ព័ត៌មានជាតិ

សេចក្តី​រាយការណ៍​ថា​មាន​ទាហាន​ថៃ ជាន់​មីន​ដាច់​ជើង​នៅ​ខាង​ក្នុង​ទឹកដី​ថៃ ខេត្ត​ស៊ីសាកេត

By ឌឹ ខេមបូឌា ដេលី

February 13, 2026

មន្ត្រី​ជាន់ខ្ពស់​នៃ​អាជ្ញាធរ​ដោះ​មីន ចាត់ទុក​ថា​ការ​លើក​យក​បញ្ហា​មីន​ពី​យោធា​ថៃ គឺជា​លេស​ដើម្បី​ធ្វើ​ជា​ឧបករណ៍​នយោបាយ​បង្ក​ជម្លោះ និង​បង្ក​ភាព​តានតឹង​ជាមួយ​ប្រទេស​កម្ពុជា។

អនុប្រធាន​ទី​១ អាជ្ញាធរ​មីន​កម្ពុជា លោក លី ធុជ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា ឆ្នាំ​២០២៦ និង​លើក​ទិសដៅ​បន្ត​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​មីន​នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ​ថា បច្ចុប្បន្ន បូរណភាព​ទឹកដី សន្តិភាព និង​សេចក្តី​ថ្លៃថ្នូរ​នៃ​ប្រទេស​កម្ពុជា កំពុង​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ពី​ប្រទេស​ថៃ។

លោក លី ធុជ បញ្ជាក់​ថា ពេលនេះ បញ្ហា​មីន​ក៏​ត្រូវ​បាន​ភាគី​ថៃ យក​មក​ធ្វើ​ជា​ឧបករណ៍​បម្រើ​នយោបាយ​ដើម្បី​បង្ក​ជម្លោះ និង​បង្ក​ភាព​តានតឹង​ជាមួយ​ប្រទេស​កម្ពុជា​ដែរ ប៉ុន្តែ​អាជ្ញាធរ​មីន​បាន​ឆ្លើយតប និង​វាយបក​ទៅ​នឹង​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​នៃ​យោធា​ថៃ ទាំងនោះ​គ្រប់​ពេល​ទាំងអស់។

កាសែត​ថៃ The Nation បាន​រាយការណ៍​សម្ដី​កងទ័ព​ភូមិភាគ​ទី​២ របស់​ថៃ កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ នេះ​ថា មាន​ទាហាន​ថៃ​ម្នាក់​បាន​រង​របួស​ជើង​ស្តាំ ដែល​បណ្តាល​មកពី​ការ​ជាន់​មីន​នៅ​តំបន់​ចុងសាង៉ាម ស្រុក​ភូស៊ីង ខេត្ត​ស៊ីសាកេត ដែល​ត្រូវ​បាន​សង្ស័យ​ថា​ជា​មីន​ចាស់​សល់​ពី​ការ​ប្រយុទ្ធ​រវាង​កម្ពុជា-ថៃ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដែល​នេះ​គឺជា​ករណី​ទី​១២ ហើយ ដែល​ទាហាន​ថៃ របួស​ដោយសារ​គ្រាប់មីន។ នៅ​ថ្ងៃ​ដដែល ទាហាន​ថៃ​ម្នាក់​ដាច់​ជើង​ស្តាំ​ដោយ​ជាន់​មីន និង ៤​នាក់​ទៀត​រង​របួស​ខាង​ទឹកដី​ថៃ ក្នុង​ស្រុក​កន្ថារ៉ាលក្ខណ៍ ខេត្ត​ស៊ីសាកេត វេលា​ម៉ោង ៤:៤០​នាទី​រសៀល។

តាម​ការ​ផ្សាយ​ដោយ​ទូរទស្សន៍ Thai PBS នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​កុម្ភៈ គេ​បង្ហាញ​អំពី​គ្រាប់មីន​កម្ទេច​មនុស្ស​ទាំង​បំពង់​ជាច្រើន​ប្រភេទ មាន​ទាំង​ប្រភេទ MBV-78A2 ផលិត​ដោយ​កងទ័ព​យៀកណាម គ្រាប់បែកដៃ គ្រាប់កាំភ្លើង ៧៥​មិល្លីម៉ែត្រ ៣០​គ្រាប់ គ្រាប់ ១២,៧​មិល្លីម៉ែត្រ​ជាង ១៧០០​គ្រាប់ និង​ជើងទ្រ​កាណុង​កាំភ្លើងយន្ត ១២,៧​មិល្លីម៉ែត្រ​ដែល​ទាហាន​ខ្មែរ​ទុក​ចោល​ទាំង​កេស​នៅ​ព្រំដែន​ខេត្ត​ត្រាត។ រីឯ​នៅ​ភូមិ​ណងចាន់ ស្រុក​គោកស៊ូង ខេត្ត​ស្រះកែវ ទាហាន​ខ្មែរ​ប្រដាប់​អាវុធ ១៣​នាក់ បាន​ព្យាយាម​គយគន់​សកម្មភាព​ត​ខ្សែបណ្ដាញ​ទាក់ទង​ខាង​ទឹកដី​ថៃ ដោយ​សួរ​គ្នា​ទៅវិញ​ទៅមក​ជា​ភាសា​ខ្មែរ។ ទាហាន​ថៃ បាន​ប្រាប់​ទៅ​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៥ ឲ្យ​ទាហាន​ខ្មែរ​ដកថយ​ពី​ទីនោះ ក្រែង​មាន​ប្រើ​ពាក្យ​ដៀមដាម​បង្ក​ជម្លោះ​តទៅទៀត។

ប្រភព​កាសែត The Nation បញ្ជាក់​ថា ឧបទ្ទវហេតុ​នេះ​កើតឡើង​ខណៈ​ពេល​អង្គភាព​កំពុង​អនុវត្ត​ភារកិច្ច​ការ​ពង្រឹង​សន្តិសុខ និង​ធ្វើការ​ត្រួតពិនិត្យ​បោស​សំអាត​នៅ​តំបន់​ប្រតិបត្តិការ។ ភាគី​ថៃ ទាមទារ​ជានិច្ច​ឲ្យ​ភាគី​ខ្មែរ​រួម​គ្នា​បោស​សំអាត​គ្រាប់មីន ដែល​ប្រទេស​កម្ពុជា​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​ក្រុង​អូតាវ៉ា។

ថ្មីៗ​នេះ ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន​សម្រេច​ផ្តល់​ជំនួយ​ដោះ​មីន​ចំនួន​ជិត ៧​សែន​ដុល្លារ​ក្នុង​ជំនួយ​សរុប​ត្រៀម​ផ្តល់​ដល់​អាជ្ញាធរ​ដោះ​មីន​ជាង ៦​លាន​ដុល្លារ។ ក្នុង​សប្តាហ៍​នេះ រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ផ្តល់​ជំនួយ​មនុស្សធម៌​កន្លះ​លាន​ដុល្លារ​ដល់​ជនភៀសសឹក​ខ្មែរ តាមរយៈ​អង្គការ​យូនីសេហ្វ (UNICEF)។

យ៉ាងណាក៏ដោយ កាសែត​ថៃ ខៅស៊ុត បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នៅ​ថ្ងៃទី​១២ កុម្ភៈ នេះ​ថា លោក​ពិត​ជា​ទទួលស្គាល់​ថា ករណី​ទាហាន​ថៃ ជាន់​គ្រាប់មីន​នៅ​តំបន់​ព្រំដែន​ខេត្ត​ស៊ីសាកេត កាលពី​ថ្ងៃទី​១១ ខែ​កុម្ភៈ គឺជា​គ្រាប់មីន​ចាស់​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម​ពិត​មែន មិនមែន​ជា​គ្រាប់មីន​ដាក់​ថ្មី​នោះ​ទេ។

ទោះជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​មីន​កម្ពុជា គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា​មិន​ផលិត មិន​ស្តុក​ទុក និង​មិន​ប្រើប្រាស់​គ្រាប់មីន​ប្រឆាំង​មនុស្ស​ឡើយ និង​មាន​ការ​គ្រប់គ្រង​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ហើយ​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការ​ចូលរួម​ប្រកប​ដោយ​តម្លាភាព ក្នុង​យន្តការ​ទ្វេភាគី និង​អន្តរជាតិ​ក្នុង​ការ​បញ្ជាក់​ការពិត៕

© 2026, . All rights reserved.