែក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន ចេញ​តវ៉ា​ចំនួន ២០​លើក មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ជិត ២០​លើក (១៦​លើក) និង​ក្រសួង​ធម្មការ និង​សាសនា ក៏បាន​ចេញ​តវ៉ា​ចំនួន ១​លើក​ផង​ដែរ។

លើស​ពី​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ដឹកនាំ​អង្គទូត និង​អង្គការ​អន្តរជាតិ ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជាក់ស្តែង​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ចំនួន ៤​លើក ហើយ​ក៏បាន​ធ្វើ​បទបង្ហាញ​ចំនួន ១៤​លើក​ដែរ​ដល់​ស្ថាន​បេសកកម្ម​ការទូត និង​អង្គការ​អន្តរជាតិ។

ដោយឡែក​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​នានា បាន​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំ​ថ្ងៃ​ជិត ២០០​លើក ដើម្បី​ឆ្លើយតប​ជាមួយ​ភាគី​ថៃ។ ក្រសួង​ព័ត៌មាន ក៏បាន​សម្របសម្រួល​ឱ្យ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ចុះ​ទៅ​ដល់​តំបន់​ព្រំដែន ដើម្បី​រាយការណ៍​អំពី​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​ផល​ប៉ះពាល់​លើ​ជនស៊ីវិល​ដោយសារ​ការ​វាយប្រហារ​ពី​យោធា​ថៃ បំពាន​មក​លើ​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ផង​ដែរ។

ចំណែក​ក្រសួង​ការពារ​ជាតិ ក៏បាន​សម្របសម្រួល​ក្រុម​អនុព័ន្ធ​យោធា​បរទេស​ប្រចាំ​កម្ពុជា និង​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ចុះ​ទៅ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​នៅ​តាម​ព្រំដែន​ជាបន្តបន្ទាប់ និង​សម្របសម្រួល​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ (RBC) និង​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​រវាង​កម្ពុជា-ថៃ (GBC) ជាច្រើន​លើក​ថែមទៀត។

ជុំវិញ​បញ្ហា​នេះ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ ថា ថៃ​មិន​ដែល​ឈ្លានពាន​កម្ពុជា ទេ ប៉ុន្តែ​ថៃ គឺជា​ភាគី​ដែល​ត្រូវ​បាន​ឈ្លានពាន និង​រង​ការ​វាយប្រហារ​មុន​ពី​កម្ពុជា ហើយ​អ្វី​ដែល​ថៃ បាន​ធ្វើ គឺជា​ការ​សងសឹក​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ប៉ុណ្ណោះ។

សង្គ្រាម​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​ចំនួន ២​លើក គឺ​លើក​ទី​១ នៅ​ថ្ងៃទី​២៤ រហូត​ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ចំណែក​លើក​ទី​២ គឺ​នៅ​ថ្ងៃទី​៧ រហូត​ដល់​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ខណៈ​សង្គ្រាម​ទាំង​ពីរ​លើក​នេះ ភាគី​ថៃ បាន​ចោទ​ថា កម្ពុជា​បើក​ការ​វាយប្រហារ​លើ​ថៃ មុន ប៉ុន្តែ​ខាង​កម្ពុជា ក៏បាន​ចោទ​ថា ថៃ​គឺជា​អ្នក​វាយប្រហារ​លើ​កម្ពុជា មុន​ដែរ។

យ៉ាងណាក៏ដោយ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​ក្នុង​ពិធី​ប្រកាស​ការ​ផលិត​នាវាចម្បាំង​ខ្នាត​យក្ស​ថ្មី​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម និង​រដ្ឋមន្ត្រី​កងទ័ព​ជើងទឹក​អាមេរិក កាលពី​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ ដោយ​ចោទ​ថា ប្រទេស​ថៃ គឺជា​អ្នក​ចាប់ផ្តើម​សង្គ្រាម​មុន​ទៅ​លើ​ប្រទេស​កម្ពុជា៕

© 2026, . All rights reserved.