ពលរដ្ឋខ្មែរសុទ្ធមានដើមកំណើតខ្មែរ កើតលើទឹកដីខ្មែរ ប្រកាន់ជំនឿសាសនា វប្បធម៌ ប្រពៃណីទំនៀមទម្លាប់បែបខ្មែរ រៀនអក្សរសាស្ត្រជាតិខ្មែរ អាចនឹងបាត់បង់សញ្ជាតិរបស់ខ្លួន បាត់បង់សិទ្ធិសេរីភាពជាម្ចាស់ទឹកដីខ្លួន នៅពេលរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តច្បាប់ដកសញ្ជាតិខ្មែរដែលសភាជាតិអនុម័តនៅខែកក្កដា ហើយព្រះមហាក្សត្រប្រថាប់ព្រះលញ្ឆករ ឬត្រា សព្វព្រះទ័យនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បើរាជរដ្ឋាភិបាលចោទពលរដ្ឋខ្មែរនោះថា ក្បត់ជាតិ សមគំនិតនឹងបរទេស បំផ្លិចបំផ្លាញអធិបតេយ្យជាតិ និងសន្តិសុខជាតិ ឬក៏ត្រូវតុលាការចាប់ទោសឧក្រិដ្ឋច្រើនប្រការរួមទាំងប្រមាថព្រះមហាក្សត្រផងដែរ។
រដ្ឋធម្មនុញ្ញពីមុនហាមមិនឲ្យដកសញ្ជាតិខ្មែរឡើយ។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២៣ ខែមករា ដោយស្រង់យកអនុក្រឹត្យចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្សាយតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី២២ ខែមករា មកអធិប្បាយថា ច្បាប់នេះក្រោយពីកែប្រែមាត្រា៣៣ មានលក្ខណៈផ្ទុយពីច្បាប់អន្តរជាតិទាំងស្រុង ជាពិសេសសេចក្តីសម្រេចនៃអង្គមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែធ្នូ ឆ្នាំ២០១៣ ដែលនិយាយអំពីសិទ្ធិមនុស្ស និងការដកហូតសញ្ជាតិតាមចំណង់ចំណូលចិត្ត ឬតាមនឹកឃើញ។
ច្បាប់ដកសញ្ជាតិខ្មែរពីពលរដ្ឋខ្មែរ តាមអង្គការសិទ្ធិមនុស្ស គឺជាការព្យាយាមបំបិទមាត់ពលរដ្ឋខ្មែរមិនឲ្យនិយាយអ្វី បញ្ចេញយោបល់អ្វី មើលឃើញអ្វីផ្ទុយពីមាគ៌ាបក្សប្រជាជនកម្ពុជា និងបន្ទាត់នយោបាយរដ្ឋាភិបាល ទោះជាមានកំហុសធំប៉ុនណាយ៉ាងណាក៏ដោយ។
លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ធ្លាប់អះអាងថា បើពលរដ្ឋខ្មែរមិនធ្វើអ្វីខុស គ្មានរឿងអ្វីត្រូវព្រួយបារម្ភទេ។ នេះមានន័យថា រដ្ឋអំណាចសព្វថ្ងៃចង់ឲ្យពលរដ្ឋខ្មែរធ្វើខ្វាក់ ធ្វើគ ធ្វើថ្លង់ ដូចសម័យខ្មែរក្រហមដែលដឹកនាំដោយ ប៉ុល ពត។
ផ្ទុយទៅវិញ សាច់ញាតិ គូកន ក្លើម្រាក់លោក ហ៊ុន សែន និងគ្រួសារ មានអ្នកកាន់សញ្ជាតិបរទេសពីរ ឬបីក៏មាន ដូចជាលោក នេត សាវឿន និងគ្រួសារ ព្រមទាំងលោក អូន ព័ន្ធមុនីរ័ត្ន និងគ្រួសារជាដើម ខណៈពលរដ្ឋខ្មែររស់នៅក្នុងស្រុកកំណើតរបស់ខ្លួន មានសញ្ជាតិតែមួយ ហើយអាចនឹងបាត់បង់ បើរដ្ឋាភិបាលដកសញ្ជាតិពួកគាត់ ដោយសារបញ្ចេញមតិមិនស្របតាមរដ្ឋាភិបាល។
អ្នកសង្កេតការណ៍ខ្មែរ អ្នកនយោបាយខ្មែរ មើលឃើញដូចម្តេចចំពោះស្រុកខ្មែរសព្វថ្ងៃដែលរដ្ឋាភិបាលផ្តល់សញ្ជាតិឲ្យបរទេសរាប់មិនអស់?៕
© 2026, . All rights reserved.