អាជ្ញាធរដោះមីនកម្ពុជា អះអាងថា ក្នុងករណីផ្ទុះគ្រាប់បែកចង្កោមចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល បានបណ្តាលឱ្យពលរដ្ឋខ្មែរ ៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីពួកគេបានដើរជាន់សំណល់យុទ្ធភណ្ឌទាំងនោះ។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩ មករា នេះថា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ត្រង់ចំណុចភូមិបុស្សធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ តាមដងផ្លូវលេខ៥៨ មានករណីផ្ទុះគ្រាប់បែកចង្កោមមួយករណី។
លោក ហេង រតនា អះអាងថា ការផ្ទុះនេះកើតឡើងដោយសារបុគ្គលិកក្រុមហ៊ុន SN តបណ្ដាញអគ្គិសនី បានដើរជាន់គ្រាប់បែកចង្កោមដែលជាសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាមជាមួយថៃ កាលពីពេលថ្មីៗនេះ ហើយករណីផ្ទុះនេះបានបណ្តាលឱ្យបុគ្គលិកក្រុមហ៊ុន SN ចំនួន ០៣នាក់រងរបួសធ្ងន់ និងស្រាល។
អាជ្ញាធរមីនកម្ពុជា រូបនេះ អំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន និងអង្គភាពរដ្ឋទាំងអស់ដែលធ្វើសកម្មភាពនៅតំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាមច្បាំងគ្នាជាមួយថៃ ធ្វើការសម្របសម្រួលឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ឬអង្គភាពស៊ីម៉ាក់ ដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះផ្ទាល់ ដើម្បីបង្ការគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងនោះ។
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានអះអាងថា កាលពីថ្ងៃទី២៨ ខែមករា គ្រាប់បែកចង្កោមប្រភេទ M46 បានផ្ទុះអំឡុងពេលកម្លាំងជំនាញ CMAC ប្រតិបត្តិការបោសសម្អាតនៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនបង្កឱ្យគ្រោះថ្នាក់ដល់កម្លាំងប្រតិបត្តិការ ឬបង្កខូចខាតដល់គ្រឿងចក្រឡើយ។
ប្រភពដដែលបញ្ជាក់ថា អង្គភាពជំនាញបានប្រើប្រាស់បច្ចេកទេសគ្រឿងចក្រស្រូបឆក់គ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះប្រភេទ M46 បានចំនួន ១០គ្រាប់ និងបន្សាបបានចំនួន ៩គ្រាប់ ប៉ុន្តែមានគ្រាប់បែកចង្កោមចំនួន ១គ្រាប់បានផ្ទុះនៅពេលប្រតិបត្តិការស្រូបឆក់នោះតែម្តង។
ជាងនេះទៀត អង្គភាពស៊ីម៉ាក់ ក៏បានប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមប្រភេទ M85 របស់គ្រាប់កាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ ដែលបាញ់ដោយភាគីថៃ ធ្លាក់ចូលក្នុងផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផងដែរ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ខណៈផ្ទះដែលរងការបាញ់ប្រហារនោះត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។
គ្រាប់បែកចង្កោម គឺជាប្រភេទគ្រាប់បែកដែលអាចទម្លាក់ចេញពីយន្តហោះ ឬបាញ់ចេញពីកាំភ្លើងធំ ដែលអាចបញ្ចេញគ្រាប់បែកតូចៗដើម្បីកម្ទេចរថក្រោះ និងបរិក្ខារយោធាមួយចំនួន រួមទាំងកងទ័ព និងអាចវាយប្រហារលើគោលដៅជាច្រើនក្នុងពេលតែមួយ។
ច្បាប់អន្តរជាតិហាមប្រើប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន ១២៣ ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ ដោយហាមឃាត់នូវការប្រើប្រាស់ ការអភិវឌ្ឍ ការផលិត ការទិញយក ឬស្តុកទុក និងការផ្ទេរគ្រាប់បែកចង្កោម ក៏ដូចជាជំនួយ ឬការចូលរួមសកម្មភាពហាមឃាត់ណាមួយ ជាដើម។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ លោក Winthai Suwaree កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បានទទួលស្គាល់ថា យោធាថៃ ពិតជាបានប្រើប្រាស់គ្រាប់បែកចង្កោមដើម្បីវាយប្រហារមកលើកម្ពុជា មែន ព្រោះថៃ មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោម (CCM) ឡើយ។
លោក Winthai Suwaree បញ្ជាក់ថា អនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមដែលហាមប្រាមការប្រើប្រាស់ ការផលិត និងការស្តុកទុកអាវុធចង្កោម មិនអាចចងប្រទេសថៃ បានទេ ដោយសារប្រទេសថៃ មិនមែនជាប្រទេសហត្ថលេខីដូចប្រទេសដទៃ។
ប្រទេសថៃឡង់ដ៍ មិនមែនជាប្រទេសហត្ថលេខីនៃអនុសញ្ញាឆ្នាំ២០០៨ ហាមប្រាមការប្រើ ផលិត និងស្តុកទុកគ្រាប់បែកចង្កោម នៅក្រុងអូស្លូ ប្រទេសន័រវែស នោះទេ។ ប្រទេសថៃឡង់ដ៍ ជាប្រទេសហត្ថលេខីនៃអនុសញ្ញាឆ្នាំ១៩៩៧ ហាមប្រាមការរាយបង្កប់គ្រាប់មីនកម្ទេចមនុស្សនៅក្រុងអូតាវ៉ា ប្រទេសកាណាដា។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ អ្នកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ថៃបានប្រើប្រាស់គ្រាប់បែកចង្កោមដោយខុសច្បាប់លើទឹកដីខ្មែរ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្ដីពីគ្រាប់បែកចង្កោមផងដែរ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ការពង្រាយគ្រាប់បែកចង្កោម គឺជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល បរិស្ថាន ហើយក៏ជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិភាព រួមទាំងសន្តិសុខក្នុងតំបន់ថែមទៀត។
ជុំវិញបញ្ហានេះ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ លើកឡើងថា ការដាក់ឲ្យយោធាថៃ ទទួលខុសត្រូវលើទង្វើបំពានរបស់ខ្លួនមកលើប្រទេសកម្ពុជា គឺជាមូលដ្ឋានគ្រឹះសន្តិភាពសម្រាប់កម្ពុជាផង តំបន់ផង និងពិភពលោកផងដែរ។
យោធាថៃ ក៏បានចោទយោធាខ្មែរថារាយមីនកម្ទេចមនុស្សតាមជាយដែនដែរ ដែលធ្វើឲ្យទាហានថៃ ស្លាប់ និងរបួសជាច្រើននាក់ ហើយដែលផ្ទុយពីអនុសញ្ញាក្រុងអូតាវ៉ា៕
© 2026, . All rights reserved.