សមត្ថកិច្ច​បើក​ប្រតិបត្តិការ​ឃាត់​ខ្លួន​ជនបរទេស​ជាង ២០០០​នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ភូមិសាស្ត្រ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

កម្ពុជា​បណ្តេញ​ជនបរទេស ១០៥៩​នាក់​ទៅ​ប្រទេស​កំណើត​វិញ ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​អនឡាញ

By ឌឹ ខេមបូឌា ដេលី

February 04, 2026

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បញ្ជាក់​ថា ក្នុង​រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ខែ​មករា ដល់​ថ្ងៃទី​២ ខែ​កុម្ភៈ អាជ្ញាធរ​កម្ពុជា បាន​បណ្តេញ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​សរុប ១០៥៩​នាក់ ទៅ​ប្រទេស​កំណើត​ពួកគេ​វិញ ក្រោយ​រក​ឃើញ​ថា​ពួកគេ​លួច​ស្នាក់នៅ និង​ធ្វើការ​ខុស​ច្បាប់​នៅ​កម្ពុជា។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឱ្យ​ដឹង​ទៀត​ថា តាម​ការ​ស៊ើបអង្កេត​របស់​ក្រុម​ជំនាញ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជនបរទេស ៤១៩​នាក់​ត្រូវ​បណ្តេញ​ចេញ​ទៅ​ប្រទេស​ពួកគេ​វិញ ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់ និង​ប្រើប្រាស់ QR CODE ក្លែងក្លាយ។ ជនបរទេស​ទាំង ៤១៩​នាក់​នោះ​មាន ៧​សញ្ជាតិ រួម​មាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស ឥណ្ឌា លីបេរីយ៉ា នីហ្សេរីយ៉ា និង​ប៉ាគីស្ថាន។

ប្រភព​ដដែល​អះអាង​ថា នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ មន្ត្រី​ជំនាញ​អគ្គនាយក​អន្តោប្រវេសន៍ ក៏បាន​បណ្តេញ​ជនជាតិ​វៀតណាម ១៧៥​នាក់​ចេញពី​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង។ ពួកគេ​ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ និង​ធ្វើការ​ឆបោក​អនឡាញ (Online Scams) ខុស​ច្បាប់។

ប្រភព​ខាងលើ​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃទី​៣១ មករា មាន​ជនបរទេស ៤០៦​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​កម្ពុជា ដោយសារ​ឆ្លងដែន​មក​ខុស​ច្បាប់។ ពួកគេ​ទាំងនេះ​មាន ៩​សញ្ជាតិ រួម​មាន ចិន ឥណ្ឌូនេស៊ី បង់ក្លាដេស យ៉ូហ្គង់ដា នីហ្សេរីយ៉ា កូរ៉េ ឥណ្ឌា ថៃ និង​សេរ៉ាឡេអូន។ ក្នុង​ចំណោម​ពួកគេ ជនជាតិ​ចិន ១៤០​នាក់​មិន​ត្រឹមតែ​ពាក់ព័ន្ធ​ករណី​លួច​ឆ្លងដែន ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់​នោះ​ឡើយ គឺ​បាន​ប្រើប្រាស់ QR CODE ក្លែងក្លាយ​ថែមទៀត។

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​បណ្ដេញ​ជនបរទេស​ជាច្រើន​នាក់​ចេញពី​កម្ពុជា​ជាបន្តបន្ទាប់​បែប​នេះ ដោយសារ​រដ្ឋាភិបាល​កំពុង​បង្កើន​ការ​បង្ក្រាប​បទល្មើស​ឆបោក​អនឡាញ (Online Scams) ដែល​ភាគច្រើន​អ្នក​ប្រព្រឹត្ត​បទល្មើស និង​ជនរងគ្រោះ​ជា​ជនបរទេស​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់។ ក្នុង​យុទ្ធនាការ​បង្ក្រាប Online Scams ត្រូវ​បាន​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ចាត់ទុក​ជា​ការងារ​អាទិភាព។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​លើកឡើង​នៅ​ថ្ងៃទី​៣១ ខែ​មករា នៅ​ពេល​កម្លាំង​ជំនាញ​កម្ពុជា បាន​ចុះ​បង្ក្រាប​ទីតាំង Online Scam ទ្រង់ទ្រាយ​ធំ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថា សម្រាប់​ករណី​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) មន្ត្រី​ក្រសួង​មហាផ្ទៃ រូប​ណា​ក៏ដោយ​ដែល​បណ្ដែតបណ្ដោយ ឬ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេះ ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ រួម​ទាំង​ការ​ដក​ពី​មុខតំណែង និង​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ។

ចំណែក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin) បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា ប្រទេស​ចិន គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​កម្លាំង​ជំនាញ​របស់​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ហើយ​ជឿជាក់​ថា​កិច្ចការ​នេះ​នឹង​បន្ត​មាន​វឌ្ឍនភាព​ថ្មី​ឥត​ឈប់ឈរ។

បើ​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បណ្ដេញ​ជនបរទេស​ចំនួន ១៣៥៥៧​នាក់ ស្មើ ៦៦​សញ្ជាតិ ចេញពី​ប្រទេស​កម្ពុជា ក្រោយ​រក​ឃើញ​ជនបរទេស​ទាំងអស់​នោះ​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​បណ្តេញ​ចេញ​ជនបរទេស​ក្នុង​ឆ្នាំ​២០២៥ ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤ មាន​ការ​កើន​ឡើង ៧៧០៥​នាក់ ស្មើ​នឹង ៥៦,៨៣%៕

© 2026, . All rights reserved.