ប្រធានាធិបតីស្ដីទីនៃប្រទេសវេណេហ្ស៊ុយអេឡា អ្នកស្រី Delcy Rodriguez ប្រកាសសំណើច្បាប់លើកលែងទោសជាទូទៅ ជាពិសេសអ្នកទោសនយោបាយរាប់ពាន់នាក់ ដែលក្នុងនោះមានទាំងមេដឹកនាំបក្សប្រឆាំង អ្នកកាសែត និងសកម្មជនសង្គម។
ប្រធានាធិបតីស្ដីទីវេណេហ្ស៊ុយអេឡា Delcy Rodriguez បានប្រកាសថា ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ ប្រព័ន្ធយុត្តិធម៌ត្រូវបានកែទម្រង់ ហើយសំណើច្បាប់លើកលែងទោស នឹងត្រូវបានសភាអនុម័ត ដែលនឹងបង្កលក្ខណៈទូលំទូលាយដល់ការលើកលែងទោស។ ប្រជាជន និងសកម្មជននយោបាយដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងការតវ៉ាកន្លងមក ត្រូវបានលើកលែងទោសដោយមិនចាំបាច់ឡើងតុលាការ ហើយរាល់ការចោទប្រកាន់ត្រូវបានទម្លាក់ចោលទាំងអស់។
ចាប់តាំងពីការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ដោយកម្លាំងទ័ពអាមេរិក កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ប្រទេសវេណេហ្ស៊ុយអេឡា បើទោះជានៅមានរចនាសម្ព័ន្ធដឹកនាំសេសសល់ពីប្រព័ន្ធដឹកនាំរបស់លោក ម៉ាឌូរ៉ូ ពិតមែន តែសម្រាប់អ្នកស្រី Delcy Rodriguez អតីតអនុប្រធានាធិបតីរបស់លោក ម៉ាឌូរ៉ូ ដែលបានចាត់តាំងដោយតុលាការកំពូល ជាប្រធានាធិបតីស្ដីទី គេសង្កេតឃើញអ្នកស្រីព្យាយាមធ្វើឱ្យមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដោយទទួលយកសំណើរបស់រដ្ឋការលោក ដូណាល់ ត្រាំ ដែលស្នើឱ្យមានការលើកលែងទោសអ្នកនយោបាយ និងបើកចំហសេរីភាពនយោបាយដល់គ្រប់បក្សនយោបាយទាំងអស់ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតប្រធានាធិបតី និងសមាជិកសភាអាណត្តិថ្មីជំនួសអាណត្តិរបស់លោក ម៉ាឌូរ៉ូ។
ចាប់តាំងពីលោក ម៉ាឌូរ៉ូ និងជំទាវរបស់គាត់ កំពុងដេកក្នុងរបាំងដែកនៅក្នុងការឃុំខ្លួននៅទីក្រុងញូវយ៉ក ប្រព័ន្ធដឹកនាំថ្មីរបស់អ្នកស្រី Delcy Rodriguez ប្រធានាធិបតីស្ដីទីនៃប្រទេសវេណេហ្ស៊ុយអេឡា បានដោះលែងមនុស្ស ៧១១នាក់ ភាគច្រើនជាអ្នកទោសនយោបាយ។ នេះបើតាមអង្គការការពារអ្នកទោសនយោបាយ Foro Penal នៃប្រទេសវេណេហ្ស៊ុយអេឡា។
សេចក្ដីព្រាងច្បាប់លើកលែងទោសអ្នកទោសនយោបាយ អ្នកទោសមនសិការ ត្រូវបានស្វាគមន៍ពីបក្សនយោបាយជាច្រើននៅវេណេហ្ស៊ុយអេឡា រួមទាំងរដ្ឋការលោក ដូណាល់ ត្រាំ ផងដែរ។ មេបក្សប្រឆាំងដ៏ល្បីល្បាញជាជ័យលាភីណូបែលសន្តិភាព អ្នកស្រី Maria Corina Machado បានហៅការចាប់ផ្ដើមបោះជំហានទៅរកប្រព័ន្ធកែទម្រង់បើកចំហសេរីភាពនយោបាយឆ្ពោះទៅរកការផ្សះផ្សាជាតិ ក្រោមប្រព័ន្ធយោគយល់ដ៏ទូលំទូលាយទៅរករដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។
តែជាមួយគ្នានេះ អ្នកស្រី Maria Corina Machado ដែលនៅមិនទាន់កំណត់ថ្ងៃវិលចូលប្រទេសវេណេហ្ស៊ុយអេឡា វិញ អ្នកស្រីបានហៅការកែទម្រង់ប្រព័ន្ធដឹកនាំ និងបើកចំហសេរីភាពនយោបាយ ធ្វើឡើងក្រោមសម្ពាធនៃរដ្ឋការសហរដ្ឋអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ អ្នកស្រីមេបក្សប្រឆាំងរូបនេះ បានថ្លែងអរគុណជាខ្លាំងជូនលោក ដូណាល់ ត្រាំ ដែលបានទាញទម្លាក់អំណាចរបស់កំពូលជនផ្ដាច់ការ ម៉ាឌូរ៉ូ ដែលអ្នកស្រីថាជាការត្រួសត្រាយផ្លូវទៅរកប្រព័ន្ធរដ្ឋាភិបាលប្រជាធិបតេយ្យឡើងវិញ។
ក្នុងពេលជាមួយគ្នា ក៏មានសេចក្ដីរាយការណ៍មួយរបស់ទីភ្នាក់ងារសារព័ត៌មាន AP ពីរដ្ឋធានីការ៉ាកាស មកថា មន្ត្រីការទូតថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំវេណេហ្ស៊ុយអេឡា អ្នកស្រី Laura Dogu បានជួបជាមួយប្រធានាធិបតីស្តីទីនៃប្រទេសអាមេរិកឡាទីន មួយនេះ គឺអ្នកស្រី Delcy Rodriguez កាលពីថ្ងៃទី២ កុម្ភៈ ដោយបានពិភាក្សាអំពីបញ្ហានៃការធ្វើអន្តរកាលរដ្ឋាភិបាលជំនួសប្រព័ន្ធដឹកនាំរបស់លោក នីកូឡាស ម៉ាឌូរ៉ូ ដែលត្រូវបានទម្លាក់ពីអំណាចដោយកងទ័ពសហរដ្ឋអាមេរិក។
ក្នុងជំនួបនេះ អ្នកស្រី Laura Dogu អ្នកការទូតសហរដ្ឋអាមេរិក បានជជែកជាមួយអ្នកស្រី Delcy Rodriguez អំពីផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ការរក្សាស្ថិរភាព ស្ដារសេដ្ឋកិច្ច ផ្សះផ្សាជាតិ និងការធ្វើអន្តរកាលនៃប្រព័ន្ធរដ្ឋបាលបណ្ដោះអាសន្នរង់ចាំការបោះឆ្នោតអាណត្តិរបស់ប្រធានាធិបតីថ្មីឡើងវិញ។
ស្របពេលដែលសហរដ្ឋអាមេរិកនៃរដ្ឋការលោក ត្រាំ បានតែងតាំងអ្នកស្រី Laura Dogu ជាបេសកជនថ្មីប្រចាំវេណេហ្ស៊ុយអេឡា អ្នកស្រី Delcy Rodriguez ប្រធានាធិបតីស្ដីទីវេណេហ្ស៊ុយអេឡា កាលពីថ្ងៃចន្ទ ក៏បានតែងតាំងអតីតរដ្ឋមន្ត្រីការបរទេស លោក Felix Plasencia ឱ្យដឹកនាំបេសកកម្មការទូតរបស់វេណេហ្ស៊ុយអេឡា នៅសហរដ្ឋអាមេរិកផងដែរ។
ការតែងតាំងអ្នកការទូតថ្មីទៅវិញទៅមកនៃប្រទេសទាំងពីរនេះ ត្រូវបានគេមើលឃើញពីការផ្លាស់ប្ដូរដ៏សំខាន់មួយក្នុងទំនាក់ទំនងការទូតរវាងទីក្រុងការ៉ាកាស និងទីក្រុងវ៉ាស៊ីនតោន ដែលបានកាត់ផ្ដាច់ការទូតនឹងគ្នាកាលពីឆ្នាំ២០១៩ ព្រោះតែសហរដ្ឋអាមេរិកមិនព្រមទទួលស្គាល់ការបន្តជាប់ឆ្នោតរបស់លោក ម៉ាឌូរ៉ូ។ សហរដ្ឋអាមេរិកបានហៅជ័យជម្នះរបស់លោក ម៉ាឌូរ៉ូ រាប់ទាំងការបោះឆ្នោតនៅឆ្នាំ២០២៤ ថាបានមកពីការលួចបន្លំការបោះឆ្នោត និងបំបាត់សំឡេងប្រឆាំង៕
© 2026, . All rights reserved.