ចាងហ្វាង​កាសែត​អនឡាញ HVNN លោក ហែម វណ្ណា

ព័ត៌មានជាតិ

អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​ឱ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដោះលែង​ចាងហ្វាង​កាសែត​អនឡាញ​លោក ហែម វណ្ណា

By ឌឹ ខេមបូឌា ដេលី

February 13, 2026

អង្គការ​ការពារ​សិទ្ធិមនុស្ស ស្នើ​ឱ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ពិចារណា​ដោះលែង​ចាងហ្វាង​កាសែត​អនឡាញ HVNN លោក ហែម វណ្ណា ដែល​អាជ្ញាធរ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍​អំពើ​ហិង្សា​លើ​ជនជាតិ​ចិន មួយ​ក្រុម នៅ​ទីតាំង​មួយ​កន្លែង​ដែល​សង្ស័យ​ថា​ជា​មូលដ្ឋាន​ឆបោក​តាម​អ៊ីនធឺណិត​នៅ​ក្រុង​ប៉ោយប៉ែត កាលពី​ពេល​ថ្មីៗ​នេះ។

អង្គការ​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (អាដហុក) បាន​ដាក់​សំណើ​ទៅ​កាន់​ប្រធាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ ដែល​ទើប​នឹង​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ ដោយ​ស្នើ​ឱ្យ​តុលាការ​ពិចារណា​ទៅ​លើ​ហេតុផល​មួយ​ចំនួន​ចំពោះ​ការ​សម្រេច​ឃុំ​ខ្លួន​លោក ហែម វណ្ណា នា​ពេលនេះ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លើកឡើង​ថា ការ​ធ្វើ​សេចក្តី​រាយការណ៍​ដោយ​លោក ហែម វណ្ណា អំពី​ករណី​ដែល​សង្ស័យ​ថា​ជា​មូលដ្ឋាន​ឆបោក​តាម​អ៊ីនធឺណិត គឺ​បង្ហាញ​ពី​ការ​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​កម្ចាត់​អំពើ​ឆបោក​តាម​អនឡាញ (Online Scam) ចេញពី​ប្រទេស​កម្ពុជា ក្នុង​ប្រតិបត្តិការ XXL ដែល​ប្រកាស​ដោយ​ក្រសួង​មហាផ្ទៃ នា​ពេលនេះ។

ក្រៅពី​នេះ​ទៀត ក្រោយ​ការ​ធ្វើ​សេចក្តី​រាយការណ៍​នោះ មិន​មាន​ស្ថាប័ន​ណា​មួយ ឬ​ជន​ណា​ម្នាក់​បាន​ដាក់​លិខិត​ជា​លាយលក្ខណ៍​អក្សរ ឬ​ដោយ​ផ្ទាល់​មាត់ សុំ​ធ្វើការ​កែតម្រូវ​ចំពោះ​ការ​ផ្សព្វផ្សាយ​នោះ​ឡើយ ដូច្នេះ​ការ​ចុះផ្សាយ​ព័ត៌មាន​របស់​លោក ហែម វណ្ណា ចំពោះ​ករណី​នេះ គឺ​ស្រប​ទៅ​តាម​ក្រមសីលធម៌ វិជ្ជាជីវៈ​ពេញលេញ។

ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ មាន​ដូចជា មាត្រា​៣១ នៃ​រដ្ឋធម្មនុញ្ញ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ឆ្នាំ​១៩៤៨ មាត្រា​១៩ ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​ឆ្នាំ​១៩៩៥ មាត្រា​១០ និង​ក្រមព្រហ្មទណ្ឌ​របស់​កម្ពុជា ឆ្នាំ​២០០៩ មាត្រា​៣០៦ ជាដើម ការពារ​សិទ្ធិ​សេរីភាព​សារព័ត៌មាន។

កាលពី​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦ ចាងហ្វាង​កាសែត​អនឡាញ (HVNN TV Online) លោក ហែម វណ្ណា ត្រូវ​បាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​បញ្ញត្តិ​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ និង​បទ «ស្តាប់ ឬ​ថត​ពាក្យ​សម្ដី​ឯកជន» តាម​បញ្ញត្តិ​មាត្រា​៣០១ នៃ​ក្រមព្រហ្មទណ្ឌ។

ការ​ចោទប្រកាន់​នេះ ធ្វើឡើង​បន្ទាប់ពី​ចាងហ្វាង​កាសែត​អនឡាញ (HVNN TV Online) លោក ហែម វណ្ណា បាន​ផ្សាយ​វីដេអូ​រាយការណ៍​អំពី​ហិង្សា​លើ​ជនជាតិ​ចិន មួយ​ក្រុម នៅ​ទីតាំង​មួយ​កន្លែង​ដែល​សង្ស័យ​ថា​ជា​មូលដ្ឋាន​ឆបោក​តាម​អ៊ីនធឺណិត​ក្នុង​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២៦ កន្លង​ទៅ។

ក្នុង​របាយការណ៍​នោះ បញ្ជាក់​ថា ទីតាំង​នេះ​ស្ថិត​នៅ​ប្រហែល ១០០​ម៉ែត្រ​ខាងក្រោយ​ទីស្នាក់ការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដែល​បង្ហាញ​ថា​អាជ្ញាធរ​អាច​បាន​ដឹង​ពី​ករណី​ទាំងនេះ​ដែរ។

កាលពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សន្តិសុខ​សុវត្ថិភាព​តាម​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​ថា ចំពោះ​សមត្ថកិច្ច​ដែល​មិន​បាន​បំពេញ​មុខនាទី​របស់​ខ្លួន​ដោយ​ភាព​ស្មោះត្រង់ និង​មាន​ចេតនា​លាក់បាំង​ជនបរទេស​ដែល​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ឱ្យ​ស្នាក់នៅ​ក្នុង​ទីតាំង​រស់នៅ​ប្រមូលផ្ដុំ​ណា​មួយ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន នឹង​រង​នូវ​ការ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ការងារ ព្រមទាំង​ត្រូវ​ផ្ដន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ជាធរមាន​ថែមទៀត៕

© 2026, . All rights reserved.