ទាក់ទងនឹងសេចក្តីអញ្ជើញរដ្ឋនានាចូលជាសមាជិកក្រុមអភិបាលសន្តិភាពពីសេតវិមាន រដ្ឋាភិបាលថៃ បណ្ដោះអាសន្ន បានជូនដំណឹងទៅរដ្ឋការក្រុងវ៉ាស៊ីនតុន ថា ក្នុងស្ថានភាពត្រៀមបោះឆ្នោតដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មីនោះ ប្រទេសថៃឡង់ដ៍ ពុំមានសមត្ថភាពចូលរួមតាមការអញ្ជើញទេក្នុងកាលៈទេសៈនេះ ត្រូវរង់ចាំរដ្ឋាភិបាលថ្មី។
សារព័ត៌មានថៃ រួមទាំងបណ្ដាញសង្គម X បានចុះផ្សាយសម្ដីអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ លោក ឆាតឆៃ បាងឆួត ដែលថាគេនឹងបន្តដាក់ពាក្យប្តឹងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយចោទថា លោកទាំងពីររូបជាមេបញ្ជាការយោធាវាយប្រហារលើប្រទេសថៃឡង់ដ៍ បន្ទាប់ពីព្រះរាជអាជ្ញាថៃ និងមន្ត្រីរដ្ឋាភិបាល ទៅពិនិត្យការខូចខាតនៅតាមព្រំដែនថៃ-ខ្មែរ។
ដំណាលពេលគ្នានេះ មេទ័ពថៃ ខ្លះនិយាយថា សង្គ្រាមរវាងប្រទេសថៃឡង់ដ៍ និងប្រទេសកម្ពុជា អាចនឹងកើតឡើងជាលើកទីបី បើពិនិត្យលើសភាពការណ៍ ថ្វីត្បិតតែតាមព្រំដែនមានភាពស្ងប់ស្ងាត់។
សារព័ត៌មានថៃ ខៅស៊ុត ផ្សាយពីថ្ងៃទី២៦ ខែមករា ថា ឧត្ដមសេនីយ៍ អ៊ុកឫទ្ធិ ប៊ូនថានន្ទ មិនបានបដិសេធសេចក្តីរាយការណ៍ថាលោក ទៀ បាញ់ បានទាក់ទងមន្ត្រីថៃ ស្វែងរកការឈប់បាញ់គ្នា។ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធថៃ រូបនេះថ្លែងថា គេមិនត្រូវមើលតែសញ្ញា សម្ដីសំដៅ និងសារប៉ុណ្ណោះទេ គេត្រូវមើលអាកប្បកិរិយាផងដែរ ខណៈមានសេចក្តីរាយការណ៍ថា កងកម្លាំងយោធាខ្មែរកំពុងជីកលេណដ្ឋាននៅព្រំប្រទល់ដែនទល់មុខខេត្តត្រាត ដែលគេថាលយចូលទឹកដីគេ៕
© 2026, . All rights reserved.