នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែល​ជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥។

ព័ត៌មានជាតិ

សហរដ្ឋ​អាមេរិក​លុប​ឈ្មោះ​ប្រទេស​កម្ពុជា​ពី​បញ្ជី​ហាម​លក់​អាវុធ​ក្នុង​លក្ខខណ្ឌ​មួយ​ចំនួន

By ឌឹ ខេមបូឌា ដេលី

February 05, 2026

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក Casey Barnett ចាត់ទុក​ការ​លុប​បម្រាម​ហាមឃាត់​លើ​ការ​លក់​អាវុធ​ឱ្យ​ប្រទេស​កម្ពុជា ពី​ក្រសួង​ការបរទេស និង​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​អង្គារ គឺជា​និមិត្តរូប​ដ៏​សំខាន់​មួយ​ដល់​ទំនុកចិត្ត​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កម្ពុជា នា​ពេលនេះ ហើយ​ក៏​ជា​ការ​បើក​ផ្លូវ​ដ៏​ធំ​មួយ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា មាន​សិទ្ធិ​ពេញលេញ​ស្រប​ច្បាប់​ក្នុង​ការ​ទិញ​បច្ចេកវិទ្យា​ទំនើបៗ​ពី​សហរដ្ឋ​អាមេរិក​ទៅ​ថ្ងៃ​មុខ​ដែរ។

លោក Casey Barnett បញ្ជាក់​ថា នៅ​ថ្ងៃ​ពុធ​នេះ លោក​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​សិង្ហបុរី ដើម្បី​ជួប​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ផលិត​អាវុធ​អាមេរិកាំង ដើម្បី​ជួយ​ជំរុញ និង​លើក​ទឹកចិត្ត​ឱ្យ​ពួកគេ​លក់​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​របស់​គេ ដើម្បី​ជួយ​ដល់​សន្តិសុខ និង​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា។

កាលពី​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក តាមរយៈ​ការិយាល័យ​ឧស្សាហកម្ម និង​សន្តិសុខ (BIS) បាន​ចេញ​បទបញ្ជា​ចុងក្រោយ (Final Rule) ស្ដីពី​ការ​វិសោធនកម្ម​លើ​បទបញ្ជា​គ្រប់គ្រង​ការ​នាំចេញ (EAR) ដោយ​លុប​ឈ្មោះ​កម្ពុជា ចេញពី​បញ្ជី “Country Group D:5” ដែល​ជា​ក្រុម​ប្រទេស​រង​ការ​ហាមឃាត់​ការ​នាំចេញ​អាវុធ​ពី​សហរដ្ឋ​អាមេរិក។

ប្រភព​ដដែល អះអាង​ថា តាមរយៈ​បទបញ្ជា​ថ្មី​នេះ ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក បាន​លុប​សញ្ញា “X” នៅ​ក្នុង​តារាង Group D:5 ត្រង់​ឈ្មោះ​ប្រទេស​កម្ពុជា ដែល​មាន​ន័យ​ថា រាល់​ការ​រឹតត្បិត​ក្នុង​នាម​ជា​ប្រទេស​រង​ទណ្ឌកម្ម​អាវុធ ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​តទៅ។

ជុំវិញ​បញ្ហា​នេះ ក្រោយពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្វើ​ជា​សាក្សី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ សេតវិមាន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដក​បម្រាម​ការ​លក់​សព្វាវុធ​លើ​កម្ពុជា រួម​ទាំង​បង្កើន​កៅអី​សម្រាប់​សិក្ខាកាម​ជនជាតិ​ខ្មែរ​ទៅ​សាលា​យោធា​សហរដ្ឋ​អាមេរិក ដូចជា សាលា West Point, Air Force Academy និង​សាលា​ផ្សេងៗ​ទៀត​ដែរ រួម​ទាំង​ការ​បើក​ឲ្យ​មាន​ការ​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ឆ្មាំ​អង្គរ​រវាង​ប្រទេស​ទាំង​ពីរ​ឡើងវិញ​ថែមទៀត។

ទាក់ទិន​នឹង​បញ្ហា​នេះ គេ​សង្កេត​ឃើញ​ថា​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា-អាមេរិក រយៈពេល​ប្រមាណ​ជា ៣០​ឆ្នាំ​មក​នេះ ភាគច្រើន​មាន​ភាព​រកាំរកូស និង​តានតឹង ជាពិសេស​ចាប់តាំងពី​កម្ពុជា ប្រកាស​ផ្អាក​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក​ពី​ឆ្នាំ​២០១៧ មក ហើយ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​ធ្លាក់​ចុះ​បន្ថែម​ទៀត នៅ​ពេល​ដែល​កម្ពុជា​បាន​វាយ​កម្ទេច​អគារ​ដែល​ជា​ជំនួយ​អាមេរិក​នៅ​កំពង់ផែ​រាម​កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ។

គួរ​បញ្ជាក់​ថា៖ ការ​លុប​បម្រាម​ហាម​លក់​គ្រឿង​អាវុធ​ឲ្យ​ប្រទេស​កម្ពុជា ធ្វើ​ឡើង​ថ្មីៗ​នេះ គឺ​យោង​តាម​មូលមតិ​គ្នា​គ្រា​មាន​ជំនួប​កំពូល​នៅ​ក្រុង​កូឡាឡាំពួរ ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ដែល​លោក ដូណាល់ ត្រាំ ធ្វើ​ជា​សាក្សី​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​រក​ការ​បញ្ចប់​ជម្លោះ​រវាង​រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃឡង់ដ៍ រឿង​ព្រំដែន។ មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក​ដាក់​ឈ្មោះ​ប្រទេស​កម្ពុជា ក្នុង​បញ្ជី​បម្រាម​លក់​អាវុធ និង​ផ្ទេរ​បច្ចេកវិទ្យា​ក្នុង​រដ្ឋការ​ប្រធានាធិបតី ចូ បៃដិន (Joe Biden) កាលពី​ឆ្នាំ​២០២១ ពីព្រោះ​គេ​រក​ឃើញ​ថា​ប្រទេស​កម្ពុជា អែប​ទៅ​កៀកកើយ​ចិន ហួស​ពេក ដែល​ជា​រឿង​សន្តិសុខ​ជាតិ​នៃ​ប្រទេស​ក្នុង​តំបន់ និង​ខ្លាច​បច្ចេកវិទ្យា​អាមេរិកាំង ធ្លាក់​ទៅ​ក្នុង​ដៃ​ចិន ដោយសារតែ​អំពើពុករលួយ។

ម្យ៉ាង​ទៀត សហរដ្ឋ​អាមេរិក​មើល​ឃើញ​ថា រាជរដ្ឋាភិបាល​ខ្មែរ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​មាន​ពេល​ខ្លះ​ប្រើ​អាវុធ​ផលិត​ដោយ​សហរដ្ឋ​អាមេរិក។

ការ​ហាម​នៅ​ឆ្នាំ​២០២១ បាន​បង្ក​កំហឹង​រហូត​លោក ហ៊ុន សែន បញ្ជា​ឲ្យ​ដុត​អាវុធ​អាមេរិកាំង​ចោល​ទាំងអស់។

ការ​លុប​ឈ្មោះ​ប្រទេស​កម្ពុជា ពី​បញ្ជី​ជាប់​បម្រាម មិនមែន​គ្មាន​លក្ខខណ្ឌ​នោះ​ទេ ថ្វីបើ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ផ្តើម​ចាត់ទុក​ប្រទេស​កម្ពុជា ថា​ដូចជា​ចង់​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឡើងវិញ​ក្តី។ ខ្លឹមសារ​ក្នុង​សេចក្តី​ប្ដេជ្ញា​សុខចិត្ត​ទៅវិញ​ទៅមក​រួម​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ប្រទេស​ទាំង​ពីរ​ព្រមព្រៀង​ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ឆ្មាំ​អង្គរ​ជាមួយ​គ្នា​ឡើងវិញ; ព្រមព្រៀង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្នា​បង្ក្រាប​បណ្ដាញ​រត់ពន្ធ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន ដែល​បាន​លួច​ប្រាក់​ពលរដ្ឋ​អាមេរិកាំង​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

សហរដ្ឋ​អាមេរិក​ប្រើ​ភាសា​ការទូត​ដោយ​ចាត់ទុក​ការ​លុប​បម្រាម​ពី​បញ្ជី​ហាមឃាត់​លក់​អាវុធ ថា​បើក​ទ្វារ​ផ្តល់​ឱកាស​ឲ្យ​ប្រទេស​កម្ពុជា ចាប់​ដៃ​សហរដ្ឋ​អាមេរិក​ជា​ថ្មី។ គេ​ប្រើ​ភាសា​អំពី​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក-ថៃឡង់ដ៍ ថា​ពង្រឹង​ទំនាក់ទំនង​យោធា ចែករំលែក​ព័ត៌មាន​ស៊ើបអង្កេត​នានា​ជាមួយ​គ្នា។ គេ​ប្រើ​ភាសា​អំពី​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក-ម៉ាឡេស៊ី ថា​បង្កើន​ទំនាក់ទំនង​លើ​វិស័យ​ផ្សេងៗ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត។

កាលពី​ចុង​ឆ្នាំ​២០២៥ សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋសភា​អាមេរិកាំង​ខាង​គណៈកម្មាធិការ​កិច្ចការ​បរទេស លោក Gregory Meeks បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​ប្រធានាធិបតី ត្រាំ ថា​បើក​ដៃ​លក់​អាវុធ​ឲ្យ​ប្រទេស​កម្ពុជា ដោយ​ឥត​ពិចារណា​អំពី​របប​ដឹកនាំ​ពុករលួយ និង​ជិះជាន់ ក៏​ដោយសារតែ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា បាន​ផ្គាប់ចិត្ត​លោក ត្រាំ ដោយ​ស្នើ​ផ្តល់​រង្វាន់​ណូបែល​សន្តិភាព​ដល់​លោក​តែប៉ុណ្ណោះ៕

© 2026, . All rights reserved.