មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត លើកឡើងថា ការព្យាយាមបិទបាំងការពិតជុំវិញការរៀបចំពិធីទទួលមេដឹកនាំកុម្មុយនីស្តវៀតណាម ជំនួសព្រះមហាក្សត្រ ដោយប្រធានព្រឹទ្ធសភាប្រទេសកម្ពុជា មិនត្រឹមតែមិនអាចឱ្យពលរដ្ឋទទួលយកបានទេ ប៉ុន្តែធ្វើឱ្យលោក ហ៊ុន សែន ជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្ររាជ្យភង្គ (រា-ជ្យៈ-ភ័ង) ជាបុគ្គលជ្រែករាជ្យទៅវិញ។
លោក ហ៊ីង សុខសាន្ត បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១០ ខែកុម្ភៈ ថា លោក ហ៊ុន សែន គ្មានកំហុសឡើយក្នុងការបំពេញភារកិច្ចជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះរាជានុសិទ្ធ ប៉ុន្តែការព្យាយាមបកស្រាយដើម្បីបិទបាំងការពិតរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួន បែរជាកាន់តែធ្វើឱ្យលោក ហ៊ុន សែន ជាប់ឈ្មោះជាបុគ្គលប៉ុនប៉ងជ្រែករាជ្យទៅវិញ។
មន្ត្រីគណបក្សប្រឆាំងរូបនេះលើកឡើងថា កំហុសក្នុងរឿងនេះ គឺការរៀបចំពិធីការប៉ុណ្ណោះ ព្រោះការរៀបចំពិធីការសម្រាប់ព្រះមហាក្សត្រ និងការរៀបចំពិធីការសម្រាប់លោក ហ៊ុន សែន មិនដូចគ្នាឡើយ ទោះបីជាករណីប្រធានសក្ដិក៏ដោយ។
លោកបន្ថែមថា ការបកស្រាយបិទបាំងការពិតដោយលើកហេតុផលថា ដោយសារព្រះមហាក្សត្រទ្រង់ប្រឈួន និងការលើកយកមាត្រា១១ នៃរដ្ឋធម្មនុញ្ញមកធ្វើជាសំអាង ជាដើម គឺជាការបង្កឱ្យមានកំហុសបន្ថែមទៀតទៅវិញប៉ុណ្ណោះ។
លោកណែនាំឱ្យអ្នកគាំទ្របក្សកាន់អំណាច គួរពន្យល់ប្រាប់ប្រជាពលរដ្ឋនូវការពិតថា ករណីប្រធានសក្ដិមានពេលវេលាខ្លី ហើយការរៀបចំពិធីការក៏ត្រូវបានរៀបចំរួចរាល់ដែលមិនអាចកែប្រែទាន់ពេលវេលាបាន វាប្រសើរជាជាងការប្រឹងបកស្រាយបំភាន់ការពិត។
កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា ក្រសួងព្រះបរមរាជវាំងបានចេញសេចក្តីថ្លែងការណ៍ថា ព្រះមហាក្សត្រខ្មែរទ្រង់ប្រឈួន ដូច្នេះព្រះអង្គមិនអាចបំពេញព្រះរាជកិច្ចទទួលស្វាគមន៍មេដឹកនាំវៀតណាម បានទេ ប៉ុន្តែព្រះអង្គប្រគល់ភារកិច្ចនេះឱ្យលោក ហ៊ុន សែន ទទួលជំនួសវិញ។
យ៉ាងណាក៏ដោយ អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ រិះគន់ថា លោក ហ៊ុន សែន ប្រើប្រាស់ប្រាសាទទេវាវិនិច្ឆ័យទទួលមេដឹកនាំវៀតណាម ក្នុងឋានៈគាត់ជាស្តេចរួចទៅហើយ។
លោក សុខ សុគន្ធ បញ្ជាក់ថា ព្រះរាជ្យក្រឹត្យនេះគេហៅថាកាត់ក្បាលតម្រូវមួក ដែលមានន័យថា គឺតម្រូវតាមអំពើរបស់លោក ហ៊ុន សែន ដែលបានរំលោភព្រះរាជសិទ្ធិព្រះមហាក្សត្រ ក្រោយរងការរិះគន់ពីប្រជាពលរដ្ឋនោះ។
ទោះជាបែបនេះក្តី ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានលើកឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ការប្រើប្រាសាទទេវាវិនិច្ឆ័យសម្រាប់ទទួលមេដឹកនាំវៀតណាម ក្នុងកម្រិតទស្សនកិច្ចផ្លូវរដ្ឋ គឺមិនខុសឆ្គងឡើយ។
ត្រង់ចំណុចនេះ ពលរដ្ឋខ្មែរដែលរៀនសូត្រយល់ដឹងអំពីប្រពៃណី វប្បធម៌ ទំនៀមទំលាប់រាជាធិបតេយ្យខ្មែរ (Khmer Monarchy) វាំង ឬព្រះបរមរាជវាំង ជាលំនៅក្សត្រ ឬស្តេចផែនដីដែលមានតែព្រះរាជាមួយអង្គប៉ុណ្ណោះគង់ប្រថាប់ដើម្បីបំពេញព្រះរាជកិច្ចគ្រប់គ្រងព្រះនគរ ទទួលមន្ត្រីរាជការ សេនាបតីគ្រប់ជាន់ថ្នាក់ និងភ្ញៀវឥស្សរជនជាន់ខ្ពស់ ដែលព្រះអង្គប្រោសប្រទានឲ្យចូលគាល់ ដើម្បីទ្រង់ព្រះសវនាការកិច្ចការងារប្រទេសជាតិ។
ប្រមុខរដ្ឋស្តីទីដែលជារាស្ត្រគ្រាន់តែជំនួសមុខនាទីប្រមុខរដ្ឋជាមហាក្សត្រ មិនមែនជាស្តេចគ្រងរាជ្យបល្ល័ង្ក មិនអាច និងមិនត្រូវយកប្រាសាទ ឬព្រះទីន័ងទេវាវិនិច្ឆ័យ ក្រោមព្រះមហាស្វេតច្ឆត្រ ដែលជាទីទេវតាវិនិច្ឆ័យក្នុងជំនឿខ្មែរ ទៅទទួលភ្ញៀវរាស្ត្របរទេស ជាពិសេសមេបក្សកុម្មុយនីស្តនោះទេ លើកលែងអ្នកដឹកនាំខ្មែរដូចជាលោក ហ៊ុន សែន ជាដើម មើលងាយព្រះរាជាជាទង្វើ ឬប៉ុនប៉ងសម្ដែងមហិទ្ធិឫទ្ធិលើសស្តេច ឬចង់បង្ហាញសញ្ញាថាលោកប្រាថ្នាធ្វើស្តេចកន។
នេះមិនមែនជាលើកទីមួយទេ គេសង្កេតឃើញថាចាប់តាំងពីលោក ហ៊ុន សែន ដែលមានប្រវត្តិជាអ្នកបដិវត្តន៍កុម្មុយនីស្ត យកមេដឹកនាំក្រុងហាណូយ ជាចៅហ្វាយនាយ កាន់អំណាចជាង ៤០ឆ្នាំមកនេះ គាត់តែងតែរំលោភព្រះរាជសិទ្ធិ ព្រះរាជមុខនាទី និងគំរាមកំហែងព្រះមហាក្សត្រជាបន្តបន្ទាប់តាំងពីជំនាន់ព្រះបាទព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមានព្រះជន្មម្ល៉េះ។
ឧទាហរណ៍ជាក់ស្តែង កាលពីអំឡុងឆ្នាំ២០០៥ លោក ហ៊ុន សែន បានគំរាមរំលាយរបបរាជានិយម ហើយដាក់ជំនួសមកវិញនូវរបបសាធារណរដ្ឋ ប្រសិនបើសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី មិនឡាយព្រះហស្តលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ស្ដីពីព្រំដែនកម្ពុជា-វៀតណាម ដែលអ្នកស្រាវជ្រាវថាកាត់ដីកាត់ទឹកឲ្យចៅហ្វាយ ដើម្បីឱ្យបក្សកាន់អំណាចអាចចុះកិច្ចព្រមព្រៀងខុសច្បាប់នានាជាមួយរដ្ឋាភិបាលវៀតណាម បន្តទៅទៀតទេនោះ៕
© 2026, . All rights reserved.