គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា សន្យាលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាប់ទៅរដ្ឋាភិបាលថ្មីនៅក្រុងតូក្យូ ដោយផ្ទាល់។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ កុម្ភៈ នេះថា ក្នុងជំនួបរវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា លោក Ueno Atsushi កាលពីថ្ងៃទី៩ កុម្ភៈ បាននិយាយយ៉ាងច្រើនអំពីអ្វីដែលប្រទេសកម្ពុជា ចោទថាការឈ្លានពានពីប្រទេសថៃ ទៅលើទឹកដីកម្ពុជា។
ប្រភពដដែល លើកឡើងថា ទោះបីជាមានសេចក្តីប្រកាសរួមអំពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកខ្មែរប្រមាណជា ៩ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាពដែរ ព្រោះយោធាថៃ នៅតែបន្តកាន់កាប់ទឹកដីដែលប្រទេសកម្ពុជាថាជារបស់ខ្លួន និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយលួសបន្លា និងទូកុងតឺន័រ ជាដើម។
សូមបញ្ជាក់ថា ភាគីថៃ និយាយថាទឹកដីគេកាន់កាប់ជាទឹកដីថៃ ដែលពលរដ្ឋខ្មែរចូលទៅរស់នៅ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា សកម្មភាពទាំងនេះកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ជនភៀសសឹក ជាពិសេសស្ត្រី កុមារ ទារក មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព ជាដើម ក្នុងការទទួលបានសិទ្ធិអប់រំ ការថែទាំសុខភាព សិទ្ធិទទួលបានលំនៅឋានសមរម្យ និងសេរីភាពក្នុងការធ្វើដំណើរផងដែរ។
ប្រភពដដែល ចោទថា សព្វថ្ងៃនេះ យោធាថៃ កំពុងលួចទ្រព្យសម្បត្តិ និងសាងសង់សំណង់ថ្មីៗដោយខុសច្បាប់ក្នុងគោលបំណងបង្កើតអត្តសញ្ញាណថ្មីលើដែនអធិបតេយ្យប្រទេសកម្ពុជា បន្ទាប់ពីពួកគេបានប្រើប្រាស់គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16 យន្តហោះ Gripen និងយន្តហោះ T-50 វាយប្រហារលើប្រជាជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែងជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងពេលសង្គ្រាមឈ្លានពានកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនោះ។ ត្រង់ចំណុចនេះ ភាគីថៃ បានបដិសេធថា គេកម្ទេចតែទីតាំងអគារប្រព្រឹត្តឧក្រិដ្ឋកម្មឆបោកប៉ុណ្ណោះ ហើយចោទភាគីខ្មែរវិញថាយកពលរដ្ឋស៊ីវិលខ្មែរធ្វើខែល។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា ប្រទេសជប៉ុន ប្រកាសគាំទ្រពេញទំហឹងចំពោះសេចក្តីប្រកាសរួមស្តីអំពីបទឈប់បាញ់គ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយជប៉ុន ក៏សង្ឃឹមយ៉ាងមុតមាំដែរថាកិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ នឹងត្រូវអនុវត្តយ៉ាងប្រាកដប្រជាពីសំណាក់ភាគីទាំងពីរ។
ស្ថានទូតជប៉ុន បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន មានបំណងបន្តកិច្ចខិតខំប្រឹងប្រែងផ្សេងៗ រួមទាំងសកម្មភាពការទូត ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង រួមទាំងការអនុវត្តបទឈប់បាញ់គ្នាផងដែរ ដោយសហការជាមួយប្រទេសពាក់ព័ន្ធ មានសហរដ្ឋអាម៉េរិក និងបណ្តាប្រទេសអាស៊ាន ជាដើម។
ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញសេចក្តីរាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា មានពលរដ្ឋភៀសសឹកខ្មែរជាង ១១ម៉ឺននាក់ ដែលបាត់បង់ដីធ្លី និងផ្ទះសម្បែងក្នុងជម្លោះព្រំដែនរវាងខ្មែរ និងថៃ។
ជាមួយគ្នានឹងមានកិច្ចខិតខំប្រឹងប្រែងការទូតរកសន្តិភាពពីប្រទេសជាមិត្ត ដូចជាប្រទេសជប៉ុន ប្រភពស៊ើបការណ៍ និងសន្តិសុខជាតិថៃ អះអាងប្រាប់កាសែតនៅដើមសប្តាហ៍នេះថា កងទ័ពខ្មែរកំពុងដំឡើងគ្រឿងសព្វាវុធធុនធ្ងន់តាមតំបន់ព្រំដែនខាងទឹកដីខ្មែរ ក្នុងទ្រង់ទ្រាយត្រៀមវាយប្រហារប្រទេសថៃ ដែលតម្រូវឲ្យកងទ័ពថៃ ត្រៀមទប់ទល់ការពារខ្លួន៕
© 2026, . All rights reserved.