លោក វ៉្លាឌីមៀរ ពូទីន (ឆ្វេង) ប្រធានាធិបតី​រុស្ស៊ី លោក ស៊ី ជីនពីង (កណ្ដាល) ប្រធានាធិបតី​ចិន និង​លោក Hassan Rouhani ប្រធានាធិបតី​អ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

ចិន រុស្ស៊ី និង​អ៊ីរ៉ង់ ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្រោម​សម្ពាធ​យោធា​ពី​សហរដ្ឋ​អាមេរិក

By ឌឹ ខេមបូឌា ដេលី

February 07, 2026

អ៊ីរ៉ង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​មួយ​ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​យោធា​ដ៏​ទូលំទូលាយ​ជាមួយ​មហាអំណាច​រុស្ស៊ី និង​ចិន។

នៅ​ខណៈ​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក បាន​និង​កំពុង​កើន​ឡើង ក៏​មាន​ការ​ចោទ​សួរ​ជុំវិញ​ស្ថានការណ៍​ដូចនេះ​ថា តើ​រុស្ស៊ី និង​ចិន អាច​បណ្តោយ​ឱ្យ​អ៊ីរ៉ង់ ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ជាមួយ​មហាអំណាច​សហរដ្ឋ​អាមេរិក​ឬ​ទេ ហើយ​បើ​អាច​ផ្ទុះ​សង្គ្រាម​វាយប្រហារ​ពី​សហរដ្ឋ​អាមេរិក តើ​ប្រទេស​ទាំង​ពីរ​នេះ​នឹង​ជួយ​អ៊ីរ៉ង់ ក្នុង​ទម្រង់​បែប​ណា?

ការវិភាគ​ដ៏​សំខាន់​មួយ​បាន​បង្ហាញ​ថា ទាំង​រុស្ស៊ី និង​ចិន មិន​ចង់​ឲ្យ​អ៊ីរ៉ង់ ចូល​ទៅ​ក្នុង​ជម្លោះ​ផ្ទាល់​នោះ​ទេ។ វិធីសាស្ត្រ​របស់​ពួកគេ​ច្រើន​ផ្អែកលើ​ការ​គាំទ្រ​ផ្នែក​យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច ដូចជា ការ​ពង្រឹង​សមត្ថភាព​យោធា​រួម ក្នុង​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ជើងទឹក ការ​វិនិយោគ និង​ការ​ផ្តល់​ការ​ការពារ​សេដ្ឋកិច្ច ដើម្បី​បន្ថែម​ភាព​រឹងមាំ​ទៅ​ឱ្យ​អ៊ីរ៉ង់ ទប់ទល់​នឹង​ទណ្ឌកម្ម​អាមេរិក​តែប៉ុណ្ណោះ ខណៈ​ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ពុំ​មាន​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការ​ធានា​ការពារ​អ៊ីរ៉ង់ ពី​ការ​វាយប្រហារ​ពី​សំណាក់​សហរដ្ឋ​អាមេរិក ឬ​អ៊ីស្រាអែល នោះ​ទេ។

ក្នុង​វិស័យ​នយោបាយ​វិញ រុស្ស៊ី ចិន និង​អ៊ីរ៉ង់ កំពុង​បង្កើត​សម្ពន្ធភាព​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​អាមេរិក និង​ពង្រឹង​សន្តិសុខ​តំបន់ ប៉ុន្តែ​ការ​ចូលរួម​ផ្ទាល់​ក្នុង​សង្គ្រាម​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​ការ​សងសឹក និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។ ទោះបី​មាន​ការ​គាំទ្រ​យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច​ពី​រុស្ស៊ី និង​ចិន ក៏ដោយ ក៏​អ៊ីរ៉ង់ នៅតែ​ងាយ​រងគ្រោះ ប្រសិនបើ​ធ្លាក់​ទៅ​ក្នុង​ជម្លោះ​ផ្ទាល់​ជាមួយ​អាមេរិក ឬ​អ៊ីស្រាអែល។

ចិន អ៊ីរ៉ង់ និង​រុស្ស៊ី ត្រូវ​បាន​គេ​ដឹង​ថា បាន​ចុះហត្ថលេខា​លើ​កតិកាសញ្ញា​យុទ្ធសាស្ត្រ​ទូលំទូលាយ​មួយ ខណៈ​អ៊ីរ៉ង់ កំពុង​ស្ថិត​ក្រោម​សម្ពាធ​យោធា​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក ដែល​អ្នកវិភាគ​មើល​ឃើញ​ថា អាច​ផ្លាស់ប្ដូរ​សក្ដានុពល​ថាមពល​សកល និង​បង្កើន​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក។

កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​ប្រកាស​ក្នុង​ពេល​ដំណាល​គ្នា​រវាង​ទីក្រុង​តេហេរ៉ង់ ទីក្រុង​ប៉េកាំង និង​ក្រុង​មូស្គូ ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី​ពណ៌នា​ថា ជា​មូលដ្ឋាន​សម្រាប់​ការ​បង្កើត “ពហុ​ប៉ូល​ថ្មី”។

ក្រុម​មន្ត្រី​នៃ​ប្រទេស​ទាំង​បី​នេះ​បាន​បញ្ជាក់​ថា កតិកាសញ្ញា​នេះ​គ្របដណ្ដប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល ពាណិជ្ជកម្ម ការ​សម្របសម្រួល​យោធា និង​យុទ្ធសាស្ត្រ​ការទូត។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​អ៊ីរ៉ង់ បាន​ដកស្រង់​សម្ដី​មន្ត្រី​ឱ្យ​ដឹង​ថា កតិកាសញ្ញា​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញាចិត្ត​រួម​ក្នុង​ការ​គោរព​គ្នា ការ​រក្សា​ឯករាជ្យ និង​ប្រព័ន្ធ​អន្តរជាតិ​ដោយ​ផ្អែកលើ​ច្បាប់​ដែល​បដិសេធ​ការ​បង្ខិតបង្ខំ​ពី​ភាគី​ណា​មួយ។

សេចក្តី​ថ្លែងការណ៍​ស្រដៀង​គ្នា​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ចេញពី​ទីក្រុង​ប៉េកាំង និង​ទីក្រុង​មូស្គូ ផង​ដែរ ដើម្បី​បង្ហាញ​ពី​ការ​រួម​កម្លាំង​គ្នា​ទប់ទល់​ឥទ្ធិពល​របស់​លោកខាងលិច។

កតិកាសញ្ញា​ត្រីភាគី​នេះ បាន​កើតឡើង​ក្នុង​ឆ្នាំ​នៃ​ការ​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​បី។ កាលពី​ខែ​មករា ឆ្នាំ​២០២៥ អ៊ីរ៉ង់ និង​រុស្ស៊ី បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រយៈពេល ២០​ឆ្នាំ ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​សន្តិសុខ និង​ទប់ទល់​នឹង​ទណ្ឌកម្ម​របស់​លោកខាងលិច។ លើស​ពី​នេះ អ៊ីរ៉ង់ និង​ចិន ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រយៈពេល ២៥​ឆ្នាំ កាលពី​ឆ្នាំ​២០២១ ដែល​ផ្ដោត​លើ​ការ​ពង្រីក​ពាណិជ្ជកម្ម អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ និង​សមាហរណកម្ម​ថាមពល។

អ្វី​ដែល​ធ្វើ​ឲ្យ​កតិកាសញ្ញា​ថ្មី​នេះ​មាន​សារសំខាន់ គឺ​ការ​បញ្ចូល​អំណាច​ទាំង​បី​ប្រទេស​ចូល​ក្នុង​សម្ពន្ធភាព​ដែល​មាន​ការ​សម្របសម្រួល​ជាក់លាក់​លើ​បញ្ហា​អធិបតេយ្យ​នុយក្លេអ៊ែរ សេដ្ឋកិច្ច និង​យោធា។

ទោះបីជា​មាន​វិសាលភាព តែ​កតិកាសញ្ញា​នេះ​មិនមែន​ជា​សន្ធិសញ្ញា​ការពារ​ជា​ផ្លូវការ​ដូច​ដែល​មាន​ក្នុង​អង្គការ​ណាតូ (NATO) ដែល​មាន​កាតព្វកិច្ច​យោធា​ការពារ​គ្នា​ទៅវិញ​ទៅមក​នោះ​ទេ។ កតិកាសញ្ញា​ថ្មី​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​វា​ដូចជា​ការ​បន្ត​តាម​បន្ទាត់​ប្រុងប្រយ័ត្ន ដោយ​ផ្ដោត​លើ​ការ​តម្រឹម​នយោបាយ និង​យុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក។

អ្នកវិភាគ​បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​នេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្ដេជ្ញាចិត្ត​រួម​គ្នា ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្ម​សំដៅ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក និង​ពង្រឹង​អំណាច​ក្នុង​តំបន់​សំខាន់​នៃ​ពិភពលោក។

យ៉ាងណា ការ​ចុះហត្ថលេខា​លើ​កតិកាសញ្ញា​ត្រីភាគី​នៅ​ពេលនេះ កើតឡើង​ខណៈ​មាន​ភាព​តានតឹង​កើន​ឡើង​រវាង​អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក។ ទីក្រុង​វ៉ាស៊ីនតោន បាន​ចោទប្រកាន់​អ៊ីរ៉ង់ ថា​បាន​បង្កើន​សារធាតុ​អ៊ុយរ៉ាញ៉ូម​លើស​ពី​ដែន​កំណត់​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឆ្នាំ​២០១៥ ដែល​នាំ​ឱ្យ​រដ្ឋការ​លោក ដូណាល់ ត្រាំ សម្រេច​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​ក្នុង​ឆ្នាំ​២០១៨ និង​បាន​ដាក់​ទណ្ឌកម្ម​ឡើងវិញ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់ រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ស្ដារ​កិច្ចព្រមព្រៀង​ឡើងវិញ បាន​ជាប់​គាំង​ម្តង​ហើយ​ម្តង​ទៀត។ កិច្ចចរចា​នៅ​ប្រទេស​អូម៉ាន់ និង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី ក្នុង​ឆ្នាំ​២០២៥ បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង និង​កាន់តែ​បន្ថែម​ការ​មិន​ទុកចិត្ត​គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់ កាន់តែ​ធ្ងន់​មួយ​កម្រិត​ទៀត។

ការ​ដាក់​ពង្រាយ​កង​នាវាចម្បាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​ឈូងសមុទ្រ​តំបន់​មជ្ឈិមបូព៌ា បាន​បង្កើន​ភាព​ភ័យ​ខ្លាច​លើ​ការ​កើន​ឡើង​នៃ​ភាព​តានតឹង។ នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln និង​នាវាចម្បាំង​ជាច្រើន ត្រូវ​បាន​បញ្ជូន​ទៅ​សមុទ្រ​នៅ​តំបន់​មជ្ឈិមបូព៌ា​ក្នុង​ពេលនេះ ក្រោម​ហេតុផល​ថា​ជា​ការ​ឆ្លើយតប​នឹង «ការ​គំរាមកំហែង​កាន់តែ​ខ្លាំង» ពី​អ៊ីរ៉ង់។

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ផ្នែក​សេដ្ឋកិច្ច​ដែល​ចាប់ផ្តើម​ក្នុង​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​បន្ថែម​សម្ពាធ​លើ​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។ ទីក្រុង​តេហេរ៉ង់ បាន​ចោទប្រកាន់​ពួក​បស្ចិម​ប្រទេស​ពី​ការ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង ដោយ​ចង្អុល​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ក្នុង​ការ​គាំទ្រ​ក្រុម​បាតុករ។ មន្ត្រី​អ៊ីរ៉ង់ បាន​និយាយ​ថា ការ​អត្ថាធិប្បាយ​របស់​លោក ត្រាំ បែប​នេះ គឺជា​ការ​ជ្រៀតជ្រែក​ក្នុង​រឿង​ផ្ទៃក្នុង។

សម្រាប់​រុស្ស៊ី និង​ចិន កិច្ចព្រមព្រៀង​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​ប្រទេស​ទាំង​ពីរ​ចូល​ប្រើ​ទុន​បម្រុង​ថាមពល​អ៊ីរ៉ង់ និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ជាមួយ​សម្ពន្ធមិត្ត​អាមេរិក​នៅ​មជ្ឈិមបូព៌ា និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ប្រទេស​ទាំង​ពីរ​បាន​ពង្រីក​ការ​សហប្រតិបត្តិការ​យោធា​ជាមួយ​អ៊ីរ៉ង់ រួម​ទាំង​សមយុទ្ធ​កងទ័ព​ជើងទឹក​នៅ​ឈូងសមុទ្រ​តំបន់​មជ្ឈិមបូព៌ា​ជា​ញឹកញាប់។

ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត ចំពោះ​កតិកាសញ្ញា​ត្រីភាគី​នេះ​កាន់តែ​ធ្វើ​ឱ្យ​ការ​ប្រឹងប្រែង អ៊ីរ៉ង់​មាន​អំនួត​ហ៊ាន​ប្រឈមមុខ​នឹង​បស្ចិម​ប្រទេស​ដែល​មាន​អាមេរិក ជា​មេខ្លោង។

នៅ​ពេលនេះ កតិកាសញ្ញា​ត្រីភាគី​នេះ​បាន​ពង្រឹង​ដៃ​ការទូត​របស់​អ៊ីរ៉ង់ ប៉ុន្តែ​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក​នៅតែ​បន្ត ដោយ​បង្ហាញ​សញ្ញា​ផុយ​ស្រួយ ខណៈ​អ៊ីស្រាអែល សម្ពន្ធភាព​យុទ្ធសាស្ត្រ​នឹង​សហរដ្ឋ​អាមេរិក កំពុង​ដាក់​ផែនការ​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន លំបាក​ដក​ខ្លួន​ចេញពី​ស្ថានភាព​ដ៏​តានតឹង​នេះ ព្រោះ​អ៊ីស្រាអែល សច្ចា​ជួយ​ប្រជាជន​អ៊ីរ៉ង់ ផ្ដួល​របប​ផ្ដាច់ការ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ដែល​ត្រូវ​បាន​ពួក​បស្ចិម​ប្រទេស​ចាត់ទុក​ជា​របប​ភេរវកម្ម​ដ៏​គ្រោះថ្នាក់​នៃ​ពិភពលោក៕

© 2026, . All rights reserved.