សហរដ្ឋអាមេរិកក្រោមរដ្ឋការលោក ដូណាល់ ត្រាំ កំពុងតែដាក់ចេញនូវផែនការរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់ ក្នុងគោលបំណងបង្កើនសម្ពាធលើរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ឲ្យបញ្ឈប់កម្មវិធីផលិតថាមពលបរមាណូ។
តាមសេចក្តីរាយការណ៍ពីកាសែត The Wall Street Journal កាលពីថ្ងៃទី១១ កុម្ភៈ នេះ វិធានការនេះអាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពចំណូលដ៏សំខាន់សម្រាប់អ៊ីរ៉ង់ ព្រោះប្រេងជាចំណូលដ៏ធំសម្រាប់សេដ្ឋកិច្ចជាតិ។ ទោះជាយ៉ាងណា ផែនការនេះក៏ប្រឈមមុខនឹងឧបសគ្គជាច្រើន ដូចជា បញ្ហាច្បាប់អន្តរជាតិ ការឆ្លើយតបពីអ៊ីរ៉ង់ និងហានិភ័យនៃការកើនឡើងភាពតានតឹងក្នុងតំបន់។
សហរដ្ឋអាមេរិក កំពុងបារម្ភផងដែរអំពីការឆ្លើយតបវិញយ៉ាងធ្ងន់ធ្ងរពីទីក្រុងតេហេរ៉ង់ ប្រសិនបើសហរដ្ឋអាមេរិក អនុវត្តវិធានការរឹបអូសនាវាដឹកប្រេងបន្ថែមទៀត។ មន្ត្រីអាមេរិកាំងជឿថា អ៊ីរ៉ង់អាចរឹបអូសនាវាដឹកប្រេងរបស់សម្ព័ន្ធមិត្តអាមេរិកដែលឆ្លងកាត់តំបន់ឈូងសមុទ្រពែក្ស ជាមួយនឹងការប៉ុនប៉ងរារាំងចរាចរណ៍តាមច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយពី ២០-២៥% នៃការដឹកប្រេងចេញក្នុងពិភពលោក ជាពិសេសដល់ទៅ ៨០% ចេញទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ាក់ សំដៅទៅទីផ្សារអាស៊ី។
សារព័ត៌មាន The Wall Street Journal បានមើលឃើញថា ប្រសិនបើអ៊ីរ៉ង់ បិទច្រកសមុទ្រ Hormuz ឬបង្កហានិភ័យធ្ងន់ធ្ងរនៅក្នុងតំបន់ ទំនងជានឹងជំរុញឲ្យមានការឆ្លើយតបដោយកម្លាំងយោធាពីសហរដ្ឋអាមេរិក និងក្រុមប្រទេសអឺរ៉ុប។
លោក Bader Al-Saif អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យគុយវ៉ែត យល់ថា «ការបិទច្រកសមុទ្រមិនមានអត្ថប្រយោជន៍សម្រាប់នរណាម្នាក់ទេ រួមទាំងអ៊ីរ៉ង់ ផងដែរ ប៉ុន្តែប្រសិនបើអ៊ីរ៉ង់ គិតថាខ្លួនគ្មានជម្រើស ទីក្រុងតេហេរ៉ង់ អាចនឹងជ្រើសរើសករណីនេះ ព្រោះប្រទេសមួយនេះមានសមត្ថភាពបង្ករឿងដូចនេះ។»
មន្ត្រីអាមេរិកាំង បាននិយាយថា នៅឆ្នាំនេះ នាវាជាង ២០គ្រឿងដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងចេញពីប្រទេសអ៊ីរ៉ង់ ត្រូវបានដាក់ទណ្ឌកម្មដោយក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក។ នាវាទាំងនេះអាចក្លាយជាគោលដៅសម្រាប់ការរឹបអូស ប្រសិនបើទីក្រុងវ៉ាស៊ីនតោន សម្រេចអនុវត្តវិធានការដ៏តឹងរ៉ឹងបន្ថែមទៀត។
លោក Erik Meyersson ប្រធានអ្នកយុទ្ធសាស្ត្រទីផ្សារនៅធនាគារ SEB ប្រទេសស៊ុយអែត បាននិយាយថា សហរដ្ឋអាមេរិកអាចចាប់ផ្តើមដោយការរឹបអូសនាវាដឹកប្រេងមួយគ្រឿងនៅសមុទ្រអារ៉ាប់ កាលពីពេលថ្មីៗនេះ ហើយកំពុងតាមដានមើលប្រតិកម្ម និងការវិវឌ្ឍបន្តទៅទៀត។
ដូចនេះ កាលពីសប្តាហ៍មុន យោធាសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ដែលព្យាយាមហោះចូលជិតនឹងនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅសមុទ្រអារ៉ាប់។ មន្ត្រីអាមេរិកាំង បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា យន្តហោះគ្មានមនុស្សបើកប្រភេទ Shahed-139 កំពុងហោះខិតចូលជិតនាវាផ្ទុកយន្តហោះ ហើយត្រូវបានបាញ់ទម្លាក់ដោយយន្តហោះចម្បាំង F-35C សហរដ្ឋអាមេរិក។
អ្នកនាំពាក្យកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក Tim Hawkins បាននិយាយថា យន្តហោះ F-35C ដែលផ្ទុកលើនាវាផ្ទុកយន្តហោះ USS Abraham Lincoln បានចាត់វិធានការការពារខ្លួន ដើម្បីការពារនាវា និងបុគ្គលិកនៅលើនាវា។
ក្នុងបទសម្ភាសន៍ជាមួយលោក Larry Kudlow អ្នកសារព័ត៌មាននៃបណ្ដាញផ្សាយព័ត៌មាន Fox News កាលពីថ្ងៃអង្គារ លោក ដូណាល់ ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលរដ្ឋការលោក អូបាម៉ា (Obama) និងរដ្ឋការលោក បៃដិន (Biden) បានចុះហត្ថលេខាជាមួយអ៊ីរ៉ង់ គឺជា “កិច្ចព្រមព្រៀងដែលគួរឱ្យអស់សំណើច និងល្ងង់ខ្លៅបំផុត”។
លោកក៏បានអះអាងថា អ៊ីរ៉ង់មិនមែនកំពុងចរចាជាមួយភាគីផ្សេងទៀតទេ ប៉ុន្តែកំពុងនិយាយជាមួយលោកដោយផ្ទាល់។ លោកបានយោងទៅលើសង្គ្រាមរយៈពេល ១២ថ្ងៃកាលពីខែមិថុនា ឆ្នាំ២០២៥ ដែលក្នុងនោះមានការវាយប្រហាររួមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍ពីលោក ត្រាំ បង្ហាញអំពីការបន្តភាពតានតឹងនយោបាយជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈដែលការចរចាអនាគតនៅតែមិនច្បាស់លាស់។
លោក ដូណាល់ ត្រាំ បាននិយាយថា របបនៅអ៊ីរ៉ង់ មិនមានភាពស្មោះត្រង់នោះទេ នៅពេលនិយាយអំពីការចរចាជាមួយសហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Sayed Abbas Araghchi ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ នៅទីក្រុងអូម៉ាន់កាលពីសប្តាហ៍មុន ចោទសហរដ្ឋអាមេរិកថាពិបាកជឿ ពិបាកទុកចិត្តនឹងអ្នកដឹកនាំនិយាយមិនទៀងទាត់។ ក្នុងពេលជាមួយគ្នានោះ ក្រុងតេហេរ៉ង់ បានថតបង្ហាញគ្រាប់បែកអាមេរិកាំង ប្រភេទ GBU-57 bunker buster អត់ផ្ទុះមួយគ្រាប់ កប់ដីនៅក្នុងទីតាំងផលិតថាមពលបរមាណូមួយកន្លែង។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដដែល លោក Kudlow បានសួរថា តើលោក ត្រាំ ជឿឬទេថារបបបច្ចុប្បន្នដែលដឹកនាំដោយមេដឹកនាំកំពូល Ayatollah Ali Khamenei នឹងគោរពតាមកិច្ចព្រមព្រៀងណាមួយជាមួយសហរដ្ឋអាមេរិកឬទេ?
លោក ត្រាំ បានឆ្លើយថា វាជាសំណួរល្អណាស់។ មានមនុស្សជាច្រើននិយាយថា «ទេ»។ ខ្ញុំចង់ធ្វើកិច្ចព្រមព្រៀង ប៉ុន្តែវាត្រូវតែជាកិច្ចព្រមព្រៀងល្អ គ្មានអាវុធនុយក្លេអ៊ែរ គ្មានកាំជ្រួច និងគ្មានអ្វីផ្សេងៗទៀតដែលអាចគំរាមកំហែងបាន។
លោកក៏បានបន្ថែមថា របបនៅអ៊ីរ៉ង់ បានបង្ហាញភាពមិនស្មោះត្រង់ជាមួយសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ លោក ត្រាំ ព្រមានថា បើអ៊ីរ៉ង់ មិនសម្រេចឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងមីស៊ីលផ្លោង លោកថាដល់ពេលហើយដែលសហរដ្ឋអាមេរិក ប្រើវិធានការយោធា៕
© 2026, . All rights reserved.