ក្នុងពេលថ្មីៗនេះ ចំពេលដែលការតវ៉ារបស់ប្រជាជនកាន់តែផ្ទុះខ្លាំងឡើង ហើយសម្ពាធសេដ្ឋកិច្ចកាន់តែគាបសង្កត់យ៉ាងធ្ងន់ធ្ងរទៀតនោះ មានប្រធានបទមួយដ៏ក្តៅគគុកក្រោមការចោទសួររបស់ប្រជាជនអ៊ីរ៉ង់ ជាច្រើនលាននាក់ ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ។
សំណួរសួរថា តើរបបនៃសាធារណរដ្ឋឥស្លាម អាចត្រូវបានទាញទម្លាក់ដោយមធ្យោបាយណាខ្លះ?
យ៉ាងណា ប្រវត្តិសាស្ត្របង្ហាញថា របបនេះមានភាពរឹងមាំដែលមានអាយុកាល ៤៧ឆ្នាំមកហើយ និងមិនងាយបំបែកបាននោះឡើយ។ ម្យ៉ាងទៀត របបនេះមិនទុកឱកាសឱសង្គម និងប្រទេសជាតិធ្លាក់ក្នុងសង្គ្រាមស៊ីវិលឡើយ។
របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលមានអាយុកាល ៤៧ឆ្នាំមកនេះ កំពុងគ្រប់គ្រងយ៉ាងរឹងមាំនៅក្រោមមហាជិកសាសនា Ayatollah Ali Khamenei និងគ្រួសាររបស់គាត់ ហើយគាំទ្រដោយប៉ូលិស កងកម្លាំងសន្តិសុខ និងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ រដ្ឋាភិបាលសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ចាប់កើតរូបរាងឡើងដោយសារការបះបោរដោយហិង្សាធ្វើរដ្ឋប្រហារទម្លាក់របបរាជានិយម កែទម្រង់នៃព្រះបិតារបស់ព្រះអង្គម្ចាស់រាជទាយាទ Renza Pahlavi។
កាលពីផ្ទុះកុបកម្មកន្លងមករបស់ប្រជាជនអ៊ីរ៉ង់ គឺជាការចាប់យកដណ្ដើមអំណាចរដ្ឋពីរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ ប្រជាជនចេញធ្វើបាតុកម្មដែលឈានដល់កុបកម្មមានដល់ ៦លាននាក់នៅទាំងប្រទេស ទាំង ៣១ខេត្ត-ក្រុង។ គ្រាន់តែនៅរដ្ឋធានីតេហេរ៉ង់ មានប្រជាជនចូលរួមដល់ទៅ ១លាន ៥សែននាក់។
ជាមួយនឹងការលើកទឹកចិត្តពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ក្រុមកុបករនៅរដ្ឋធានីតេហេរ៉ង់ មានផែនការចាប់យករដ្ឋធានីតេហេរ៉ង់។ ប្រសិនបើកុបករចាប់យករដ្ឋធានីនេះបាន គឺជាការប្រកាសវាយផ្ដួលរំលំរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ តែក្នុងរយៈពេលកុបកម្មផ្ទុះខ្លាំងដូចរលកសូណាមិរយៈពេល ៣ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នេះ របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានបញ្ចេញកងឆ្មាំបដិវត្តន៍រាប់ពាន់នាក់សម្រុកបាញ់សម្លាប់ ដោយកុបករស្លាប់យ៉ាងរង្គាល។
របាយការណ៍មួយរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុក ឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនោះ បាតុករអាចស្លាប់ដល់ទៅ ៤០០០០នាក់ និងរបួសជាង ១០០០០០នាក់។ បាតុករត្រូវបានចាប់ខ្លួនជាង ៣០០០០នាក់។ មនុស្ស ៣០០០០នាក់នេះ កំពុងប្រឈមមុខការកាត់ទោសធ្ងន់ធ្ងររហូតមានទោសប្រហារជីវិត និងព្យួរក។ នេះតាមការចុះផ្សាយដោយសារព័ត៌មាន AP នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។
ប្រជាជនអ៊ីរ៉ង់ ទោះជាស្ងប់ស្ងាត់បន្តិចក្ដី តែគោលដៅរបស់ពួកគេនៅតែរង់ចាំឱកាសមកដល់ជាថ្មីម្ដងទៀត ដើម្បីរុញទម្លាក់របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
ជុំវិញស្ថានការណ៍ដែលមិនអាចស្មានដឹងទុកមុនដែលប្រជាជនអ៊ីរ៉ង់ ផ្ទុះការតវ៉ាភ្លូកទឹកភ្លូកដីកន្លងមកនេះ កំពុងពិនិត្យឃើញសេណារីយ៉ូយ៉ាងតិច ៣ ដែលអាចទាញទម្លាក់របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។
សេណារីយ៉ូទីមួយ គឺសម្លឹងទៅរកការបែកបាក់របបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងជួរកងទ័ពនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់។ រយៈពេលចុងក្រោយនេះ មានសេចក្ដីរាយការណ៍មកថា មន្ត្រីជាន់ខ្ពស់ និងអតីតមន្ត្រីជាន់ខ្ពស់នៃរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងក្រុមឧត្ដមសេនីយ៍ក្នុងជួរកងទ័ពនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កំពុងបែកបាក់គ្នា ព្រោះតែអ្នកខ្លះប្រឆាំងការបាញ់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងរង្គាល និងការបំពេញចិត្តពួកមន្ត្រីនៅជុំវិញកំពូលមេដឹកនាំ Ayatollah Ali Khamenei។ តែក្រុមនេះ កំពុងបញ្ជូនកូនចៅពួកគេរត់ទៅប្រទេសណាដែលអាចផ្ដល់សិទ្ធិច្រកកោនឱ្យពួកគេបាន។ គេថាបើឧត្ដមសេនីយ៍បែកបាក់ កូនទាហានក៏បែកបាក់ដែរ។
សេណារីយ៉ូទី២ ពឹងខ្លាំងទៅលើសហគមន៍អន្តរជាតិ ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសដែលមានអំណាច មានឥទ្ធិពលលើរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ជាពិសេសគឺពឹងខ្លាំងទៅលើសហរដ្ឋអាមេរិកតែម្ដង។ ត្រង់នេះ គេអាចនិយាយបានថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែដាក់ទណ្ឌកម្មអ៊ីរ៉ង់ ឱ្យកែទម្រង់ប្រព័ន្ធដឹកនាំទៅរកការបោះឆ្នោតមួយឡើងវិញដែលមានរដ្ឋាភិបាលថ្មី ដែលមានគោលការណ៍លើមូលដ្ឋានសិទ្ធិសេរីភាពរបស់ប្រជាជន។
សេណារីយ៉ូទី៣ ខណៈដែលប្រជាជនមានទំនុកចិត្តលើកងទ័ពអាមេរិកថាអន្តរាគមន៍ ហើយពួកគេផ្ទុះបាតុកម្មជាថ្មីម្ដងទៀត ពេលនោះអាមេរិកត្រូវតែអន្តរាគមន៍វាយប្រហារទៅលើគោលដៅយោធាសំខាន់ៗរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីធ្វើឱ្យរបបអ៊ីរ៉ង់ បែកបាក់គ្នា និងទម្លាក់ភាពខ្លាំងនៅចំពោះមុខស្ថានការណ៍។ ពេលនោះ បើទោះជារដ្ឋាភិបាលឥស្លាមអ៊ីរ៉ង់ ហ៊ានប្រឈមមុខនឹងកម្លាំងយោធាអាមេរិក ឬក៏អ៊ីស្រាអែល ដោយការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម ប៉ុន្តែនៅក្នុងជួរកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏គិតទៅរករដ្ឋាភិបាលអ៊ីរ៉ង់នៃរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ អាចនឹងចាញ់អាមេរិក និងអ៊ីស្រាអែល ផងដែរ។
កាលៈទេសៈនេះហើយដែលរដ្ឋធានីតេហេរ៉ង់ អាចនឹងធ្លាក់ក្នុងដៃរបស់បាតុករ។ រដ្ឋធានីតេហេរ៉ង់ ធ្លាក់ក្នុងដៃបាតុករ គឺស្ថាប័នជាតិធំៗក៏ធ្លាក់ក្នុងដៃបាតុករដែរ។ មានន័យថា របបសាធារណរដ្ឋតេហេរ៉ង់ ត្រូវបានផ្ដួលរំលំ។
តែយ៉ាងណា សំណួរសួរថា តើប្រទេសនេះអាចធ្លាក់នៅក្នុងសង្គ្រាមស៊ីវិលដែរឬទេ ?
សង្គ្រាមស៊ីវិលអាចកើតមាន ឬក៏មិនអាចកើតមាន វាអាស្រ័យទៅលើរដ្ឋាភិបាលថ្មី បើរដ្ឋាភិបាលនេះអាចស្រោចស្រង់ជាតិ បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិបានត្រឹមត្រូវ គឺសង្គ្រាមស៊ីវិលអាចនឹងមិនផ្ទុះឡើងនោះទេ ខណៈដែលរដ្ឋាភិបាលថ្មីមានក្រសួងការពារជាតិ មានកងកម្លាំងជាតិរឹងមាំនៅពីក្រោយដោយការជួយជ្រោមជ្រែងពីកម្លាំងទ័ពសហរដ្ឋអាមេរិក៕
© 2026, . All rights reserved.