អភិបាល​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម លោក ប៊ិន ឡាដា (រូប​កណ្ដាល) ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល និង​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២៦។

ព័ត៌មានជាតិ

អភិបាល​ស្រុក​ស្រីសន្ធរ បញ្ជា​ឱ្យ​ទប់ស្កាត់​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ដើម្បី​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ

By ឌឹ ខេមបូឌា ដេលី

February 19, 2026

អភិបាល​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ព្រមាន​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ទប់ស្កាត់​សកម្មជន និង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ រួម​ទាំង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត​ដែល​កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) រឿង​ព្រំដែន។

នៅ​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ ខ្សែអាត់​សំឡេង​ប្រវែង ១,៣២​នាទី​ពី​អភិបាល​ស្រុក​ស្រីសន្ធរ លោក ប៊ិន ឡាដា ត្រូវ​បាន​គេ​ទម្លាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ធ្វើការ​ណែនាំ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន ដូចជា មេឃុំ និង​មេភូមិ ទប់ស្កាត់​សកម្មភាព​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ដែល​កំពុង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ក្រោម​ហេតុផល​ថា ដាក់​ពាក្យ​ប្ដឹង​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នា​ពេលនេះ។

លោក ប៊ិន ឡាដា អះអាង​ក្នុង​ខ្សែអាត់​សំឡេង​នោះ​ថា សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ដោយ​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ឬ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដទៃ​ទៀត​ក្នុង​បំណង​ដាក់​ពាក្យ​ប្ដឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​នោះ មិន​ត្រូវ​ឱ្យ​កើត​មាន​ក្នុង​មូលដ្ឋាន​ភូមិ-ស្រុក​របស់​ពួកគេ​ឡើយ ព្រោះ​ទង្វើ​នេះ​គ្រាន់តែ​ជា​លេស និង​ជា​ការ​ភូត​កុហក​ប៉ុណ្ណោះ។

អភិបាល​ស្រុក​រូប​នេះ បញ្ជាក់​ថា ចំពោះ​បណ្តឹង​ដែល​ថា​មាន​ករណី​ឈ្លានពាន​ពី​ប្រទេស​ថៃ មក​លើ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​បាន​យកចិត្ត​ទុកដាក់​បំផុត ដូច្នេះ​សម្រាប់​ការ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ចំពោះ​ករណី​ព្រំដែន​នេះ មិន​អាច​ធ្វើ​តាម​តែ​អំពើ​ចិត្ត​បាន​ឡើយ។

លោក ប៊ិន ឡាដា គូស​បញ្ជាក់​ថា ក្នុង​ករណី​ដែល​អាជ្ញាធរ​មូលដ្ឋាន​ទប់ស្កាត់​មិន​បាន គឺ​ត្រូវតែ​ដាក់​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​បង្ក្រាប​តែម្តង ដើម្បី​កុំ​ឱ្យ​ករណី​នេះ​កើតមាន​បន្ត​ទៀត។

ជុំវិញ​បញ្ហា​នេះ លិខិត​ចុះ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ពី​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្វាយពោធិ៍ លោក សុខ ប៉ោឈីម ដែល​បាន​អញ្ជើញ​លោក មិន វុទ្ធី មន្ត្រី​គណបក្ស​កម្លាំង​ជាតិ រស់នៅ​ភូមិ​ទ្រា ឃុំ​ស្វាយពោធិ៍ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ឱ្យ​ចូល​មក​បំភ្លឺ​នៅ​ថ្ងៃទី​១៥ ខែ​កុម្ភៈ វេលា​ម៉ោង ៨ និង ៣០​នាទី​ព្រឹក មិន​បាន​បញ្ជាក់​ថា​នឹង​សាកសួរ​ពី​ការ​ប្រមូល​ស្នាម​មេដៃ​នេះ​ទេ ប៉ុន្តែ​ដាក់​ថា​សាកសួរ​ដំណើរ​រឿង​ផ្ទាល់ខ្លួន​ទៅវិញ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​អះអាង​នៅ​ថ្ងៃទី​១៧ កុម្ភៈ នេះ​ថា នេះ​ជា​ការ​គំរាមកំហែង​សិទ្ធិ​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ។ តើ​ពលរដ្ឋ​សុំ​ស្រឡាញ់​ជាតិ និង​ចូលរួម​ការពារ​ទឹកដី​ដែល​ឈ្លានពាន​ពី​បរទេស​ជិតខាង​ផង​បាន​ដែរ​ឬ​ទេ ព្រោះ​ការ​ដាក់​ពាក្យ​ប្តឹង​នេះ​ក៏​ជា​បំណង​រដ្ឋាភិបាល​ដែរ?

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សិស្ស​ជាប់​និទ្ទេស​អេ (A) កាលពី​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា ការ​បញ្ចេញមតិ​ឈឺចាប់ និង​ការ​ខឹង​សម្បារ​ចំពោះ​ទង្វើ​ថៃ មក​លើ​ទឹកដី​ខ្មែរ មិន​មាន​អ្វី​ខុស​នោះ​ទេ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​បាន​អនុវត្ត​ផ្ទុយ​ពី​មាត្រា​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង គឺ​តែងតែ​គំរាមកំហែង​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ នៅ​ពេល​ដែល​ពលរដ្ឋ​ប្រើ​សិទ្ធិ​បំពេញ​កាតព្វកិច្ច​ចំពោះ​សង្គម​ជាតិ​តាម​ច្បាប់​ជាធរមាន រួម​ទាំង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ផង​ដែរ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អភិបាល​ស្រុក​ស្រីសន្ធរ លោក ប៊ិន ឡាដា និង​លោក មិន វុទ្ធី សុំ​ការ​ពន្យល់​ពី​បញ្ហា​នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2026, . All rights reserved.