នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសទាត់ចោលទាំងស្រុងនូវការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិពីភាគីថៃ ពីព្រោះព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ដែលត្រូវបានការពារដោយច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងក្នុងពិធីជួបជាមួយសិស្សជាប់និទ្ទេស A នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ប្រទេសកម្ពុជា ប្រកាន់ជំហរដាច់ខាតក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលប្រទេសកម្ពុជាមាន ស្របតាមច្បាប់អន្តរជាតិ។
នាយករដ្ឋមន្ត្រីខ្មែររូបនេះ អះអាងថា កន្លងមក ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា។
អ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៩ កុម្ភៈ នេះ ដោយបញ្ចេញទស្សនៈថា ថៃនឹងមិនបំភ្លេចការរំលោភបំពានលើដែនអធិបតេយ្យប្រទេសកម្ពុជាឡើយ ដូច្នេះដើម្បីការពារទឹកដី មេដឹកនាំខ្មែរ និងប្រជាជាតិខ្មែរគ្រប់និន្នាការ ត្រូវតែសាមគ្គីគ្នាដើម្បីបង្កើតកម្លាំងជាតិដ៏រឹងមាំសម្រាប់ការពារទឹកដីរបស់ខ្លួន។
លោក សេក សុជាតិ បញ្ចេញមតិថា ប្រទេសកម្ពុជាមិនត្រូវរង់ចាំឲ្យសត្រូវឈ្លានពានគោរពច្បាប់អន្តរជាតិទេ ហើយខ្មែរក៏មិនត្រូវរំពឹងថាសត្រូវឈ្លានពានមិនហ៊ានបំពានច្បាប់អន្តរជាតិដែរ ដើម្បីសម្រេចមហិច្ឆតាប្លន់ទឹកដីខ្មែរនោះ ព្រោះអ្នកឈ្លានពានមិនដែលស្តាប់ពាក្យអង្វរពីជនរងគ្រោះឡើយ។
ពាក់ព័ន្ធនឹងបញ្ហានេះ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន រីដា បានលើកឡើងនៅថ្ងៃទី១០ កុម្ភៈ នេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ដោះលែងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងអ្នកទោសនយោបាយដទៃឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យពួកគេមានលទ្ធភាពចូលរួមជួយជាតិទាំងអស់គ្នា។
លោក សួន រីដា បញ្ជាក់ថា លោក កឹម សុខា ជាមេដឹកនាំនយោបាយដែលតែងប្រកាន់ផលប្រយោជន៍ជាតិជាធំ និងដើម្បីឱ្យខ្មែរមានការផ្សះផ្សាជាតិ និងឯកភាពជាតិ ដូច្នេះក្នុងកាលៈទេសៈនេះ ក្នុងស្ថានភាពដែលកម្ពុជាស្ថិតក្នុងគ្រោះថ្នាក់ មានតែខ្មែររួមសាមគ្គីគ្នាប៉ុណ្ណោះ ទើបខ្មែរអាចយកឈ្នះអំពើឈ្លានពានរបស់បរទេសជិតខាងបាន។
រីឯព័ត៌មានផ្សាយនៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ក្នុងកាសែតបាងកកប៉ុស្តិ៍ នាយករដ្ឋមន្ត្រីជាប់ឆ្នោត អនុធីន ឆានវីរៈគុល បានបង្ហើបជាសាធារណៈថា រដ្ឋាភិបាលថ្មីដែលលោកដឹកនាំ នឹងសិក្សាអំពីលទ្ធភាពត្រៀមលុបចោលអនុស្សរណៈយោគយល់គ្នាលេខ៤៣ ឆ្នាំ២០០០ និងអនុស្សរណៈយោគយល់គ្នាលេខ៤៤ ឆ្នាំ២០០១ ដែលនិយាយអំពីការកំណត់ដែនគោក និងដែនសមុទ្រ ហើយចែកប្រយោជន៍គ្នាពាក់កណ្តាលម្ខាង ឬ ៥០/៥០ ចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និងអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រៅពីនាយករដ្ឋមន្ត្រី អនុធីន ឆានវីរៈគុល មេដឹកនាំបក្សភូមិចៃថៃ មានមេដឹកនាំបក្សថៃភក្តី បណ្ឌិត វ៉ារង់ តេជិតវីគ្រំ (Warong Dechgitvigrom) ក៏មិនគាំទ្រឲ្យរដ្ឋាភិបាលថៃ ប្រើផែនទីមាត្រដ្ឋានខ្នាត ១/២០០០០០ ដែរ ដោយគេសំអាងលើឯកសារព័ស្តុតាងដាក់ឲ្យតុលាការយុត្តិធម៌អន្តរជាតិពីសម័យមុន៕
© 2026, . All rights reserved.