ក្រុម​បាតុករ​អ៊ីរ៉ង់ ប្រមូលផ្ដុំ​នៅ​លើ​ដង​ផ្លូវ​ក្នុង​ទីក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៦។

ព័ត៌មានអន្តរជាតិ

បុគ្គលិក​ពេទ្យ​នៅ​ប្រទេស​អ៊ីរ៉ង់ រង​ការ​ចាប់​ខ្លួន​ពី​អាជ្ញាធរ ដោយសារ​ព្យាបាល​ឱ្យ​ក្រុម​បាតុករ​ដែល​រង​របួស

By ឌឹ ខេមបូឌា ដេលី

February 11, 2026

ការ​បង្ក្រាប​របស់​អាជ្ញាធរ​អ៊ីរ៉ង់ កំពុង​រីក​រាលដាល​ទៅ​លើ​វិស័យ​សុខាភិបាល ជាមួយ​នឹង​ការ​កំណត់​គោលដៅ​ទៅ​លើ​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ដែល​បាន​ផ្តល់​ការ​ព្យាបាល​ដល់​អ្នក​តវ៉ា​រង​របួស​ក្នុង​អំឡុង​ការ​ផ្ទុះ​មហា​កុបកម្ម។

តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Iran International បាន​ឱ្យ​ដឹង​ថា បុគ្គលិក​មន្ទីរពេទ្យ​ជាច្រើន​សិប​នាក់​ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​កង​សន្តិសុខ​រដ្ឋ​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាមិក​អ៊ីរ៉ង់។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ ឱ្យ​ដឹង​ថា គ្រូពេទ្យ​ដែល​បាន​ព្យាបាល​បាតុករ​នៅ​ទីក្រុង Qazvin Rasht Tabriz Mashhad និង Gorgan ត្រូវ​បាន​ចាប់​ខ្លួន ឬ​បាត់​ខ្លួន​ជាច្រើន​នាក់។ តាម Iran International សកម្មជន​សិទ្ធិមនុស្ស​បាន​ហៅថា​សកម្មភាព​ទាំងនេះ​មិន​ត្រឹម​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បំភិតបំភ័យ​ដល់​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ និង​ការ​រារាំង​សិទ្ធិ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ការ​ព្យាបាល​ខ្លួន។

ប្រធាន​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​អ៊ីរ៉ង់ លោក Mohammad Raiszadeh បាន​បញ្ជាក់​ថា សមាជិក​របស់​ក្រុមប្រឹក្សា​វេជ្ជសាស្ត្រ​ចំនួន ១៧​នាក់​កំពុង​ប្រឈមមុខ​នឹង​សំណុំរឿង​ឡើង​តុលាការ ទាក់ទង​នឹង​ចលនា​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​លោក​បាន​ទទូច​សុំ​កុំ​ឱ្យ​មាន​វេជ្ជបណ្ឌិត ឬ​គិលានុបដ្ឋាយិកា​ណា​ម្នាក់​ត្រូវ​បាន​កាត់ទោស​ពី​បទ​ផ្តល់​ការ​ព្យាបាល​អ្នកជំងឺ និង​បាតុករ​ដែល​រង​របួស។

សារព័ត៌មាន Kayhan London ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស បាន​រាយការណ៍​ថា វេជ្ជបណ្ឌិត Masoud Ebadi-Fard Azari និង​ប្រពន្ធ​របស់​គាត់ គឺ​អ្នកស្រី Parisa Porkar ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ទីក្រុង Qazvin ពី​បទ​ព្យាបាល​អ្នក​តវ៉ា​ដែល​រង​របួស ខណៈ​ទីតាំង​ឃុំ​ខ្លួន​របស់​ពួកគេ​នៅតែ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ។

ករណី​មួយ​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង Golnaz Naraqi អ្នក​ឯកទេស​ផ្នែក​វេជ្ជសាស្ត្រ​សង្គ្រោះ​បន្ទាន់​អាយុ ៤១​ឆ្នាំ ដែល​ធ្វើការ​នៅ​មន្ទីរពេទ្យ Hasheminejad និង Shohada-ye Tajrish ក្នុង​ទីក្រុង Tehran ត្រូវ​បាន​រាយការណ៍​ថា អ្នកស្រី​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​ខ្លួន​កាលពី​ជាង​ដប់​ថ្ងៃ​មក​នេះ។

ទន្ទឹម​នឹង​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​រាយការណ៍​អំពី​សម្ពាធ​ដែល​កាន់តែ​ខ្លាំង​ឡើង​ពី​អាជ្ញាធរ​អ៊ីរ៉ង់ ទៅ​លើ​បុគ្គលិក​ពេទ្យ ដែល​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ជួយ​សង្គ្រោះ​ជីវិត​បាតុករ។

ក្នុង​សារ​មួយ​ផ្ញើ​ទៅ​កាន់​សារព័ត៌មាន Iran International អ្នក​ផ្តល់​ព័ត៌មាន​ម្នាក់​បាន​អះអាង​ថា លោក Farshid Pourreza ប្រធាន​មន្ទីរពេទ្យ Golsar ក្នុង​ទីក្រុង Rasht ត្រូវ​បាន​បណ្តេញ​ចេញពី​តំណែង និង​បណ្តេញ​ចេញពី​មន្ទីរពេទ្យ ដោយសារតែ​ការ​ព្យាបាល​បាតុករ​រង​របួស។ ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ Mohammad Reza Zafarghandi បាន​សរសេរ​នៅ​លើ​បណ្ដាញ X ថា ការ​ផ្តល់ “សេវា​វេជ្ជសាស្ត្រ​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ដល់​អ្នកជំងឺ​គ្រប់​រូប​ក្នុង​បរិយាកាស​ថែទាំ​សុខភាព​ដែល​មាន​សុវត្ថិភាព” ដោយ​មិន​គិត​ពី “កត្តា​ខាងក្រៅ​ណា​មួយ” គឺជា​អាទិភាព​ចម្បង​របស់​ប្រព័ន្ធ​សុខាភិបាល។

ទោះជា​យ៉ាងណាក្ដី សេចក្តី​ថ្លែងការណ៍​នេះ​បាន​ទាក់ទាញ​ការ​រិះគន់​យ៉ាង​ឆាប់​រហ័ស​តាម​អ៊ីនធឺណិត ដោយ​វេជ្ជបណ្ឌិត​អ៊ីរ៉ង់​មួយ​ចំនួន​បាន​សួរ​ទៅ​កាន់​អាជ្ញាធរ​ថា តើ​អាច​ធានា​សុវត្ថិភាព​អ្នកជំងឺ​បាន​យ៉ាង​ដូចម្តេច ខណៈ​បុគ្គលិក​ពេទ្យ​ខ្លួនឯង​កំពុង​ប្រឈម​នឹង​ការ​ចាប់​ខ្លួន និង​ការ​គំរាមកំហែង?

សេចក្តី​ថ្លែងការណ៍​បាន​ឱ្យ​ដឹង​ថា អ្នក​រងគ្រោះ​បាន​បង្ហាញ​រោគសញ្ញា​ជាច្រើន​ដែល​លើស​ពី​ការ​ប៉ះពាល់​ផ្ទាល់​នឹង​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ធម្មតា រួម​ទាំង​បញ្ហា​ផ្លូវដង្ហើម ការ​ថយ​ចុះ​នៃ​ប្រព័ន្ធ​ប្រសាទ អស្ថិរភាព​នៃ​សរសៃ​ឈាម​បេះដូង ការ​ឈឺ​ក្បាល​រាប់​ម៉ោង វិល​មុខ និង​បញ្ហា​ផ្នែក​ប្រព័ន្ធ​រាងកាយ​រយៈពេល​វែង។

ការ​អំពាវនាវ​នេះ កើតឡើង​បន្ទាប់ពី​ការ​បង្ក្រាប​ដោយ​ហិង្សា​ដែល​ធ្វើឡើង​ក្នុង​ការ​តវ៉ា​ទូទាំង​ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី​៨ និង​ថ្ងៃទី​៩ ខែ​មករា ដែល​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ និង​ជាច្រើន​ម៉ឺន​នាក់​រង​របួស។

តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Iran International ក្នុង​អំឡុង​កុបកម្ម​ទ្រង់ទ្រាយ​ធំ​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ មករា ដែល​មនុស្ស​ជិត ៦​លាន​នាក់​បាន​ផ្ទុះ​កុបកម្ម​នៅ​ទូទាំង​ប្រទេស។ នៅ​រដ្ឋធានី​តេហេរ៉ង់ មនុស្ស ១​លាន ៥​សែន​នាក់ ចុះ​តវ៉ា​ដ៏​ហិង្សា​តាម​ដងផ្លូវ​ដោយ​បាន​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ជាមួយ​កង​សន្តិសុខ។

អំឡុង​ពេល​នោះ កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បើក​ប្រតិបត្តិការ​បាញ់​សម្លាប់​បាតុករ​យ៉ាង​ធ្ងន់ធ្ងរ។ បាតុករ​ស្លាប់​គរ​ជើង​លើ​គ្នា ជាពិសេស​នៅ​រដ្ឋធានី​តេហេរ៉ង់។ ក្រុម​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​ឱ្យ​ដឹង​ថា បាតុករ​អាច​ស្លាប់​ពី ៣៦៥០០​នាក់​ទៅ ៤០០០០​នាក់ និង​រង​របួស​អាច​មាន​ជាង ៣៣​ម៉ឺន​នាក់៕

© 2026, . All rights reserved.