រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន អ្នកស្រី Theresa Lazaro និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២៦ ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

ប្រធាន​អាស៊ាន​ប្ដូរ​វេន​ឆ្ងល់​ថា ហេតុ​អ្វី​អ្នកកាសែត​មិន​សួរ​អ្នកស្រី​ពី​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ

By ឌឹ ខេមបូឌា ដេលី

February 02, 2026

អ្នក​ឃ្លាំមើល​ស្ថានការណ៍​ប្រទេស​កម្ពុជា លើកឡើង​ថា ការ​ដែល​គ្មាន​អ្នក​សារព័ត៌មាន​អន្តរជាតិ​ចោទ​សួរ​ប្រធាន​អាស៊ាន អំពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ក្នុង​កិច្ចប្រជុំ​សំណេះសំណាល​ក្រៅ​ផ្លូវការ​នៃ​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​សមាជិក​អាស៊ាន នៅ​សណ្ឋាគារ Nustar នា​ក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន គឺ​ដោយសារ​កត្តា​រួមផ្សំ​នៃ​ភូមិសាស្ត្រ​នយោបាយ​សកល​ផង និង​ដោយសារ​រូបភាព​អវិជ្ជមាន​នៃ​ប្រទេស​ជម្លោះ​ផ្ទាល់​ផង​ដែរ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ មករា ថា មូលហេតុ​ចម្បង​ដែល​ទាញ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នក​សារព័ត៌មាន​អន្តរជាតិ​ទាំងស្រុង​នោះ គឺ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ដំណើរការ​នៃ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ចំណុច​ក្តៅ​នៃ​សមរភូមិ​មហាអំណាច​រវាង​អាមេរិក និង​ចិន។

លោក សេង វណ្ណលី លើកឡើង​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ វិបត្តិ​នៅ​ក្នុង​ប្រទេស​ភូមា និង​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ​របស់​ប្រទេស​ហ្វីលីពីន ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ក៏បាន​ក្លាយ​ជា​បេសកកម្ម​អាទិភាព​ដែល​អាស៊ាន​ត្រូវតែ​បង្ហាញ​ពិភពលោក​ដើម្បី​រក្សា​មុខមាត់ និង​សាមគ្គីភាព​របស់​ខ្លួន​ដែរ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា ដោយសារតែ​កត្តា​ទាំងនេះ​ហើយ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ក្លាយ​ជា​បញ្ហា​បន្ទាប់បន្សំ​សម្រាប់​របៀបវារៈ​ដែល​នឹង​ត្រូវ​បាន​លើកឡើង​សម្រាប់​ជា​ព័ត៌មាន​អន្តរជាតិ​ចំពោះ​បញ្ហា​តំបន់ និង​ពិភពលោក​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​អាស៊ាន សម្ដែង​ការ​ភ្ញាក់ផ្អើល​ក្រោយ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ មិន​ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​២៩ មករា។

រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន អ្នកស្រី Theresa Lazaro និង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២៦ នេះ បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​នៅ​ចុងបញ្ចប់​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២៦ ដោយសារតែ​គ្មាន​អ្នក​រាយការណ៍​ព័ត៌មាន​អន្តរជាតិ​ណា​ម្នាក់​លើក​ជា​សំណួរ​ទៅ​កាន់​អ្នកស្រី​អំពី​ជម្លោះ​កម្ពុជា-ថៃ អំឡុង​ពេល​ក្រោយ​កិច្ចប្រជុំ។

អ្នកស្រី Theresa Lazaro បញ្ជាក់​ថា អាស៊ាន​ស្វាគមន៍​កិច្ចប្រជុំ​ពិសេស​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) លើក​ទី​៣ កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ ស្ដីពី​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ ដោយ​ឈរ​លើ​ដំណោះ​សន្តិវិធី និង​ផ្អែកលើ​ច្បាប់​អន្តរជាតិ។

យ៉ាងណាក៏ដោយ ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា លោក ពុយ គា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣០ មករា នេះ​ថា កិច្ចប្រជុំ​សំណេះសំណាល​ក្រៅ​ផ្លូវការ​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នេះ មិន​មាន​អ្នក​សារព័ត៌មាន​បរទេស​ច្រើន​ទេ ក្រៅតែ​ពី​អ្នក​សារព័ត៌មាន​ជនជាតិ​ហ្វីលីពីន ហើយ​ក៏​មិន​មាន​អ្នក​សារព័ត៌មាន​មកពី​កម្ពុជា ដែរ។

សូម​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​គេ​ហៅ​តាម​អង់គ្លេស​ថា ASEAN Foreign Ministers Meeting (AMM) ឬ ASEAN Foreign Ministers Retreat (AFMR) ដែល​ប្រទេស​ជា​ប្រធាន​ដូរ​វេន ធ្វើឡើង​តាម​ទម្លាប់​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​រដ្ឋមន្ត្រី​ការបរទេស​ជួបជុំ​ក្រៅ​ផ្លូវការ សំណេះសំណាល​គ្នា ស្គាល់​គ្នា​ទៅវិញ​ទៅមក ប្តូរ​យោបល់​គ្នា​អំពី​គោលការណ៍​នយោបាយ​រួម និង​កិច្ច​អភិវឌ្ឍន៍​សហគមន៍។

ក្រោយពី​ប្រជុំ​ចប់ អ្នកស្រី​រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន Maria Theresa Lazaro បាន​បើក​សន្និសីទ​កាសែត ហើយ​ក៏​មាន​ការ​ងឿងឆ្ងល់​ថា ហេតុ​អ្វី​បាន​អ្នកកាសែត​មិន​លើក​សំណួរ​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ។

ចំណងជើង​ក្នុង​កាសែត The Star សរសេរ​ថា តើ​ការ​ប៉ះទង្គិច​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ វា​មិនមែន​រឿង​ធំ​ដុំ ឬ​យ៉ាងណា?

លោក ពុយ គា អះអាង​ថា ក្រោយ​សន្និសីទ​សារព័ត៌មាន​ចប់ អ្នក​សារព័ត៌មាន​ក៏បាន​សួរ​អ្នកស្រី Maria Theresa Lazaro អំពី​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដែរ ប៉ុន្តែ​គាត់​បញ្ជាក់​ថា មិន​មាន​ការ​សម្រេច​អ្វី​ឡើយ​ជុំវិញ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នោះ។

គួរ​បញ្ជាក់​ថា អ្នកស្រី​ថ្លែង​ថា អ្នកស្រី​នឹកស្មាន​ថា​អ្នកកាសែត​នឹង​សួរ​រឿង​ហ្នឹង ហើយ​បើ​មិន​សួរ ក៏​មិន​អី​ដែរ សូម​អរគុណ!

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​បាន​លើកឡើង​ថា ករណី​មិន​មាន​អ្នក​សារព័ត៌មាន​អន្តរជាតិ​ចោទ​សួរ​ប្រធាន​អាស៊ាន ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ គឺ​ដោយសារតែ​កម្ពុជា ជា​ប្រទេស​ដែល​ធ្លាប់​បណ្តេញ​អ្នក​សារព័ត៌មាន​អន្តរជាតិ​ចេញពី​ប្រទេស ជា​ប្រទេស​ដែល​មាន​កេរ្តិ៍ឈ្មោះ​អសោច​រឿង​ឧក្រិដ្ឋកម្ម​អនឡាញ ជា​ប្រទេស​ដែល​តែងតែ​មាន​ឈ្មោះ​អាស្រូវ​រឿង​មិន​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ជា​ប្រទេស​ដែល​មាន​វិស័យ​ការទូត​អន្តរជាតិ​ទន់ខ្សោយ ជាដើម។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ មករា ថា រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន អ្នកស្រី Maria Theresa Lazaro ក្នុង​នាម​ជា​ប្រធាន​អាស៊ាន បាន​សង្កត់​ធ្ងន់​លើ​ការ​ជំរុញ​ឱ្យ​អាស៊ាន​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុង​ពេល​បច្ចុប្បន្ន ក៏ដូចជា​បញ្ហា​ប្រឈម​លេច​ឡើង​ថ្មីៗ ដើម្បី​កសាង​សហគមន៍​អាស៊ាន​មួយ​ប្រកប​ដោយ​និរន្តរភាព និង​ភាព​ធន់ ដែល​ស្រប​ទៅ​នឹង​មូលបទ “ដំណើរ​ឆ្ពោះ​ទៅ​កាន់​អនាគត​រួម​គ្នា”

លោក ប្រាក់ សុខុន បញ្ជាក់​ថា ប្រទេស​កម្ពុជា​បាន​បញ្ជាក់​សាជាថ្មី​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ ដើម្បី​ធានា​នូវ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់៕

© 2026, . All rights reserved.