ដំណឹងពីក្រុងហាណូយ វិញ បក្សកុម្មុយនីស្តយៀកណាម បានបើកសម័យប្រជុំបក្សពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែមករា ដោយអ្នកវិភាគពីវិទ្យាស្ថានស្រាវជ្រាវនៅសិង្ហបុរី សង្កេតឃើញថា លោក តូ ឡាំ នឹងនៅជាលេខាបក្សដដែល ៥ឆ្នាំទៅមុខទៀត។
ចំណុចសំខាន់សម្រាប់អ្នកតាមដាន គឺគេចង់ដឹងថា តើលោក តូ ឡាំ នឹងដើរគន្លងប្រធាន ស៊ី ជីនពីង ឬទេ ដែលក្តោបអំណាចក្នុងដៃទាំងអស់ក្នុងការគ្រប់គ្រងប្រទេស។ តាមប្រពៃណី បក្សកុម្មុយនីស្តយៀកណាម បែងចែកអំណាចតាមគោលការណ៍សសរកន្លោង៤ ដើម្បីថ្លឹងថ្លែងអំណាចគ្នារវាងលេខាបក្ស ប្រធានបក្ស ប្រធានសភាប្រជាជន និងនាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី២៦ ខែមករា អ្នកស្រី ម៉ែន សំអន អនុប្រធានបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីដើម្បីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានទៅជួបអ្នកស្រី ប៊ុយ ធីមិញហយ (Bui Thi Minh Hoai) សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស ជាប្រធានរណសិរ្សបិតុភូមិយៀកណាម នៅក្រុងហាណូយ។
អ្នកស្រី ម៉ែន សំអន បានទៅចូលរួមអបអរសាទរខួបទី១៤ នៃសមាជបក្សកុម្មុយនីស្តយៀកណាម ហើយក្នុងជំនួបនោះ អ្នកស្រីមិននិយាយអ្វីក្រៅតែពីសម្ដែងការដឹងគុណ គោរពកោតសរសើរប្រទេសយៀកណាម នោះឡើយ និងពង្រឹងកិច្ចសហប្រតិបត្តិការជាប្រពៃណីដើម្បីឲ្យសម្រេចគោលដៅរួមពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១៕
© 2026, . All rights reserved.