កងទ័ព​ថៃ ដាក់​ទូ​កុងតឺន័រ​ថ្មី​នៅ​ភូមិសាស្ត្រ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ (រូបភាព៖ AKP)

ព័ត៌មានជាតិ

អតីត​នាយទាហាន​ជាន់ខ្ពស់​ខ្មែរ​ប្រាប់​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រុងប្រយ័ត្ន​ជាមួយ​ថៃ ឱ្យ​កាន់តែ​ខ្លាំង​ជុំវិញ​ជម្លោះ​ព្រំដែន

By ឌឹ ខេមបូឌា ដេលី

February 07, 2026

អតីត​នាយទាហាន​ជាន់ខ្ពស់​នៃ​ភាគី​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រ.ជ.រ.ប.ខ.) លោក ជុំ ឈាង ប្រាប់​ឱ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា ប្រុងប្រយ័ត្ន​ជាមួយ​ប្រទេស​ថៃ ឱ្យ​កាន់តែ​ខ្លាំង ជុំវិញ​ជម្លោះ​ព្រំដែន ព្រោះ​ប្រទេស​ថៃ អាច​ប្តឹង​ប្រទេស​កម្ពុជា អំពី​បញ្ហា​ទឹកដី​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ពេល​ណា​ក៏បាន ក្នុង​ពេល​ដែល​កម្ពុជា គ្មាន​សិទ្ធិ​ប្តឹង​ថៃ ត្រឡប់​ទៅវិញ​ឡើយ​នោះ។

លោក ជុំ ឈាង សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៤ កុម្ភៈ ថា យោង​តាម​មាត្រា​៣៤ មាត្រា​៣៥ និង​មាត្រា​៣៦ នៃ​លក្ខន្តិកៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​កំណត់​ថា កម្ពុជា​មិន​មាន​សិទ្ធិ​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​នេះ​ដាច់ខាត។

លោក​ថា ដោយសារ​តែ​ប្រទេស​ថៃ ឈប់​ទទួលស្គាល់ និង​ដក​ពាក្យ​ឈប់​ធ្វើ​ជា​សមាជិក​តុលាការ​នេះ​ចាប់តាំងពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​១៩៧០ ដូច្នេះ​តុលាការ​យុត្តិធម៌​អន្តរជាតិ គ្មាន​អំណាច​យុត្តាធិការ ឬ​ដែន​សមត្ថកិច្ច​លើ​ប្រទេស​ថៃ ឡើយ ចាប់តាំងពី​ពេល​នោះ​មក។

លោក ជុំ ឈាង អះអាង​ថា រីឯ​ប្រទេស​ថៃ វិញ មាន​សិទ្ធិ​ប្តឹង​កម្ពុជា បាន​គ្រប់​ពេល ព្រោះ​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ដែល​បាន​ទទួលស្គាល់​យុត្តាធិការ ឬ​ដែន​សមត្ថកិច្ច​នៃ​តុលាការ​មួយ​នេះ ដ្បិត​មាត្រា​៥៣ បាន​កំណត់​ថា រដ្ឋ​មួយ​អាច​ដាក់​បណ្តឹង​ប្រឆាំង​រដ្ឋ​មួយ​ដែល​ទទួលស្គាល់​យុត្តាធិការ ICJ បាន ទោះបីជា​រដ្ឋ​ដែល​ប្តឹង​នោះ​មិន​ចូល​តតាំង​ក្តី​ក៏ដោយ។

អតីត​នាយទាហាន​រូប​នេះ​ពន្យល់​ថា តាមពិត ថៃ​មិន​គោរព​សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចំពោះ​សេចក្តី​សម្រេច​លើ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ តាំងពី​ឆ្នាំ​១៩៦២ មក ហើយ​រហូត​ដល់​សាលដីកា​លើក​ទី​ពីរ​នៅ​ឆ្នាំ​២០១៣ ក៏​ថៃ មិន​គោរព​ដែរ ប៉ុន្តែ​ដោយសារ​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ទើប​ថៃ ព្រម​ដក​កម្លាំង​យោធា​ទៅ​តាម​សាលដីកា​នោះ។

លោក​បន្ថែម​ថា ចំពោះ​បញ្ហា​តំបន់​ជុំវិញ​ប្រាសាទ​ដែល​នៅតែ​បន្ត​កើតមាន​ជាមួយ​ថៃ នោះ គឺ​ដោយសារ​សាលដីកា​របស់​តុលាការ ICJ ឆ្នាំ​១៩៦២ មិន​បាន​កំណត់​ឱ្យ​បាន​ច្បាស់លាស់ ដោយ​កំណត់​ត្រឹម​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ ទើប​ថៃ ទទួល​យក​តាម​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ បារាំង-សៀម តែម្តង​ទៅ ប៉ុន្តែ​ក្រោយ​មក ថៃ​ក៏បាន​ប្រកែក​មិន​ទទួលយក​គំនូស​ផែនទី​បារាំង-សៀម​ឆ្នាំ​១៩១០ និង​ការ​បោះ​បង្គោល​លក្ខ​វិញ​ដែរ ដែល​បង្ក​ជា​បញ្ហា​រហូត​ដល់​សព្វថ្ងៃ​នេះ។

លោក ជុំ ឈាង បញ្ជាក់​ថា មាត្រា​៣៦ នៃ​លក្ខន្តិកៈ​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ចែង​ថា ការ​ប្រកាស​ទទួលស្គាល់​យុត្តាធិការ ICJ មិន​ទាក់ទង​នឹង​កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ​ឡើយ តែ​វា​អាស្រ័យ​លើ​ប្រទេស​ខ្លាំង ឬ​ខ្សោយ​ប៉ុណ្ណោះ។ ជាក់ស្តែង ដូចជា​ករណី​បណ្តឹង​ប្រទេស​អ៊ីស្រាអែល ប្រឆាំង​នឹង​ប្រទេស​ប៊ុលហ្គារី ជាដើម។

ប្រទេស​ភាគច្រើន​ក្នុង​ពិភពលោក​មិន​បាន​ប្រកាស​ទទួលស្គាល់​យុត្តាធិការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ​ទេ ជាពិសេស​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​ទាំង​៥ គឺ​មាន​តែ​ប្រទេស​អង់គ្លេស មួយ​ប៉ុណ្ណោះ ដែល​នៅ​ទទួលស្គាល់​យុត្តាធិការ​តុលាការ​អន្តរជាតិ​នេះ។

ក្រោយ​ទំនាស់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ នៅ​តំបន់​មុំបី រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​០៤ ខែ​មិថុនា ឆ្នាំ​២០២៥ ថា ប្រទេស​កម្ពុជា បាន​បញ្ជូន​ពាក្យបណ្ដឹង​លើ​បញ្ហា​តំបន់​មុំបី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ទីក្រុង​ឡាអេ រួចរាល់​ហើយ នៅ​ថ្ងៃទី​២ ខែ​មិថុនា ដើម្បី​ធានា​នូវ​ការ​ដោះស្រាយ​ដោយ​យុត្តិធម៌ និង​មិន​លម្អៀង​ជាមួយ​ប្រទេស​ថៃ។

ទោះជា​យ៉ាងណាក៏ដោយ រហូត​ដល់​ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា មិន​ដែល​រំលឹក​ពាក្យបណ្ដឹង​ដែល​ខ្លួន​បាន​ប្រកាស​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​មួយ​នេះ​តទៅទៀត​ទេ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា តែងតែ​បញ្ជាក់​ជាបន្តបន្ទាប់​ថា ភាគី​ថៃ បាន​ឈ្លានពាន និង​បាន​កាន់កាប់​ទឹកដី​ខ្មែរ​ក្នុង​សង្គ្រាម​ទាំង​ពីរ​លើក​នា​ពេល​កន្លង​មក​នោះ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ដើម្បី​សុំ​ការ​បំភ្លឺ​អំពី​ករណី​ប្តឹង​ថៃ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ។

ទាក់ទង​នឹង​ព្រំដែន​ខ្មែរ-ថៃ ដែរ​នោះ គឺ​មាន​សេចក្តី​រាយការណ៍​ក្នុង​កាសែត​ថៃ នៅ​ថ្ងៃទី​៥ កុម្ភៈ ថា មាន​គ្រាប់បែក​ទំហំ ៤០​មិល្លីម៉ែត្រ បាញ់​ពី​ខាង​ទឹកដី​ខ្មែរ​ទៅ​ធ្លាក់​នៅ​ក្បែរ​បន្ទាយ​ទាហាន​ប្រតិបត្តិការ​ថៃ ក្នុង​ខេត្ត​ស៊ីសាកេត នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ វេលា​ម៉ោង​ប្រមាណ ១០​ព្រឹក ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​របួស​ស្នាម​ប៉ះពាល់​ទាហាន ឬ​ខូចខាត​អ្វី​ទេ។

យោធា​យោធភូមិភាគ​ទី​២ របស់​ថៃ ប្រាប់​កាសែត​ថា គ្រាប់បែក​នោះ​ទំនង​ជា​ទាហាន​ថ្មី​ផ្លាស់ប្ដូរ​កម្លាំង​ចាស់ មិន​ស្គាល់​ទីតាំង​ច្បាស់លាស់ រាលកៃ​កេះ​កៃ​ច្រឡំ ប៉ុន្តែ​យោធា​ថៃ ប្រាប់​ថា​សុំ​កុំ​ច្រឡំ​ដៃ​ញឹក​ពេក ជាពិសេស​នៅ​ថ្ងៃ​បោះឆ្នោត ទី​៨ ខែ​កុម្ភៈ ហើយ​ថា​យោធា​ថៃ ត្រៀម​លក្ខណៈ​ប្រុងប្រៀប​ឆ្លើយតប​គ្រប់​ពេលវេលា​ដើម្បី​ការពារ​ខ្លួន៕

© 2026, . All rights reserved.