លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​កិច្ចប្រជុំ​សភា​ក្នុង​សម័យ​ប្រជុំ​លើក​ទី​៥ នីតិកាល​ទី​៧ កាលពី​ថ្ងៃ​សុក្រ ទី​១៦ ខែ​មករា ឆ្នាំ​២០២៦។

នយោបាយ

អ្នក​ឃ្លាំមើល​ព្រមាន​ថា​ការ​ចាត់ចែង​អំណាច​បែប​គ្រួសារ​និយម កំពុង​បង្ក​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​តំណែង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

By ឌឹ ខេមបូឌា ដេលី

February 03, 2026

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​រៀបចំ​អំណាច​បែប​គ្រួសារ​និយម​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្ក​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​ស្វ័យភាព​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​អាច​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​អាច​បន្ត​ធ្វើ​ជា​បង្គោល​គ្រឹះ​បាន​ទៀត។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​អាច​បន្ត​ធ្វើ​ជា​បង្គោល​គ្រឹះ​បាន​ទៀត​នោះ វាសនា​របស់​លោក ហ៊ុន ម៉ាណែត និង​ប្រទេស​ជាតិ អាច​នឹង​ប្រឈម​នឹង​សេណារីយ៉ូ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ជាច្រើន​ទៅ​ថ្ងៃ​មុខ។

លោក សេង វណ្ណលី លើកឡើង​ថា សេណារីយ៉ូ​គ្រោះថ្នាក់​ដែល​អាច​កើតមាន ដូចជា វិបត្តិ​នៃ​ការ​បែកបាក់​ផ្ទៃក្នុង ព្រោះ​បច្ចុប្បន្ន​នេះ​មាន​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ជា​មេ​អាជ្ញាកណ្ដាល​ដែល​មន្ត្រី​គ្រាក់ៗ និង​ក្រុម​គ្រួសារ​មាន​ឥទ្ធិពល​ដទៃ​ទៀត​កោតខ្លាច។

ជាង​នេះ​ទៀត លោក​ថា ភាព​ទន់ជ្រាយ​នៃ​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​ជា​សេណារីយ៉ូ​គ្រោះថ្នាក់​ដែរ ព្រោះ​គណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​មាន​ការ​បែងចែក​អំណាច​តាម​ប្រព័ន្ធ​បណ្ដាញ​ខ្សែរយៈ​ដែល​សុទ្ធតែ​ជា​កូនចៅ​មន្ត្រី​ជាន់ខ្ពស់​ដែល​មាន​ឪពុក ម្តាយ និង​សាច់ញាតិ​របស់​ពួកគេ​ជា​ខ្នងបង្អែក​រៀងៗ​ខ្លួន។

លោក​បន្ត​ថា ការណ៍​នេះ អាច​នាំ​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ទាំងមូល​ជួប​ភាព​ជាប់​គាំង ឬ​ការ​មិន​គោរព​បទបញ្ជា ដែល​ប៉ះពាល់​ដល់​ការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​មុខ។ លើស​ពី​នេះ ហានិភ័យ​នៃ​អន្តរកាល​ដែល​មិន​បាន​ត្រៀម​ខ្លួន ក៏​ជា​សេណារីយ៉ូ​គ្រោះថ្នាក់​ដែរ ដែល​អាច​កើតឡើង​ដោយ​ចៃដន្យ​នៅ​ពេល​ណា​មួយ​នោះ ព្រោះ​ថា​ស្ថាប័ន​រដ្ឋ ដូចជា​តុលាការ ឬ​ស្ថាប័ន​សភា ជាដើម ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បម្រើ​ឆន្ទៈ​អ្នក​មាន​អំណាច​ប៉ុណ្ណោះ ដូច្នេះ​នៅ​ពេល​មេដឹកនាំ​ទាំងនោះ​ជួប​បញ្ហា ស្ថាប័ន​ទាំងនេះ​ក៏​មិន​អាច​ដើរតួ​ជា​សំណាញ់​សុវត្ថិភាព​រក្សា​លំនឹង​ប្រទេស​ជាតិ​បាន​ដែរ។

លោក សេង វណ្ណលី ផ្តល់​យោបល់​ថា ដើម្បី​ចៀសវាង​គ្រោះថ្នាក់​នេះ កម្ពុជា​ត្រូវតែ​ផ្លាស់ប្ដូរ​ពី​ការ​គ្រប់គ្រង​ដោយ​បុគ្គល ទៅ​ជា​ការ​គ្រប់គ្រង​តាម​គោលការណ៍​ច្បាប់ និង​ស្ថាប័ន​វិញ ដូចជា ការ​ផ្តល់​អំណាច​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ ស្ថាប័ន​នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ ដើម្បី​ឱ្យ​មាន​ភាព​ឯករាជ្យ​ម្ចាស់ការ​ដាច់ដោយឡែក​ពី​គ្នា និង​ការ​អនុវត្ត​តាម​នីតិវិធី​រដ្ឋបាល​ដែល​ចំហ និង​មាន​ការ​ចូលរួម​ពី​មតិ​សាធារណៈ ជាដើម។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា សន្តិភាព​ដែល​ផ្អែក​លើ​បុគ្គល​ម្នាក់ គឺជា​សន្តិភាព​ដែល​ផុយ​ស្រួយ​បំផុត ប៉ុន្តែ​ស្ថិរភាព​ពិតប្រាកដ​ដែល​កើត​ចេញពី​ការ​ផ្តល់​ជំនឿ​ទុកចិត្ត​លើ​ស្ថាប័ន​រដ្ឋ និង​ការ​គោរព​ច្បាប់​ជា​ធំ ទើប​ជា​គន្លឹះ​តែ​មួយ​គត់​ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ាណែត និង​កម្ពុជា រួច​ផុត​ពី​ហានិភ័យ​នៃ​ភាព​ទន់ជ្រាយ​នយោបាយ​បច្ចុប្បន្ន​ទៅ​ថ្ងៃ​អនាគត។

គេ​សង្កេត​ឃើញ​ថា រយៈពេល​ដឹកនាំ​ប្រទេស​កម្ពុជា ជាង ២​ឆ្នាំ​មក​នេះ លោក ហ៊ុន ម៉ាណែត មិន​បាន​ដើរ​តួនាទី​ពេញលេញ​ជា​នាយករដ្ឋមន្ត្រី​ដោយ​សមត្ថភាព​ខ្លួនឯង​ទេ ព្រោះ​គាត់​នៅតែ​ចាំ​ទទួល​បញ្ជា និង​ការ​សម្រេច​រាល់​កិច្ចការ​ផ្សេងៗ​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក​របស់​គាត់​រហូត​មក។

យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៥ ថា លោក ហ៊ុន ម៉ាណែត បាន​បន្ត​វេន​ដឹកនាំ​ប្រទេស​កម្ពុជា​អស់​រយៈពេល ២​ឆ្នាំ​មក​នេះ គ្រប់គ្រាន់​ក្នុង​ការ​យល់ដឹង​ពី​ការ​ដឹកនាំ និង​គ្រប់គ្រង​បាន​ល្អ​ពី​សំណាក់​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី​លើ​គ្រប់​វិស័យ ទាំង​នៅ​ក្នុង​រាជរដ្ឋាភិបាល​ទាំងមូល ទាំង​នៅ​គ្រប់​ស្ថាប័ន​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។

បែប​នេះ​ក្តី ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KOD) លោក ស៊ឹង សែនករុណា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា តាម​ការ​សង្កេត​រយៈពេល ២​ឆ្នាំ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត បង្ហាញ​ថា ការ​ដឹកនាំ​របស់​គាត់ គឺ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​លោក ហ៊ុន សែន ជាជាង​ការ​ដឹកនាំ​ដោយ​សមត្ថភាព និង​ការ​យល់ដឹង​ផ្ទាល់ខ្លួន៕

© 2026, . All rights reserved.