ក្នុងសង្គមខ្មែរសព្វថ្ងៃ ប្រជាពលរដ្ឋសាមញ្ញមើលឃើញ ដឹងច្បាស់ថា អាជ្ញាធរបង្ក្រាបអំពើពុករលួយតែទៅលើអ្នកតូចតាច គ្មានខ្នងបង្អែកមាំតែប៉ុណ្ណោះ ដោយហៅថាចាប់តែត្រីតូចៗ រីឯត្រីធំមិនហ៊ានប៉ះសោះឡើយ។
អ្នកឃ្លាំមើលចាត់ទុកអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាស្ថាប័នបម្រើផលប្រយោជន៍ និងអំណាចឱ្យគ្រួសារ និងមេបក្សកាន់អំណាច លោក ហ៊ុន សែន ព្រោះពួកគេរៀបចំរចនាសម្ព័ន្ធដឹកនាំតែបក្ខពួកខ្លួនឯង ដើម្បីឃ្លាំមើលមន្ត្រីរាជការគ្រប់ស្ថាប័ន ទាំងនៅក្នុងបក្ស និងក្រៅបក្សរហូតមក។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក ស៊ឹង សែនករុណា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ កុម្ភៈ នេះថា បើស្ថាប័នមួយនេះអនុវត្តមុខនាទីបានត្រឹមត្រូវ ដោយការបង្ក្រាបអំពើពុករលួយតាមអង្គភាព ឬស្ថាប័ននានាមែននោះ មិនមែនប្រទេសកម្ពុជាកើតមានអំពើពុករលួយជាប្រព័ន្ធដូចដែលស្ថាប័ន និងអង្គការអន្តរជាតិរកឃើញនាពេលកន្លងមកនោះទេ។
លោក ស៊ឹង សែនករុណា លើកឡើងថា សកម្មភាពបំផ្លាញសម្បត្តិជាតិកើតមានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែស្ថាប័នមួយនេះមិនមានចំណាត់ការឡើយ ដែលជាហេតុធ្វើឲ្យមន្ត្រីខិលខូចប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត ដូចជា អំពើរំលោភអំណាច បក្ខពួកនិយម កិបកេងថវិកាជាតិ និងលក់ធនធានទ្រព្យសម្បត្តិរបស់ប្រទេសជាតិយ៉ាងអនាធិបតេយ្យក្នុងពេលកន្លងមកនេះជាដើម។
ប្រធានអង្គការក្រៅរដ្ឋាភិបាលរូបនេះ បញ្ជាក់ថា ដោយសារអង្គភាពប្រឆាំងអំពើពុករលួយជាស្ថាប័នបម្រើឱ្យគ្រួសារមេដឹកនាំកាន់អំណាច អង្គភាពមួយនេះបានប្រើអំណាចហួសដែនកំណត់គ្របដណ្ដប់ទៅលើស្ថាប័ននានាគ្រប់រូបភាព សូម្បីតែស្ថាប័នតុលាការក៏ស្ថិតក្រោមសម្ពាធអង្គភាពនេះដែរ។
លោកគូសបញ្ជាក់ថា ជាពិសេសពេលមានសវនាការលើមន្ត្រីជាន់ខ្ពស់នៃអង្គការក្រៅរដ្ឋាភិបាលម្តងៗ ពួកគេតែងចូលទៅថតសកម្មភាពបើកសវនាការតាមចិត្ត ដែលទង្វើនេះគឺជាការដាក់សម្ពាធយ៉ាងខ្លាំងទៅលើចៅក្រមជុំវិញការសម្រេចក្តីឱ្យបានត្រឹមត្រូវតាមច្បាប់។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៦ លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីនាពេលនោះ បានចេញអនុក្រឹត្យបង្កើតអង្គភាពប្រឆាំងអំពើពុករលួយដែលដាក់ឱ្យស្ថិតក្រោមឱវាទទីស្ដីការគណៈរដ្ឋមន្ត្រី ដោយតែងតាំងសមាសភាពចំនួន ១១រូប ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន ចំណែក ម៉ុល រឿប លោក ព្រំ សុខា លោក ឆឺយ រឿន ជាអនុប្រធាន។ ចំណែកលោក ហង់ ជួន ណារ៉ុន ដែលជាអគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលនោះ រួមទាំងមនុស្ស ៥នាក់ផ្សេងទៀត ដែលមានទាំងលោក វង្ស ពិសេន ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែរនោះ ក៏ត្រូវបានតែងតាំងជាសមាជិកនៃអង្គភាពនេះដែរ។
អ្នកសង្កេតការណ៍ធ្លាប់និយាយថា អង្គភាពនេះគួរតែមានសមាសភាពមនុស្សឯករាជ្យ បើពុំដូច្នោះទេគឺប្រៀបដូចជាយកក្របីទៅចងនឹងដើមចេកអ៊ីចឹង។
១០ឆ្នាំក្រោយមក គឺនៅអំឡុងឆ្នាំ២០១៦ កូនប្រុសលោក ឱម យ៉ិនទៀង គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ ត្រូវបានតែងតាំងជាអនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជំនួសតំណែងលោក ម៉ុល រឿប រហូតដល់ពេលនេះ។ ចំណែកឯកូនប្រុសលោក ឱម យ៉ិនទៀង ម្នាក់ទៀត គឺលោក យ៉ិនទៀង ពុទ្ធិរ៉ា ក៏ធ្លាប់ត្រូវបានព្រះមហាក្សត្រតែងតាំងជាឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយដែរ កាលពីអំឡុងឆ្នាំ២០១៦ ប៉ុន្តែក្រោយមក នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ លោក យ៉ិនទៀង ពុទ្ធិរ៉ា ក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ វិញ និងកាន់តំណែងនេះរហូតដល់សព្វថ្ងៃ។
ដោយឡែកអ្នកស្រី យ៉ិនទៀង ពុទ្ធិរស្មី ដែលជាកូនស្រីរបស់លោក ឱម យ៉ិនទៀង ដែរនោះ ក៏ធ្លាប់ត្រូវបានតែងតាំងជានាយិកាខុទ្ទកាល័យនៃអង្គភាពប្រឆាំងអំពើពុករលួយដែរ កាលពីអំឡុងឆ្នាំ២០១៧ ប៉ុន្តែចាប់តាំងពីឆ្នាំ២០២២ មក ក៏ត្រូវបានផ្លាស់ប្ដូរឱ្យមកកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិវិញ។
គេសង្កេតឃើញថា ប្រទេសកម្ពុជាដែលស្ថិតក្រោមការត្រួតត្រាអស់រយៈពេលជាង ៤០ឆ្នាំដោយលោក ហ៊ុន សែន ត្រូវគេមើលឃើញថា ដែនដីសុវណ្ណភូមិមួយនេះកំពុងធ្លាក់ទៅក្នុងការគ្រប់គ្រងតាមបែបគ្រួសារនិយមដូចប្រទេសកុម្មុយនីស្តផ្ដាច់ការទៅហើយ៕
© 2026, . All rights reserved.